រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ចំនួនពីរ បានអះអាងថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្ម នៅតាមឃុំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៧ ខែធ្នូ ខាងមុខនេះ នឹងធានានូវភាពយុត្តិធម៌ តម្លាភាព “អ្នកចេះ គឺជាប់” ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មានរួមគ្នា នៅរសៀលថ្ងៃទី៤ ខែធ្នូ នៅសាលាភូមិន្ទរដ្ឋបាល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលចុះជួយកសិករនៅឃុំចំនួន ២៥០ឃុំ ក្នុងចំនួន១៧ខេត្ត ។
ទាំងឯកឧត្តមលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា ការប្រឡងនេះ នឹងប្រព្រឹត្តទៅដោយតម្លាភាព យុត្តិភាព ជាពិសេសមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ ។
បើតាមរដ្ឋមន្ត្រីទាំងពីរ បានឲ្យដឹងថា ការប្រឡងនេះ មានបេក្ខជនចូលរួមប្រឡង ៣,៣២៩នាក់ ដែលមានលក្ខណៈសម្បត្តិពេញលេញ ក្នុងចំណោមបេក្ខជនចុះឈ្មោះប្រឡងជាង ១ម៉ឺននាក់ ។
ក្នុងនោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា តាមរយៈគោលនយោបាយ ទី៥ និងទី៦ ផ្ដោតលើការដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមឃុំ ដែលមានសកម្មភាពកសិកម្ម ក្រសួងបានកំណត់យកឃុំ ចំនួន ១,៥៥២។ ហេតុដូច្នេះ ទើបក្រសួងមានការប្រឡងជ្រើសរើសមន្ត្រីចំនួន ១,៦០០នាក់ ដោយដំណាក់កាលដំបូង រើសត្រឹម ២៥០នាក់ ដែលមានជំនាញច្បាស់លាស់ សម្រាប់ឃុំ ចំនួន ២៥០ឃុំ ។
រដ្ឋមន្ត្រីកសិកម្ម ក៏បានបញ្ជាក់មកកាន់ក្រុមអ្នកសារព័ត៌មានថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ ដើម្បីចង់បានមន្ត្រី ដែលមានសមត្ថភាព មានភាពឆ្លាតវៃ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈ។ ចក្ខុវិស័យរបស់ក្រសួងកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និរន្តភាពកសិកម្ម តុល្យភាពរបស់ការអភិវឌ្ឍ និងការអភិរក្ស ដែលមានលទ្ធភាពចូលរួមអភិវឌ្ឍន៍ជាតិ កសាងសហគមន៍ទំនើប ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង ។
ពាក់ព័ន្ធ នឹងការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានលើកឡើងថា អ្វីដែលជាចំណុចសំខាន់ គឺនីតិវិធី នៃការផ្សព្វផ្សាយ ដែលមានពេលវេលាគ្រប់គ្រាន់ ដើម្បីឱ្យសាធារណជនគ្រប់រូបដឹងឮ និងមានឱកាសឈានដល់ការចុះឈ្មោះ។ អ្វីដែលយើងខិតខំធ្វើនៅអាណត្តិទី៧នេះ គឺការរៀបចំប្រព័ន្ធមួយ ដើម្បីផ្ដល់ឱកាសឱ្យអ្នកដែលមានបំណងចូលរួមក្នុងការប្រឡងក្នុងវិស័យមុខងារសាធារណៈឱ្យមានឱកាសស្មើៗគ្នា ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីវិធានការគន្លឹះចំនួន៣ របស់រដ្ឋាភិបាលមកបញ្ជាក់ផងដែរថា វិធានការទាំងនោះ រួមមាន ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព។ លើសពីនេះ ការពង្រឹងសមត្ថភាព និងសម្មតិកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ និងវិជ្ជាជីវៈ។ បន្ថែមពីនេះ ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្ត គាំទ្រសម្មតិកម្ម ។
ក្នុងសន្នីសីទដដែល ឯកឧត្តម ឌិត ទីណា ក៏បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ «ចំណុចសំខាន់ នៃតម្លាភាព គឺការមានឱកាសចូលរួមស្មើៗគ្នា និងប្រព្រឹត្តទៅដោយយុត្តិធម៌។ ផ្នែកនៃយុត្តិធម៌ គឺការប្រឡងត្រូវបានរៀបចំដោយមានលក្ខណៈម៉ត់ចត់។ ដូចជា វិញ្ញាសាជាដើម មកដល់ពេលនេះ អត់ទាន់មានវិញ្ញាសាទេ វិញ្ញាសា គឺធ្វើភ្លាមចេញភ្លាមតែម្ដង មិនធ្វើទុកមុននោះទេ» ។
ចំណែក ឯកឧត្តម ហ៊ុន ម៉ានី វិញបានលើកឡើងច្បាស់ៗយ៉ាងដូច្នេះថា ៖ «សូមជឿជាក់ទៅលើសមត្ថភាព និងភាពទទួលខុសត្រូវរបស់យន្តការ ត្រូវដឹកនាំរៀបចំ នូវការប្រឡងនេះ ដោយធានាបានថា អ្នកចេះ គឺជាប់» ។
សូមជម្រាបថា បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ខាងមុខ ក្រសួងកសិកម្ម នឹងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ជ្រើសរើសចំនួន ៥៥០នាក់។ បេក្ខជន ដែលប្រឡងជាប់ នឹងទទួលបានប្រាក់បៀវត្សទាបបំផុតចំនួន ១លាន៤០ម៉ឺនរៀល ទៅតាមប្រភេទក្របខណ្ឌ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ចំនួន១៦ម៉ឺនរៀល រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត របស់មន្ត្រីរាជការស៊ីវិល ៕



ចែករំលែកព័តមាននេះ