ខេត្តក្រចេះ ៖ រថយន្តរាប់រយគ្រឿងកំពុងសម្រុកដឹកជញ្ជូនថ្មម៉ាបយ៉ាងគំហុកចេញពីភ្នំហា ខេត្តក្រចេះ ហើយក៏មិនមានការប្រុងប្រយ័ត្នចងរឹតឲ្យបានត្រឹមត្រូវ បណ្តាលឲ្យរអិលធ្លាក់ជាញឹកញាប់ជាច្រើនលើកច្រើនសារ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅតាមដងផ្លូវជាតិមួយនេះ មានការព្រួយបារម្ភចំពោះសុវត្ថិភាពចរាចរណ៍តាមផ្លូវសាធារណៈក្នុងការធ្វើដំណើរ និងអ្នករស់នៅតាមដងផ្លូវនេះផងដែរ។
ជាក់ស្ដែងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ រថយន្តមួយគ្រឿងផ្ទុកថ្មចំនួន២ដុំ ហើយបានរអិលធ្លាក់មកលើថ្នល់មួយដុំយ៉ាងធំ នៅចំណុចភូមិសម្បទាន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ តែសំណាងល្អ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ ក្រោយកើតហេតុ រថយន្តនោះក៏បានបន្ថែមល្បឿនឆ្លងកាត់ស្ថានីយថ្លឹង ហើយក៏បើកគេចទៅបាត់ ដោយពុំបានដឹងអត្តសញ្ញាណនោះឡើយ។
បច្ចុប្បន្ន មានរថយន្តដឹកថ្មម៉ាបដុំធំៗ ដែលចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ បង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភខ្លាំងណាស់ ដោយការរអិលធ្លាក់ថ្មពីលើរថយន្តនៅលើផ្លូវសាធារណៈ។
ប្រជាពលរដ្ឋបានឱ្យដឹងថា បើទោះបីជាការរអិលធ្លាក់ថ្មនៅតាមដងផ្លូវជាតិមួយនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែព្រួយបារម្ភចំពោះសុវត្ថិភាពកូនចៅ និងប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវជាតិនេះ បើសិនជាក្រុមហ៊ុនដឹកជញ្ជូននៅតែបន្តមានការធ្វេសប្រហែសបែបនេះដដែល។
បើតាមប្រភពដដែលឱ្យដឹងថា នេះគឺជាលើកទី៤ហើយ ដែលក្រុមរថយន្តរបស់ក្រុមហ៊ុនមួយចំនួន តែងតែធ្វេសប្រហែសធ្វើសកម្មភាពដឹកជញ្ជូនថ្មចេញពីចំណុចការតុងភ្នំហា ភូមិត្រូន ឃុំក្បាល់ដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ភាគច្រើនដឹកទៅស្រុកយួន តាមស្រុកស្នួលតែម្ដង ធ្វើដូចថ្មម៉ាបនេះ ស្ថិតក្នុងទឹកដីយួនតែម្ដង អត់មានការត្រួតពិនិត្យឡើយ ។
បើតាមប្រភពគេសង្កេតឃើញថា មានរថយន្តប្រមាណជា១៥០គ្រឿងឯណោះ ដែលកំពុងសម្រុកដឹកជញ្ជូនថ្មម៉ាប ពីក្នុងទឹកដីស្រុកអូរគ្រៀងសែនជ័យ ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ ចូលតាមច្រកផ្សារភ្នំព្រេច។
តាមប្រភពដដែលបានបង្ហើបឱ្យដឹងថា ពេលខ្លះគេឃើញរថយន្តដឹកថ្មម៉ាបនោះ មិនធ្វើការច្នៃនោះទេ គឺបន្តកន្ទុយគ្នាដឹកចូលទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិនោះតែម្តង។
ថ្មម៉ាបនៅភ្នំហា ស្រុកអូរគ្រៀង ខេត្តក្រចេះ ច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនបានអារកាត់ជាដុំៗដ៏ធំដឹកឆ្ពោះទៅស្រុកយួនយ៉ាងរំភើយ សង្ស័យអត់មានទុកអារកែច្នៃនៅកម្ពុជាដែលជាម្ចាស់ស្រុកទេ។
ប្រភពព័ត៌មានជាច្រើនបាននិយាយថា ក្រុមហ៊ុនវៀតណាមដែលមានខ្មែរឈរឈ្មោះបានដឹកថ្មម៉ាប ចេញពីខេត្តក្រចេះ ឆ្ពោះទៅស្រុកយួនទាំងយប់ទាំងថ្ងៃ ស្ទើរតែរលាយភ្នំថ្មម៉ាបទៅហើយ ។
អ្នកកាសែតខ្មែរមិនអាចទៅជិតទីតាំងភ្នំយកថ្មម៉ាបនេះបានទេ ពួកគេមានសន្តិសុខការពារមាំណាស់ ហាមដាច់ខាតអ្នកកាសែតចេញចូល ។
ឱ! ខ្មែរម្ចាស់ស្រុកអើយ មានធនធានធម្មជាតិដូចជាថ្មម៉ាបជាដើម ក្លាយជាកម្មសិទ្ធិរបស់យួនទៅហើយ គឺដឹកចេញទៅស្រុកយួន យកទៅអារពុះកែច្នៃម៉ាសេរី ទើបបញ្ចេញទៅលក់នៅក្រៅប្រទេស ។ ពេលខ្លះខ្មែរទិញមកវិញ អត់មានឈ្មោះថា ថ្មម៉ាបខ្មែរទេ បែរជាថ្មម៉ាបយួនទៅវិញ គួរឱ្យខ្មាស់ណាស់ ។
ពេលណាមានព័ត៌មានប្លែកយើងនឹងមានផ្សាយជូនបន្តទៀត ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕
ចែករំលែកព័តមាននេះ