រាជធានីភ្នំពេញ ៖ នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃបាន ប្ដេជ្ញាចិត្តក្នុងការបន្តជាដៃគូ ជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ ទៅមុខទៀត ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ថ្លែងបែបនេះ នាឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូនកញ្ញា និងក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះដែរ កញ្ញាបណ្ឌិត ក៏បានលើកអំពីសមិទ្ធផលនានា ដែលអង្គការសម្រេចបាននៅកម្ពុជា ជាពិសេសជោគជ័យ ក្នុងការអនុវត្តគម្រោងផ្សេងៗ នាពេលកន្លងមក ។
ជាកិច្ចឆ្លើយតប ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងសហការី ព្រមទាំងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលក្នុងរយៈពេលជាង២០ឆ្នាំមកនេះ បានដើរតួនាទីយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារព្រៃឈើ អភិរក្សជីវៈចម្រុះ ការសង្គ្រោះថែទាំសត្វព្រៃ ព្រមទាំងការជួយជ្រោមជ្រែងដល់សហគមន៍មូលដ្ឋាន ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានសម្ដែងការប្ដេជ្ញាចិត្ត បន្តគាំទ្របេសកកម្មរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ព្រមទាំងផ្ដល់កិច្ចសហការសម្របសម្រួលបញ្ហានានា ក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ។
កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យកញ្ញា និងសហការីចូលជួបសម្ដែងការគួរសម ព្រមទាំងបានសម្ដែងការអបអរសាទរដែល ឯកឧត្ដមអភិសន្តិបណ្ឌិត ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕

ចែករំលែកព័តមាននេះ