រាជធានីភ្នំពេញ ៖ នាយករដ្ឋមន្ត្រីឡាវ និងសម្តេចប្រធានរដ្ឋសភាកម្ពុជា ប្តេជ្ញាជំរុញទំនាក់ទំនងប្រជាជន និងពាណិជ្ជកម្មប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ។
ការប្តេជ្ញានេះ ខណៈពេលសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក SONEXAY SIPHANDONE នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជួបពិភាក្សាទ្វេភាគី នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពេលដែលសម្តេចប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឡាវពីថ្ងៃទី២ ដល់ទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ ។
ក្នុងជំនួបភាគីទាំងពី បានប្តេជ្ញារួមគ្នាថា នឹងខិតខំផ្សារភ្ជាប់ទំនាក់ទំនងប្រជាជន នៃប្រទេសទាំងពីរឲ្យបានកាន់តែទូលំទូលាយ មានលក្ខណៈកាន់តែងាយស្រួល ដើម្បីចូលរួមលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ឱ្យកាន់តែមានកម្រិតខ្ពស់ឡើង ។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឡាវ ដែលបានគាំទ្រលទ្ធផល នៃការបោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ។ ហើយលទ្ធផល នៃការបោះឆ្នោត នីតិកាលទី៧នេះ ជាលទ្ធផលបោះឆ្នោតប្រវត្តិសាស្ត្រ ដែលមានពលរដ្ឋយ៉ាងច្រើនលើសលប់ បានចេញទៅបោះឆ្នោត និងបានគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យបន្តដឹកនាំប្រទេស ដែលលទ្ធផលនេះបានធ្វើជាមូលដ្ឋានដ៏រឹងមាំ អនុញ្ញាតឲ្យឥស្សរជនថ្នាក់ដឹកនាំជំនាន់មុន គឺសម្តេចតេជោ ហ៊ុន សែន ផ្ទេរអំណាចជូនឥស្សរជនជំនាន់ក្រោយ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលពោរពេញដោយសមត្ថភាព ថាមពល និងមានសីលធម៌ខ្ពស់ ធ្វើជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសជាបន្ត ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ បានពូនជ្រំ ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ នៅគ្រប់ជំនាន់ ហើយថ្មីៗនេះ បានឈានដល់កម្រិត ដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយគង់វង្សយូរអង្វែង ។
សម្តេចបានលើកឡើងបន្តថា ទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ មិនត្រឹមបង្កើតបាននូវសុខដុមរមនារវាងប្រជាជាតិ មានភូមិផងរបងជាប់គ្នានេះទេ តែបាននាំមកនូវវិបុលភាព ស្ថិរភាពសង្គម និងការពង្រឹងគោលការណ៍ពហុនិយមដល់តំបន់ និងសកលលោក ថែមទៀតផង ។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរមានការរីកចម្រើនគួរឲ្យកត់សម្គាល់ គឺពី១៦០លានដុល្លារ កាលពីឆ្នាំ២០២២ ឈានដល់២០៦លានដុល្លារ នៅត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៣នេះ។ ឡាវជាប្រទេស ដែលមានសក្កានុពលខាងថាមពលអគ្គិសនី ដែលកម្ពុជាក៏មានតម្រូវការថាមពលនេះច្រើនដែរ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ចំណែកលោក SONEXAY SIPHANDONE បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅក្នុងប្រទេសឡាវថា ពិតជាមានសារៈសំខាន់ នៅក្នុងការពូនជ្រំ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំស៊ីជម្រៅនៅលើគ្រប់វិស័យ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានគាំទ្រប្រសាសន៍ លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានគូសបញ្ជាក់ថា ក្នុងពេលបានជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅពេលអញ្ជើញទៅចូលរួមវេទិកានៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការបន្ត និងលើកកម្ពស់ពង្រឹងពង្រីកចំណងមិត្តភាពជាប្រពៃណីឱ្យកាន់តែសម្រេចបាននូវលទ្ធផលច្រើនឡើងថែមទៀត ដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរបន្ថែម ។
លោកបានគូសបញ្ជាក់ថា ៖ “ទោះបីប្រទេសឡាវបានកំពុងជួបបញ្ហាខ្លះៗ លើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តែរដ្ឋនិងបក្សឡាវ បានដាក់ចេញនូវកម្មវិធីមួយចំនួន ក្នុងការដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធភាព។ ឆ្នាំ២០២៤ខាងមុខ ជាឆ្នាំទេសចរណ៍របស់ប្រទេសឡាវ សង្ឃឹមថា មានអ្នកទេសចរបរទេសជាច្រើន នឹងចូលមកកម្សាន្តនៅឡាវ ចូលរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង” ៕


ចែករំលែកព័តមាននេះ