កីឡាករកាឡូស តេវេស អាចផ្លាស់ចេញពី Man City
កាឡូស តេវេស ប្រធានក្រុមក្លឹប Man City បង្ហើបឱ្យដឹងថា ចាប់ពីពេលនេះគេសុំគិតពីអនាគតនៅ មុនពេលសម្រេចចិត្តថា នឹងលេងបន្ត ឬផ្លាស់ចេញពីក្លឹប Man City ។ នេះតាមរយៈការបង្ហើបឱ្យដឹងរបស់ទីភ្នាក់ងារព័ត៌មានអេលម៉ុនដូ ។
កីឡាករតេវេសបានបង្ហើបឱ្យដឹងពីអនាគតរបស់ខ្លួនថា «ជារឿងពិបាកដែលត្រូវឃ្លាតពីកូនស្រី ខ្ញុំនឹងពិគ្រោះពីរឿងដ៏ល្អពីអនាគតរបស់ខ្លួន។ ជារឿងដ៏ប្រាកដមួយប្រសិនបើខ្ញុំស្ថិតក្នុងក្លឹបបន្តប្រហែលត្រូវគិតរឿងច្រើន និងជារឿងពិបាកប្រសិនរឿងនេះក្លាយជាការពិត»។
ចំណែកលោករ៉ូប៊ែតូ ម៉ាន់ស៊ីនី គ្រូបង្វឹកជនជាតិអ៊ីតាលីថ្លែងពីកីឡាករតេវេសថា ជារឿងប្រាកដមួយតេវេសនៅមានកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយយើង ហើយគេមិនត្រូវផ្លាស់ចេញ។
Man Utd មិនទាន់ប្រាកដថា កីឡាករផូលស្កូល អាចចូលនិវត្តន៍ក្រោយពីចប់រដូវកាល
លោកដេវីដ ហ្គីល ប្រធានក្លឹប Man Utd បានបង្ហើបឱ្យដឹងពីអនាគតរបស់កីឡាករផូលស្កូល នឹងពិភាក្សាគ្នាក្រោយពីចប់រដូវកាល ប៉ុន្តែទទួលស្គាល់ថា នឹងគ្មានរឿងចំលែកប្រសិនបើកីឡាករសំរេចចិត្តចូលនិវត្តន៍។
អនាគតរបស់ខ្សែបំរើអាយុ៣៦ឆ្នាំនៅមិនទាន់មានភាពជាក់លាក់ ទោះបីជាលោកហ្វើគូសុន គ្រូបង្វឹក Man Utd ត្រៀមបន្តកិច្ចសន្យារយៈពេល១ឆ្នាំទៀតដូចគ្នានឹងករណីរបស់កីឡាកររ៉ៃអាន់ហ្គិក ប៉ុន្តែកីឡាករផូល ស្កូល ដែលបានចូលលេងជាកីឡាករជម្រើសដំបូងចំនួន២២លើកក្នុងរដូវកាលនេះនៅមិនទាន់បញ្ជាក់ពីអនាគតរបស់ខ្លួនឱ្យច្បាស់លាស់ទេ។
លោកដេវីដ ហ្គីល ប្រធានក្លឹប Man Utd បង្ហើបឱ្យដឹងតាម BBC ដោយទទួលស្គាល់ថា កីឡាករស្កូលអាចដើរតាមគន្លងរបស់លោកហ្គារីណេវីល ខ្សែការពារដែលសំរេចចិត្តចូលនិវត្តន៍។
ក្លឹប Bayern Munich មានគំរោងដាក់សំណើ២១លានអឺរ៉ូដល់ក្លឹប Schalke ដើម្បីទិញកីឡាករម៉ានូអេល ណូយអ័រ
Bayern Munich ជាក្លឹបស្ថិតនៅលំដាប់ទី១នឹងទទួលបានកីឡាករអ្នកចាំទីក្រុមជម្រើសជាតិអាល្លឺម៉ង់ទៅលេងឱ្យក្លឹប ប៉ុន្តែការចរចានៅមិនទាន់មានលក្ខណៈប្រាកដប្រជា ព្រោះក្លឹប Schalke មានការមិនពេញចិត្តចំពោះសំណើលើកដំបូង១៨លានអឺរ៉ូ ទោះបីជាកិច្ចសន្យារបស់អ្នកចាំទីអាយុ២៥ឆ្នាំនៅសល់កិច្ចសន្យារយៈពេល១ឆ្នាំក៏ដោយ។
សំរាប់ប្រភពចុងក្រោយនៅក្នុងប្រទេសអាល្លឺម៉ង់ផ្សាយថា ក្លឹប Bayern Munich យល់ព្រមដាក់សំណើថ្មីចំនួន២១លានអឺរ៉ូដោយសំណើចុងក្រោយនេះបានទទួលនូវការត្រេកអរពីសំណាក់អ្នកដឹកនាំក្លឹប Schalke ដោយពួកគេបានបញ្ជាក់ប្រាប់កាសែតប៊ីលរបស់អាល្លឺម៉ង់ថា ការចរចាអាចដំណើរការគួរឱ្យពេញចិត្ត។
ក្លឹប Real M ចុះកុងត្រាទិញកីឡាករ Altintop ពីក្លឹប Bayern
យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃសៅរ៍ ទី២១ ឧសភា បានឱ្យដឹងថា ក្លឹប Real M បានចុះកុងត្រារយៈពេល៤ឆ្នាំទិញកីឡាករខ្សែបម្រើសញ្ជាតិតួកគី ពីក្លឹប Bayern របស់អាល្លឺម៉ង់។
កីឡាករ Altintop នឹងចូលរួមជាមួយមិត្តរួមជាតិរបស់លោក គឺកីឡាករ Nuri Sahin នៅក្នុងក្លឹប Real M នារដូវកាលថ្មីខាងមុខនេះ។
លោក Karanka ជំនួយការគ្រូបង្វឹកក្លឹប Real M បាននិយាយនៅក្នុងគេហទំព័រថា កីឡាករវ័យ២៨រូបនេះ គឺជាកីឡាករមួយរូបដែលមានទេពកោសល្យខ្ពស់ត្រូវទៅតាមកម្រិតស្តង់ដាអន្តរជាតិ លើសពីនេះទៀតគេជាកីឡាករដែលចេញមកពីក្លឹបល្បី Bayern។
លោកបានបន្តទៀតថា Altintop គឺជាកីឡាករឆ្នើមមួយរូបដែលអាចជួយឱ្យមិត្តរួមក្រុមទាំងអស់មានកម្លាំងចិត្ត ហើយនេះគឺជាប្រភេទកីឡាករដែលយើងចង់បាន។ ទោះជាយ៉ាងណាក្តី លោកមិនបានបង្ហើបឱ្យដឹងពីតម្លៃខ្លួនរបស់កីឡាកររូបនេះឡើយ។
គួររំលឹកដែរថា កីឡាករ Altintop បានចូលមកលេងឱ្យក្លឹប Bayern តាំងពីឆ្នាំ២០០៧ ប៉ុន្តែបញ្ហារបួសបានធ្វើឱ្យលោកបង្ហាញវត្តមានត្រឹមតែ៦៣ប្រកួត ដោយស៊ុតបាល់បញ្ចូលទីបាន៧គ្រាប់ក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។ ចំណែកឯអាជីពក្នុងក្រុមជម្រើសជាតិវិញ លោកបានចូលប្រឡូកតាំងពីឆ្នាំ២០០៤ ហើយធ្លាប់បានបង្ហាញវត្តមានចំនួន៥៥ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន៦គ្រាប់ ។
តំណាងផ្ទាល់កីឡាករអាល់ប៊ែតូ អាគ្វីឡានី ស្នើឱ្យក្លឹប Liverpool បញ្ចុះតម្លៃខ្លួនផ្តល់ឱកាសដល់កីឡាករផ្លាស់ទៅលេងឱ្យក្លឹប Juventus
តំណាងផ្ទាល់កីឡាករអាល់ប៊ូតូ អាគ្វីឡានី ស្នើសុំឱ្យLiverpool យល់ព្រមបញ្ចុះតម្លៃខ្លួនផ្តល់ឱកាសដល់កីឡាកររបស់ខ្លួនបានផ្លាស់ទៅលេងឱ្យក្លឹប Juventus ។ Juventus បានខ្ចីកីឡាករអាគ្វីឡានីទៅប្រើប្រាស់រហូតបញ្ចប់រដូវកាល២០១០-២០១១ និងតាមរយៈទម្រង់ការលេងល្អរបស់ខ្សែបំរើក្រុមជម្រើសជាតិអីុតាលីបានធ្វើឱ្យអ្នកដឹកនាំក្លឹប Juventus ត្រូវការរក្សាទុកលេងឱ្យក្លឹបបន្តទៀត ប៉ុន្តែទាស់ត្រង់ថា Liverpool ជាក្លឹបចាស់របស់កីឡាករត្រូវការតម្លៃខ្លួនដល់ទៅ១៦លានអឺរ៉ូ។ បញ្ហានេះធ្វើឱ្យលោកហ្វ្រាំងកូ សាវ៉ាក្លៀ តំណាងផ្ទាល់របស់កីឡាករបានបញ្ចុះបញ្ចូលក្លឹប Liverpool ថា Juventus ត្រូវការចុះហត្ថលេខាកិច្ចសន្យាជាមួយកីឡាករអាគ្វីឡានី ជាអចិន្ត្រៃយ៍ ប៉ុន្តែពួកគេចង់ឱ្យ Liverpoolបញ្ចុះតម្លៃខ្លួនរបស់កីឡាករ ៕
ចែករំលែកព័តមាននេះ