ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា ស្នើ​មិត្ត​ចិន នឹង​សង្គម​​ស៊ី​វិលចិន ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន និងតាម​តំបន់​ជនបទ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ស្នើ​ដល់​មិត្ត​ចិន ជា​ពិសេស​អង្គការ​សង្គម​ស៊ី​វិល​ចិន នៅ​ខេត្ត​ក្វា​ង​ស៊ី សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ នៃ​សង្គម​ស៊ី​វិល​ទាំង​ពីរ…

រាជធានី​ភ្នំពេញ ៖ ប្រធានរដ្ឋសភា​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ស្នើ​ដល់​មិត្ត​ចិន ជា​ពិសេស​អង្គការ​សង្គម​ស៊ី​វិល​ចិន នៅ​ខេត្ត​ក្វា​ង​ស៊ី សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ នៃ​សង្គម​ស៊ី​វិល​ទាំង​ពីរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន និង​នៅ​តាម​តំបន់​ជនបទ​នៅ​កម្ពុជា សំដៅ​លើកកម្ពស់​ជីវភាព និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ក្របខ័ណ្ឌ នៃ​សហគមន៍​ជោគវាសនា​តែ​មួយ ។

ការ​ស្នើ​សុំ​នេះ​ខណៈ​ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ប្រធានរដ្ឋសភា​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​គណៈកម្មាធិការ​កណ្តាល​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំ​ដោយ ឯកឧត្តម FANG Chunming អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចូល​ជួប​សម្តែង​ការ​គួរសម នៅ​វិមាន​រដ្ឋសភា នា​រសៀល​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ ២០២៣ ។

នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​នេះ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ ក៏​ដូច​ជា​ការ​ផ្លាស់​ប្តូរ​ទស្សនៈ ទៅ​វិញ​ទៅ​មក នៃ​សភា​ប្រជាជន​ចិន ក៏​ដូច​ជា​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី និង​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ជា​សក្ខីភាព​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថែម​ទៀត អំពី​សារៈសំខាន់ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំង​ពីរ ដែល​មហាមិត្ត​ចិន ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជា​មិត្ត​ដែកថែប​របស់​កម្ពុជា ។

ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​ថ្លែង​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិ​ផល​ដ៏​ធំធេង ដែល​រដ្ឋាភិបាល និង​ប្រជាជន​ចិន​សម្រេច​បាន​ក្នុង​ការ​កសាង និង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ឆ្ពោះទៅ​រក​វឌ្ឍនភាព​រុងរឿង​យ៉ាង​ឆាប់រហ័ស ។

ឯកឧត្តម FANG Chunming អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋសភា​កម្ពុជា​ដែល​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​គណៈប្រតិភូ​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី​នា​ពេល​នេះ និង​ថា ចិន​និង​កម្ពុជា ជា​បងប្អូន​ដ៏​ល្អ និង​ជា​មិត្ត​ដែកថែប​។ កន្លង​មក​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ ចិន កម្ពុជា​បាន​ជំរុញ​លើកកម្ពស់​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ និង​ស៊ីជម្រៅ​ឈាន​ឡើង​មួយ​កម្រិត​ពី​មិត្តភាព​ដែកថែប ទៅ​ជា​មិត្តភាព​ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ និង​យល់ចិត្ត​ថ្លើម​គ្នា ដោយ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន បាន​ប្តេជ្ញា​ខិតខំ​រួម​គ្នា​ក្នុង​ការ​ជំរុញ​ការ​កសាង​សហគមន៍​ជោគវាសនា​តែ​មួយ ។

ឯកឧត្តម FANG Chunming ក៏​បាន​មាន​ប្រសាសន៍​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​ពាណិជ្ជកម្ម រវាង​ចិន និង​កម្ពុជា ដែល​មានការ​រី​ចម្រើន​ឡើងជា​លំដាប់ រួម​ទាំង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម វិស័យ​សុខាភិបាល រវាង​ចិន និង​កម្ពុជា ជា​ពិសេស​រវាង​កម្ពុជា ជាមួយ​ខេត្ត​ក្វា​ង​ស៊ី និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​ចិន កម្ពុជា ដែល​ផ្ដោត​លើ​វិស័យ​វប្បធម៌ និង​ការ​អប់រំ​ជាដើម ។

ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ប្រធានរដ្ឋសភា​ស្តីទី បាន​មាន​ប្រសាសន៍​ជម្រាប​ជូន​គណៈប្រតិភូ​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី បន្ថែម​ថា រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សភា​ប្រជាជន​ចិន​ទូ​ទាំង​ប្រទេស ក៏​ដូច​ជាមួយ​សភា​ប្រជាជន​ខេត្ត​ក្វា​ង​ស៊ី​ដោយ​ផ្ទាល់ ដើម្បី​បន្ត​ថែរក្សា និង​ជំរុញ​មិត្តភាព​ជា​ប្រពៃណី ដែល​ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន​ៗ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង និង​ស្ថិតស្ថេរ​យូរអង្វែង​តទៅ​ទៀត ។

ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប បាន​ស្នើ​ដល់​ខេត្ត​ក្វា​ង​ស៊ី​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​មួយ​សម្រាប់​គ្រប់គ្រង​ធនធានធម្មជាតិ ដើម្បី​ជំរុញ​ច្រករបៀង​មច្ឆា​និង​អង្ករ ពីព្រោះ​ខេត្ត​ក្វា​ង​ស៊ី​ជា​ខេត្ត​មួយ​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​យ៉ាង​ល្អ​សម្រាប់​ពាណិជ្ជកម្ម និង​ភស្តុ​ភា​កម្ម​ជាមួយ​អាស៊ី​អាគ្នេយ៍​។

ទន្ទឹម​នឹង​នេះ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ក៏​បាន​ស្នើ​ដល់​មិត្ត​ចិន ជា​ពិសេស​អង្គការ​សង្គម​ស៊ី​វិល​នៅ​ខេត្ត​ក្វា​ង​ស៊ី សូម​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៃ​សង្គម​ស៊ី​វិល​ទាំង​ពីរ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នៅ​ថ្នាក់​មូលដ្ឋាន​និង​នៅ​តាម​តំបន់​ជនបទ​នៅ​កម្ពុជា សំដៅ​លើកកម្ពស់​ជីវភាព​និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ ក្នុង​ក្របខ័ណ្ឌ​នៃ​សហគមន៍​ជោគវាសនា​តែ​មួយ ។

ជា​ចុងបញ្ចប់ ឯកឧត្តម FANG Chunming បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​នា​ពេល​នេះ ហើយ ឯកឧត្តម ក៏​បាន​សូម​គោរព​អញ្ជើញ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀ​ប ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន តាម​ពេលវេលា​សម​ស្រប​ណាមួយ នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ