ខេត្តបាត់ដំបង ៖ ក្រោយការស៊ើបអង្កេតជាច្រើនម៉ោង ត្រូវបានបញ្ចប់និងគ្រប់គ្រងបាននូវមុខសញ្ញាជនសង្ស័យ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលថ្ងៃទី០៤ ធ្នូ ខណៈជននេះកំពុងសំងំនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើអ្នកបូមទឹកដាក់ស្រែកាលពីបួនថ្ងៃមុននេះ ។ សូមរំលឹកថា៖

តាមរយៈរបាយការណ៍អធិការស្រុកបាណន់ លោក សំ វីរៈ បានប្រាប់ថា ជនសង្ស័យដែលត្រូវឃាក់ខ្លួនឈ្មោះ ឌឿន ចន្ត្រា ហៅត្រា អាយុ៤០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ ។ ជននេះ ត្រូវបានកម្លាំងជំនាញអធិការស្រុកបាណន់ និងកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បង្ក្រាបបាន ក្រោយធ្វើការស្រាវជ្រាវអស់រយៈពេលជាច្រើនម៉ោង ។

លោកអធិការបាននិយាយថា ក្រោយត្រូវឃាត់ខ្លួនជនសង្ស័យរូបនេះ បានសារភាពទទូលស្គាល់កំហុសរបស់ខ្លួនដែលបានវាយ និងកាប់សម្លាប់ជនរងគ្រោះ ហើយមន្ត្រីជំនាញក៏បានរកឃើញវត្ថុតាង ដែលជនដៃដល់វាយជនរងគ្រោះ ។ លោក វ៉ាន់ តារា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដែលដឹកនាំកម្លាំងជំនាញចុះស្រាវជ្រាវលើករណីឃាតកម្មនេះបាននិយាយថា មូលហេតុដែលមន្ត្រីជំនាញដាក់ការសង្ស័យទៅលើឈ្មោះឌឿន ចន្ត្រា ហៅត្រា ដោយសារតែជននេះធ្វើស្រែក្បែរគ្នាជាមួយជនរងគ្រោះ និងធ្លាប់មានប្រវត្តិទំនាស់ជាមួយគ្នារឿងធ្វើស្រែ ទើបមន្ត្រីជំនាញសុំយោបល់ថ្នាក់លើ ដើម្បីនាំខ្លួនជននេះ មកសាកសួរនៅអធិការនគរបាលស្រុកបាណន់ ។

លោកបានបញ្ជាក់ថា ក្រោយធ្វើការសាកសួរ និងបង្ហាញវត្ថុតាងខ្លះៗផង ទើបជនសង្ស័យរូបនេះបានសារភាពទទូលស្គាល់ថា «ខ្លួនពិតជាបានវាយនិងកាប់សម្លាប់ជនរងគ្រោះមែន»។ បើតាមសាវតានៃសំណុំរឿងឃាតកម្មនេះ កាលពីព្រឹកថ្ងៃទី ០៣ ធ្នូ សាកសពបុរសម្នាក់ឈ្មោះ សួន ហ៊ីង ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិឆាយរំពាត់ ឃុំកន្ទឺ២ ស្រុកបាណន់ ។ សាកសពជនរងគ្រោះ ត្រូវគេពិនិត្យឃើញមានស្នាមរបួសធ្ងន់ធ្ងរជាច្រើនកន្លែងនៅលើក្បាល ។

ក្រោយពេលពិនិត្យ សមត្ថកិច្ចជំនាញបានវាតំលៃជំហានដំបូងថា ជនរងគ្រោះអាចត្រូវឃាតកកាប់សម្លាប់នៅក្នុងស្រែ ។ ប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា ប្ដីរបស់គាត់បានចេញពីផ្ទះនៅម៉ោងជាង០៨យប់ថ្ងៃទី៣០ វិច្ឆិកា ដោយប្រាប់គាត់ថា «ទៅបូមទឹកដាក់ស្រែ» ហើយក៏បានដំណឹងរហូត ។ គាត់និយាយថា ក្រោយបាត់ដំណឹងប្ដី ដើររកគ្រប់ទីកន្លែងមកឃើញ ទើបទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានឲ្យជួយស្វែងរក ។

លុះនៅព្រឹកថ្ងៃទី០៣ ធ្នូ ទើបរកឃើញប្ដីរបស់គាត់ ដេកស្លាប់ក្បែរគុម្ពោធព្រៃ ចម្ងាយពីកន្លែងបូមទឹកដាក់ស្រែប្រមាណ៤០០ម៉ែត្រដែលមានក្លិនស្អុយទៅហើយ ។ ស្ដាប់ចម្លើយជនសង្ស័យឈ្មោះ ឌឿន ចន្ត្រា ហៅត្រា ដែលបានសារភាពនៅចំពោះមុខសមត្ថកិច្ចថា មូលហេតុដែលខ្លួនសម្លាប់ជនរងគ្រោះ គឺដោយសារតែខ្លួនខឹងនឹងជនរងគ្រោះ តែងតែលួចឆក់ត្រីក្នុងស្រះ និងក្នុងស្រែរបស់ខ្លួន លួចបូមទឹកពីក្នុងស្រែខ្លួន ដាក់ស្រែខ្លួនឯង (ស្រែជនរងគ្រោះ) និងរាយការណ៍ប្រាប់ពលរដ្ឋថា ខ្លួនលេងគោឲ្យស៊ីស្រូវអ្នកភូមិ។

ជននេះបានសារភាពទៀតថា នៅយប់កើតហេតុ ខ្លួនបានឃើញជនរងគ្រោះដើរកាត់មុខផ្ទះខ្លួន។ ឃើញដូច្នេះ ខ្លួនក៏ដើរចេញទៅតាម ដោយសៀតពូថៅតាមខ្លួនផង ។ ពេលដល់ស្រែកន្លែងបូមទឹក ក៏ផ្ទុះជម្លោះជាមួយគ្នាយ៉ាងក្ដៅគគុក ពីរឿងលួចបូមទឹកដាក់ស្រែ និងរឿងលួចឆក់ត្រី ។ ឈ្មោះ ឌឿន ចន្ត្រា ហៅត្រា បានប្រាប់សមត្ថកិច្ចថា ដោយខឹងខ្លាំងពេក ខ្លួនក៏ទាញដំបងវាយជនរងគ្រោះដួលសន្លប់រួចដកពូថៅពីចង្កេះកាប់ក្បាលថែមទៀតរហូតដល់ស្លាប់ ខ្លួនក៏លីសពជនរងគ្រោះទៅបោះចោលក្បែរគុម្ពោធព្រៃឆ្ងាយពីកន្លែងកើតហេតុប្រហែល៤០០ម៉ែត្រហើយខ្លួនក៏ដើរទៅផ្ទះ ។

លោក វ៉ាន់ តារា នាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួន មន្ត្រីជំនាញបានរកឃើញវត្ថុតាងមួយចំនួននៅកន្លែងកើតហេតុ «មានដំបង រីឯខោជើងវែងប្រឡាក់ឈាមរកឃើញនៅចំការល្ហុងក្រោយផ្ទះ ហើយពិលនិងពូថៅរកឃើញនៅក្នុងផ្ទះជនសង្ស័យ»។ ពេលនេះមន្ត្រីជំនាញសួរនាំ ដើម្បីចាត់វិធានការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ