ខេត្តក្រចេះ ៖ រថយន្តធុនធំដឹកថ្មម៉ាប មិនប្រយ័ត្នធ្លាក់ថ្មនៅលើផ្លូវជាតិជាញឹកញាប់ ហើយក៏ជាករណីដដែលៗ ខណៈសមត្ថកិច្ចជំនាញលើដងផ្លូវ និងអាជ្ញាធរ នៅតែមានភាពធូររលុង ទើបហេតុការណ៍នោះនៅតែកើតមានដដែល។

ហើយខណៈពេលនេះដែរ ក៏មានថ្មម៉ាបមួយដុំធំ ទម្ងន់ប្រមាណជា៣០តោន បានធ្លាក់ចេញពីរថយន្តមួយគ្រឿង បណ្ដាលឱ្យត្រូវចំកូនក្មេងរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។ ហេតុការណ៍គ្រោះថ្នាក់បង្កឡើងដោយដុំថ្មម៉ាប់ធ្លាក់ចេញពីរថយន្ត ហើយត្រូវចំកូនក្មេងរូបនោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកាប៉ូមួយ ស្ថិតក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

បើតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា រថយន្តដែលបង្កគ្រោះថ្នាក់ខាងលើនោះ ម៉ាកវ៉េអង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3F-2307 ដែលសណ្តោងរ៉ឺម៉ក់ ពាក់ស្លាកលេខ ភ្នំពេញ៤A-៨៩៦០ បើកបរក្នុងទិសដៅពីលិចទៅកើត។ ហើយក្រោយពេលកើតហេតុ អ្នកបើករថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ប្រភពដដែលបន្តថា លុះរថយន្តបង្កខាងលើនោះ ធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតមកកៀរប៉ះចំក្មេងស្រីម្នាក់មាន ឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរតែម្តង។
គួរបញ្ជាក់ថា រថយន្តដឹកថ្មម៉ាបនោះ កន្លងមកក៏មានករណីដឹកថ្មម៉ាបនេះ ហើយក៏តែងតែធ្លាក់ថ្មជាញឹកញាប់ផងដែរ ដោយមិនមានការប្រុងប្រយ័ត្ន ចងខ្សែរឹតឱ្យបានត្រឹមត្រូវនោះទេ។

ហើយរដ្ឋបាលខេត្ត និងមន្ត្រីជំនាញ ក៏ធ្លាប់បានកោះហៅក្រុមប្រកបអាជីវកម្មដឹកថ្មម៉ាបទាំងអស់នោះ មកធ្វើការអប់រំណែនាំផងដែរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នៅតែមានការធ្វេសប្រហែសដដែល ទើបបណ្ដាលឱ្យមានករណីនេះកើតឡើងជាដដែលៗ។

ពាក់ព័ន្ធករណីខាងលើនេះដែរ មហាជនបានសំណូមពរដល់មន្ត្រីជំនាញនគរបាលចរាចរណ៍ មេត្តាពង្រឹង និងរឹតបណ្ដឹងការបើកបរ ការដឹកជញ្ជូនក្នុងល្បឿនលឿន ការធ្វេសប្រហែស និងខុសបច្ចេកទេស ដើម្បីធានាបានចំពោះករណីគ្រោះថ្នាក់ដែលបង្កឡើងដោយជាយថាហេតុណាមួយ។ ពីព្រោះថា ផ្លូវជាតិលេខ៧ ក្រចេះ-ស្នួល នេះ ដឹកថ្មម៉ាបផ្ទុកធ្ងន់ណាស់ ហើយប្រហែលជាអាចកន្លែងជញ្ជីងថ្លឹងទម្ងន់ រវល់ថ្លឹងលុយ? និងដឹកទៅវៀតណាម ទាំងយប់ទាំងថ្ងៃនោះផង។
គួររំលឹកថា ៖ វាសនាអាក្រក់នៃថ្មម៉ាបខ្មែរ នៅខេត្តក្រចេះ ដឹកចេញពីភ្នំ សង្ស័យចូលទៅស្រុកយួនតែម្ដង(វីដេអូ) ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ