បឺណាដ ហប់ឃីនបានក្លាយទៅជាកីឡាករប្រដាល់វ័យចាស់បំផុតរបស់អាមេរិកបន្ទាប់ពីបានយកឈ្នះការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយកីឡាករកាណាដាហ្សង់ ប៉ាសស្កាល់កាលពីរាត្រីថ្ងៃសៅរ៍ត្រូវនឹងព្រឹកថ្ងៃអាទិត្យ ទី២២ ឧសភា នៅកម្ពុជា។
ជ័យជម្នះលើកនេះបានធ្វើឲ្យកីឡាករហប់ឃីនក្លាយជាអ្នកគ្រងខ្សែក្រវាត់ស្ថាប័នWBCប្រភេទទម្ងន់Light Heavyweightក្នុងវ័យ៤៦ឆ្នាំបន្ទាប់ពីកីឡាករហ្សរ៉ូច ហ្វ័រមែនដែលបានឈ្នះជើងឯកទម្ងន់ធ្ងន់ពិភពលោកលើកីឡាករម៉ៃឃើល មួរ័រក្នុងឆ្នាំ១៩៩៤ ។
ហប់ឃីនបាននិយាយថា៖«ខ្ញុំនឹងមិនចូលនិវត្តទេ គឺចាំរហូតដល់មានអាយុ៥០ឆ្នាំ»។
ក្រៅពីដណ្តើមបានខ្សែក្រវាត់ខាងលើ ហប់ឃីន(ឈ្នះ៥២ ចាញ់៥ស្មើ២)ក៏ទទួលបានខ្សែក្រវាត់IBOនិងខ្សែក្រវាត់ជើងឯកទស្សនាវដ្តីThe Ringពីកីឡាករប៉ាសស្កាល់(ឈ្នះ២៦លើក ចាញ់២ ស្មើ១) ទៀតផង។
សម្រាប់ប៉ាសស្កាល់នេះគឺជាការបរាជ័យលើកទី១ហើយនៅក្នុងការប្រកួតការពារខ្សែក្រវាត់របស់ខ្លួនចំនួន៥លើករាប់ទាំងលើកនេះនៅសង្វៀនប្រកួតBell Centreដែលមានអ្នកចូលទស្សនា១៧៥៦០នាក់។
កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំទៅមិញ នៅសង្វៀនក្រុងកេបិចស៊ីធីប្រទេសកាណាដាដដែល កីឡាករទាំងពីរនាក់បានជួបគ្នាម្តងរួចមកហើយដែលកាលនោះលទ្ធផលគឺស្មើគ្នា។ហប់ឃីនបានត្រឡប់មកអាមេរិកវិញដោយបាតដៃទទេ។
បន្ទាប់ពីទទួលបរាជ័យលើកនេះ កីឡាករវ័យ២៨ឆ្នាំប៉ាសស្កាល់បាននិយាយថា៖«រាប់ឃីន ់គឺជាជើងឯកដ៏អស្ចារ្យម្នាក់។ គាត់ការពារបានល្អ ហើយសម្បូរដោយល្បិច។ ខ្ញុំគឺជាជើងឯកវ័យក្មេងម្នាក់។ ការប្រកួត២លើកនេះពិតជាជួយខ្ញុំបានច្រើនណាស់។ ខ្ញុំរៀនបានច្រើនពីកីឡាករហប់ឃីន»។
លទ្ធផលពិន្ទុនៃការប្រកួតពេញ១២ទឹកគឺ១១៥ទល់១១៣ , ១១៦ទល់១១២និង១១៥ទល់១១៤ ។
ចំណែកលទ្ធផលនៃការប្រកួតមួយគូផ្សេងទៀតនៅលើសង្វៀនដដែលក្នុងរាត្រីនោះដែរ កីឡាករឆាដ ដសុនបានយកឈ្នះកីឡាករអេឌ្រាន ឌីយ៉ាកូនូដោយពិន្ទុជាឯកច្ទន្ធ។ លទ្ធផលពិន្ទុរបស់ចៅក្រម៣រូបមានដូចតទៅលោកខ្លូត ប៉ាកែតឲ្យ១១៧(ដសុន)ទល់១១១ (ឌីយ៉ាកូនូ) ខណៈលោកបេណ័រ រូសែល១១៨-១១០។ ចំណែកចៅក្រមទី៣គឺលោកជែក វូដបែនឲ្យពិន្ទុ១១៦-១១២ ។
ការប្រកួតបន្ទាប់កីឡាករដសុន(ប្រកួតឈ្នះ៣០លើក ចាញ់១) នឹងជួបជាមួយហប់ឃីន ៕
ចែករំលែកព័តមាននេះ