ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វផ្សោត នៅទន្លេ​មេគង្គ កើនឡើង ដោយក្នុងនេះ សត្វផ្សោតកើតថ្មី ៨ក្បាល និង​ស្លា.ប់ ៥ក្បាល

4 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ៖​ លោក ម៉ុក ពន្លក នាយខណ្ឌ រដ្ឋបាលជលផល នៃ​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តក្រចេះ…

ខេត្តក្រចេះ៖​ លោក ម៉ុក ពន្លក នាយខណ្ឌ រដ្ឋបាលជលផល នៃ​មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ អភិរក្ស សត្វផ្សោត នៅខេត្តក្រចេះ បានឲ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ ចំនួនសត្វផ្សោត បានកើតថ្មីចំនួន ៨ក្បាល ខណៈការស្លាប់បាត់បង់​ជីវិតសត្វប្រភេទដ៏កម្រនេះ មាន​ចំនួន ៥ក្បាល។ បើប្រៀបធៀប ក្នុងឆ្នាំ២០២២ សត្វផ្សោត​បានស្លាប់ចំនួន រហូតដល់ ១១ក្បាល។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចា ប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង លោក ម៉ុក ពន្លក គូសបញ្ជាក់ឱ្យដឹងថា “បច្ចុប្បន្នអ្នកអភិរក្ស បានធ្វើការ​យាមកាមយ៉ាងយកចិត្តទុកដាក់ ដើម្បីការពារសត្វផ្សោត ២៤ម៉ោង លើ ២៤ម៉ោង សំដៅធ្វើយ៉ាងណា ការពារសត្វផ្សោត និងគ្រោះថ្នាក់ កើតចេញពីបញ្ហាអ្វីមួយឡើងដល់ពួកវា”។

លោក បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កន្លងមក សត្វផ្សោតបានស្លាប់ច្រើន រហូតដល់ ១១ក្បាល ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ដែលគិតរហូតមកដល់​ដើម ខែ​ធ្នូ សត្វផ្សោត ដែលបាត់បង់ជីវិតទាំង ខេត្តក្រចេះ និងស្ទឹងត្រែង មានចំនួន ៥ក្បាលប៉ុណ្ណោះ និងក្នុងនេះ បានកើតចំនួន ៨ក្បាល។ហេតុនេះ ឃើញថា ការអភិរក្សរបស់យើង មានភាពល្អប្រសើរឡើង។

ជាមួយគ្នានោះដែរ លោក​ពន្លក បានលើកឡើងថា សម្រាប់ឆ្មាំទន្លេ នៅខេត្តក្រចេះ មានចំនួនសរុប ៤៤នាក់ ក្នុងនេះ មាន ១១ប៉ុស្តសម្រាប់ប្រចាំការ និង ដោយឡែកនៅកាំពី មាន៣ប៉ុស្ត ដែលក្នុងចំណោមប៉ុស្តទាំងនេះគឺសហការការពារនិងបង្រ្កាប បទល្មើស។សម្រាប់ការងាររបស់ឆ្នាំទន្លេបច្ចុប្បន្នគឺការពារការឆក់ត្រីដែលបង្កគ្រោះថ្នាក់ដល់សត្វផ្សោត ការដាក់មងក្រឡាធំ តាមអន្លង់ និងដាក់សន្ទូចរនងដែលមានប្រវែង វែងៗរាប់សិបម៉ែត្រ អាចយាយីដល់ជីវិតសត្វផ្សោត។ សម្រាប់សត្វផ្សោតដែលស្លាប់ កន្លងមកមានជាប់មង ជាប់សន្ទូច។ក្នុងយន្តការបង្រ្កាបនេះដែរគេបានធ្វើកការដកហូត មងចាប់ពីដើមឆ្នាំ២០២៣ រហូតមកដល់ចុងខែធ្នូនេះ មានប្រវែងជិត ២ម៉ឺនម៉ែត្រ ឧបករណ៍ឆក់ ១២គ្រឿង ទូកម៉ាស៊ីន ៦គ្រឿង ហើយចាប់ឃាត់ខ្លួនជនល្មើស ឆក់ត្រីក្នុងតំបន់ហាមឃាត់ ទៅកាន់តុលាការ ចំនួន ២នាក់។

លោកបាន​ឲ្យដឹងទៀតថា សត្វផ្សោត បានធ្វើការទាក់ទាញលើវិស័យទេសចរណ៍ដ៏ខ្លាំងក្លា។ដូចជា នៅកាំពីខេត្តក្រចេះនេះ មានភ្ញៀវទេសចរ ចូលកម្សាន្តទាំងភ្ញៀ់វជាតិ និងអន្តរជាតិ​។

ក្រៅពីនេះ ពលរដ្ឋនៅតំបន់នេះ ក៏ទទួលបាននូវចំណូល តាមរយៈវិស័យទេសចរណ៍ ដែលធ្វើឱ្យជីវភាពល្អប្រសើរឡើង។ ចំណែកលោក នុត រិទ្ធិ អ្នកដឹកនាំអភិរក្សផ្សោតព្រែកកាំពី បានឱ្យដឹងថា សត្វផ្សោតនៅកាំពី មានចំនួនចន្លោះពី ៣៥ ដល់ ៤០ក្បាល។ រៀងរាល់ ១២នាទីម្តង សត្វទាំងនេះ តែងងើបមកលើទឹក ដើម្បីដកដង្ហើមម្តង។

ឱកាសនោះហើយ ដែលយើងអាចមើលឃើញរូបរាង និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃសត្វទាំងនេះ។ លោកបានបញ្ជាក់បន្ថែមថា សត្វផ្សោត នៅព្រែកកាំពី ត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង។នារដូវទឹកស្រក ពេលត្រីចុះមក អ្នកនេសាទត្រី ក៏ច្រើន ហេតុនេះ គេក៏ត្រូវការពារឱ្យហ្មត់ចត់ ចៀសវាងគ្រោះថ្នាក់ដល់សត្វដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានទាំងនេះ។

គួរបញ្ជាក់ថា អន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក​ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពី ជាអន្លង់មួយធំជាង​គេ ក្នុងចំណោម​អន្លង់ ទាំង ៥កន្លែង នៅក្នុង​ខេត្តក្រចេះ ដែលនៅទីនោះ មានផ្សោតប្រមាណជាង ៣៥-៤០ក្បាល​។ រមណីយដ្ឋានអន្លង់ផ្សោត​កាំពី ត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩៕ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ