រាជធានីភ្នំពេញ ៖ កញ្ញា ផុន ផល្លា ជានិស្សិតឆ្នាំទី ៤ ផ្នែកអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅថ្ងៃអង្គារទី ៥ ខែធ្នូនេះ បានអំពាវនាវដល់សិស្សាជាស្ត្រីឱ្យមកចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសព្រោះជាជំនាញដែលកំពុងមានទីផ្សារនិងតម្រូវការខ្ពស់ពីបណ្តាក្រុមហ៊ុនរោងចក្រដែលជាឱកាសពេញនិយម ។

និស្សិតជំនាញអគ្គិសនីរូបនេះ បានអំពាវនាវថា ៖ «សូមលើកទឹកចិត្តដល់យុវនារីដោយកុំឱ្យគិតថាមនុស្សស្រីរៀនបច្ចេកទេសនេះមានការលំបាក ឬរៀនចប់ហើយអត់មានការងារធ្វើ ព្រោះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស ហើយបច្ចុប្បន្ននេះទីផ្សារការងារទាំងក្នុង និងក្រៅស្រុកក៏មានតម្រូវការជំនាញបច្ចេកទេសខ្លាំងផងដែរ» ។

ទន្ទឹមនឹងនេះ និស្សិត តេង ពណ្ណរិទ្ធិ និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ (PPI) ក៏បានអំពាវនាវយុវជន និងយុវសិស្សវិទ្យាល័យឱ្យងាកមកសិក្សាជំនាញបច្ចេកទេសផងដែរ។ សម្រាប់និស្សិតរូបនេះ ជំនាញបច្ចេកទេសទីផ្សារកំពុងមានតម្រូវការខ្ពស់ ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជាអាទិភាពគន្លឹះក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីប្រែក្លាយកម្ពុជាពីប្រទេសអតិពលកម្មទៅជាប្រទេសដែលប្រើប្រាស់កម្លាំងពលកម្មជំនាញ ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ បានដាក់ចេញនូវកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១ លាន ៥ សែននាក់ ដោយរៀនជំនាញមិនបង់ប្រាក់និងទទួលបានប្រាកឧបត្ថម្ភប្រចាំខែទៀតផង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ