ខេត្តតាកែវ ៖ ក្រោយពីកាសែតកោះសន្តិភាពចេញផ្សាយករណីក្រុមមន្ត្រីច្រកទ្វារតំបន់បាក់ដៃជាន់.កឈ្មួញ លៀ.នអណ្ដាតរាស្ត្រខ្មែររួចមក ស្រាប់តែលោក ព្រំ ប៊ុនថន ប្រធានច្រកទ្វារតំបន់បាក់ដៃ ប្រតិកម្មដាក់អ្នករកស៊ីពាក់ព័ន្ធនៅតំបន់ខាងលើថា «ឱ្យប្រយ័ត្ន ប្រយ័ត្នលែងបានរកស៊ីនៅទីនេះទៀត»។ ខណៈលោក នាង សុខុម ប្រធានការិយាល័យគយ និងរដ្ឋករ ព្រមទាំងលោក លឹម ឡេង ទាហានការពារព្រំដែន នៅរក្សាភាពស្ងៀមស្ងាត់។

យោងតាមប្រភពបានប្រាប់អោយដឹងថា លោក ព្រំ ប៊ុនថន ប្រធានច្រកទ្វារខាងលើ គឺបានប្រើអំណាចគំរា.មដល់អ្នករកស៊ីគ្រប់ប្រភេទ គឺដោយសារតែលោកក្រពុលមុខនឹងការបែកធ្លាយសំឡេងពុ.ករលួ.យរឿងយកលុយទូកដឹកស្រូវ ដែលឈ្មួញជនជាតិវៀតណាមចូលមកទិញស្រូវពលរដ្ឋខ្មែរ ក្នុងស្រុកអង្គរបុរី។
លោក ព្រំ ប៊ុនថន ប្រធានច្រកទ្វារតំបន់បាក់ដៃគួររំលឹកថា រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋ ជាពិសេសកសិករខ្មែរដែលកំពុងផលិតដំណាំស្រូវអោយមានតម្លៃនៅលើទីផ្សារ ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែបែរជាអស់លោកមន្ត្រីគ្រាក់ៗនៅតំបន់ច្រកទ្វារបាក់ដៃ ស្រុកអង្គរបុរី ខេត្តតាកែវ ជាន់.កឈ្មួញ ដកស្លាបរាស្ត្រទៅវិញ។

យោងតាមប្រជាពលរដ្ឋបានប្រាប់អោយកោះសន្តិភាពដឹងថា «ឈ្មួញវៀតណាមបាននាំគ្នាចូលមកទិញស្រូវពលរដ្ឋខ្មែរ នៅស្រុកអង្គរបុរី ខេត្តតាកែវ ហើយដឹកស្រូវតាមទូកឆ្លងកាត់ច្រកទ្វារតំបន់បាក់ដៃ ក៏ស្រាប់តែត្រូវក្រុមមន្ត្រីគ្រាក់ៗដែលមានតួនាទីប្រចាំការនៅទីនោះ ទារលុយក្នុង១ទូក តម្លៃចាប់ពី៣០ម៉ឺនរៀល រហូតដល់៥០ម៉ឺនរៀលឯណោះ ក្នុង១ទូកៗ»។
ពលរដ្ឋបានបង្ហើបអោយដឹងទៀតថា «លោក នាង សុខុម ប្រធានការិយាល័យគយ និងរដ្ឋករច្រកទ្វារបាក់ដៃ ក្នុង១ទូកតម្លៃចាប់ពី១០ម៉ឺនឡើងទៅ គឺសុំថ្លៃបាយ។ ចំណែកលោក ព្រំ ប៊ុនថន ប្រធានច្រកទ្វារបាក់ដៃ ក្នុងស្រូវ១ទូក គឺត្រូវបង់លុយចាប់ពី៣០ម៉ឺន រហូតដល់៥០ម៉ឺនរៀល បើមិនបង់លុយអោយ គឺមិនអោយក្រុមឈ្មួញចូលទិញស្រូវរបស់ពលរដ្ឋខ្មែរនោះទេ។ នៅមិនទាន់អស់ទេ គឺមានលោក លឹម ឡេង ជាទាហានការពារព្រំដែនគោកវរៈ៣០១ មានតួនាទីជាប្រធានគប្រចាំការនៅតំបន់ច្រកទ្វារបាក់ដៃ ក៏សម្បើមដៃទារលុយស្មើនឹងលោក ព្រំ ប៊ុនថនដែរ បើមិនអោយ គឺចាប់ទូកដឹកស្រូវទុក ហើយមិនខ្វល់រឿងពលរដ្ឋតវ៉ានោះទេ ដោយគំរា.មថា បើពលរដ្ឋហ៊ានតែចេញតវ៉ា គឺចាប់ដាក់ពន្ធនាគារម្ដងមួយៗ»។
លោក លឹម ឡេង ទាហានការពារព្រំដែន ពាក់ព័ន្ធករណីខាងលើ កោះសន្តិភាពមិនអាចសុំបំភ្លឺពីលោក នាង សុខុម ប្រធានច្រកទ្វារតំបន់បាក់ដៃបានទេ ដោយសារគ្មានលេខទូរស័ព្ទ ។
ចំណែកលោក ព្រំ ប៊ុនថន ប្រធានច្រកទ្វារតំបន់បាក់ដៃ ត្រូវបានពលរដ្ឋផ្ញើជាសំឡេងមកកាន់កោះសន្តិភាពរួចហើយ តែកោះសន្តិភាពនឹងចាក់សារសំឡេងជាសាធារណៈនៅពេលក្រោយទៀត។ រីឯលោក លឹម ឡេងវិញ ក៏មានសារសំឡេងគំរា.មយកលុយដូចលោក ព្រំ ប៊ុនថនដែរ ហើយសារសំឡេងអ្នកទាំង២ខាងលើ កោះសន្តិភាពនឹងចាក់ផ្សាយ ដើម្បីអោយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ រួមទាំងពលរដ្ឋដឹងឮជាសាធារណៈ។

កោះសន្តិភាពក៏ទទួលបានព័ត៌មានពីក្រុមឈ្មួញដែលជាជនជាតិវៀតណាមផងដែរ គឺពួកគាត់និយាយថា «ចំពោះក្រុមមន្ត្រីខាងលើនេះ ចង់បានប៉ុន្មានក៏ពួកគាត់អោយដែរ ប៉ុន្តែពួកគាត់ទិញស្រូវបងប្អូនប្រជាពលរដ្ឋខ្មែរ គឺក្នុងតម្លៃថោក (នេះហើយដែលគេហៅថា ជាន់.កឈ្មួញលៀ.នអណ្តាតរាស្ត្រ)»។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ កាសែតកោះសន្តិភាព នៅមិនទាន់សុំការបំភ្លឺពីថ្នាក់ដឹកនាំខេត្តតាកែវ បាននៅឡើយទេ។ ហើយកាសែតកោះសន្តិភាព រង់ចាំការឆ្លើយតបពីអ្នកនាំពាក្យរបស់សាលាខេត្តតាកែវ មុននឹងផ្សាយបន្តទៀត។
គួររំលឹកថា ៖ ក្រុមមន្ត្រីតំបន់ច្រកទ្វារបាក់ដៃ កំពុងតែជាន់.កឈ្មួញ ។
ព័ត៌មានពិស្ដារនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព។
ចែករំលែកព័តមាននេះ