បុណ្យគ្រីស្មឹស ឬណូអែល នឹងមកដល់នៅថ្ងៃទី២៥ ខែធ្នូ ខាងមុខនេះ។ យុវវ័យ និងយុវចាស់ខ្លះនាំគ្នាជ្រួលជ្រើមជប់លៀង ហូបចុក ប្តូរកាដូគ្នា ហើយមានខ្លះទៀតឈានបង្ហួសទៅសកម្មភាពដែលជ្រាលជ្រៅថែមទៀតនោះ គឺការរួ.មភេ.ទ។ សកម្មភាព និងទង្វើទាំងអស់នេះ កើតឡើងនៅក្នុងសង្គមខ្មែរ ខណៈពេលដែលពួកគេមិនទាំងដឹងច្បាស់ផងដែរថា តើបុណ្យគ្រីស្មឹសនេះមានន័យដូចម្តេច?

តាមពិត វាមានអត្ថន័យ និងខ្លឹមសាររបស់គេ មិនមែនថ្ងៃនោះ មានអត្ថន័យដូចដែលអ្នកខ្លះ គិតនោះទេ ។
នាថ្ងៃច័ន្ទ ទី២៥ ខែធ្នូនេះ តាមពិតទៅ គឺជាថ្ងៃពិសេសសម្រាប់អ្នកកាន់គ្រិស្តសាសនានានា នៅលើពិភពលោក ដោយរួមទាំងសហគមន៍គ្រិស្តសាសនិកនៅកម្ពុជា ។ តាមជំនឿ ថ្ងៃនោះគេហៅថា បុណ្យព្រះយេស៊ូប្រសូត។ ដូច្នេះ សូមកុំកាឡៃអត្ថន័យពិតប្រាកដនៃពិធីបុណ្យនេះផ្តេសផ្តាស នាំអោយសង្គមមានការយល់ច្រឡំខុស ។

នៅថ្ងៃនោះ មជ្ឈដ្ឋានទូទៅយល់ និងហៅថ្ងៃនោះថា បុណ្យគ្រីស្មឹស។
តាមជំនឿរបស់ក្រុមគ្រិស្តបរិស័ទ បានឲ្យដឹងថា គ្រិស្តបរិស័ទបានចាត់ទុកថ្ងៃនោះ ជាថ្ងៃបុណ្យ កំណើតព្រះយេស៊ូ ដើម្បីឲ្យគ្រិស្តបរិស័ទលើកតម្កើងព្រះជាមា្ចស់ យាងមករួមសាមគ្គីជាមួយ មនុស្សលោក ពោលគឺជាថ្ងៃអំណរសប្បាយ ប៉ុន្តែមិនមែនមានន័យផ្តេសផ្តាស តាមការបកស្រាយរបស់បុគ្គលមួយចំនួន ដែលយល់ច្រឡំ ឬក៏យកថ្ងៃនោះទៅបន្លំមកធ្វើជាថ្ងៃជួបជុំគ្នា ជប់លៀងបង្កបរិយាកាស ប្រាសចាកពីការពិតជាបន្តបន្ទាប់នោះឡើយ ។

តាមជំនឿ ក្រុមគ្រិស្តបរិស័ទ ក៏មានរៀបចំពិធីជប់លៀង ចែកអំណោយ និងប្តូរកាដូមែន ប៉ុន្តែអត្ថន័យពិតប្រាកដនៃពិធីជប់លៀងនោះ គឺជាពិធីអបអរកំណើតរបស់ព្រះយេស៊ូ ដែលគេជឿថា ជាបុត្រារបស់ព្រះគ្រិស្ត ចុះមកសង្គ្រោះមនុស្សជាតិ និងជួយលាងអំពើបាបរបស់មនុស្សជាតិ ។

គិតមកដល់សម័យនេះ តាមពិតទៅ គ្មាននរណាដឹងច្បាស់ថា ព្រះយេស៊ូប្រសូតនៅថ្ងៃណា ឲ្យពិតប្រាកដនៅឡើយទេ។ តែអ្នកដែលមានជំនឿលើសាសនានេះ បានសន្មត់យកថ្ងៃទី២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើបុណ្យរំលឹកថ្ងៃព្រះអង្គប្រសូត ព្រោះចាប់ពីថ្ងៃ២៥ ខែធ្នូ តទៅ ពេលថ្ងៃកាន់តែវែងឡើងបន្តិចម្តងៗ ឯពេលយប់ ក៏កាន់តែខ្លីបន្តិចម្តងៗទៅដែរ។

គ្រិស្តបរិស័ទ សន្មត់យកថ្ងៃទី២៥ ខែធ្នូ ដូច្នេះ ដោយមានបំណងចង់គោរពព្រះយេស៊ូ ទុកជាពន្លឺដ៏ពិតប្រាកដ ដែលបំភ្លឺមនុស្សលោក។ ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត គ្រិស្តបរិស័ទ មិនមែនគ្រាន់តែនាំគ្នាធ្វើបុណ្យរំលឹកព្រឹត្តិការណ៍ដែលកើតមានឡើងកាលពីអតីតកាលនោះទេ គឺគេនាំគ្នារិះគិតអំពីអត្ថន័យកំណើតរបស់ព្រះយេស៊ូនោះវិញ។ ព្រះយេស៊ូ ពិតជាមនុស្សធម្មតា ដែលស្គាល់សុខ ស្គាល់ទុក្ខ និងទទួលមរណភាពដូចមនុស្សយើងដែរ។ ប៉ុន្តែព្រះយេស៊ូក៏ពិត ជាព្រះគ្រិស្ត និងពិតជាព្រះបុត្រានៃព្រះជាម្ចាស់ដែរ។ ដោយព្រះគ្រិស្ត មានជីវភាពដូចមនុស្សយើងបេះបិទ ជីវភាពរបស់មនុស្សយើងក៏ទទួលអត្ថន័យថ្មី និងទទួលតម្លៃដ៏ថ្លៃថ្នូរបំផុត ។

ពួកគេជឿជាក់ថា ព្រះយេស៊ូដែលកើតមកជាមនុស្ស គឺដើម្បីបង្ហាញសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក ហើយគេក៏មានជំនឿជឿថា ព្រះយេស៊ូយាងមកនាំផ្លូវមនុស្សលោកឆ្ពោះទៅកាន់ព្រះគ្រិស្ត។ ព្រះយេស៊ូ យាងមកសម្រុះសម្រួលមនុស្សលោកឈ្លោះគ្នា ហើយណែនាំមនុស្សគ្រប់ៗរូបឲ្យរិះគិតអំពីកិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មើភាព ។

នេះគឺជាការគិតរបស់ក្រុមអ្នកមានជំនឿលើគ្រិស្តសាសនា ប៉ុន្តែពលរដ្ឋយើងមួយចំនួនធំ មិនដូច្នេះឡើយ ដោយមិនត្រឹមតែចាត់ទុកថ្ងៃនោះ គឺជាថ្ងៃជួបជុំផឹកស៊ីសប្បាយនោះទេ អ្នកខ្លះទៀតមានរហូតដល់ចាត់ទុកថ្ងៃនោះ ជាថ្ងៃកេងចំណេញ និងបៀ.តបៀ.ននារីមួយចំនួនផងដែរ តាមរយៈសកម្មភាពសប្បាយៗប្លែកៗ និងល្បួងលួងចិត្តតាមរយៈកាដូ ឬក៏ការជប់លៀងសប្បាយនេះ។ គេបង្កើតបរិយាកាសដែលមិនសមប្រកបនាំអោយប៉ះពាល់ និងបង្កការយល់ច្រឡំ ខុសពីអត្ថន័យពិតប្រាកដនៃថ្ងៃនេះ។

ដូច្នេះសូមលើកកម្ពស់ ការយល់ដឹង និងចូលរួមអំណរសប្បាយ តាមបែបសមរម្យ ត្រឹមត្រូវ និងថ្លៃថ្នូរ ។ សប្បាយចុះ រីករាយចុះ ហើយគេក៏មិនប្រកាន់ដែរ ហើយនៅលើពិភពលោកក៏គេរៀបចំបែបនេះដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាយើងគួរតែយល់ គួរតែដឹង ហើយក៏គួរតែប្រុងប្រយ័ត្ន ដើម្បីចៀសវាងបញ្ហាចំពោះអនាគត ។
អត្ថបទដោយ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ