ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​កម្ពុជា មាន​ធនាគារពាណិជ្ជ​សរុប​ចំនួន ៥៩ ស្ថាប័ន ធនាគារ​ឯកទេស​៩ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​អាច​ទទួល​ប្រាក់​បញ្ញើ​ដូច​ជា​ធនាគារពាណិជ្ជ​មាន​៥

នៅ​កម្ពុជា មាន​ធនាគារពាណិជ្ជ​សរុប​ចំនួន ៥៩ ស្ថាប័ន ធនាគារ​ឯកទេស​៩ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ដែល​អាច​ទទួល​ប្រាក់​បញ្ញើ​ដូច​ជា​ធនាគារពាណិជ្ជ​មាន​៥ ។

ដូច្នេះ​សេវាកម្ម​ហិរញ្ញវត្ថុ មាន​ជម្រើស​ច្រើន​សម្រាប់​យើង ប៉ុន្តែ​ដើម្បី​ធានា​ឲ្យ​អាជីវកម្ម យើង​អាច​ដំណើរការ​ទៅ​ដោយ​រលូន តើ​យើង​គួរ​ជ្រើសរើស​សេវាកម្ម​ទាំងនោះ​ដូច​ម្តេច? ហើយ​ផ្អែក នៅ​លើ​កត្តា​អ្វីខ្លះ?

ពាក់ព័ន្ធ​នឹង​ការ​សម្រេចចិត្ត​នៅ​ក្នុង​ការ​ជ្រើសរើស តើ​ធនាគារ​ណាមួយ​សាក​សម? ដូច្នេះ​យើង​ត្រូវ​ពិនិត្យ​នៅ​លើ​កត្តា​ដូច​ខាងក្រោម ៖

១- ការ​ចុះបញ្ជី​របស់​ធនាគារ ៖
ធនាគារ​ដែល​យើង​គួរ​ជ្រើសរើស​ជា​ដៃគូរ​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​ប្រ​ត្តិ​បត្ត​ករ​ហិរញ្ញវត្ថុ​របស់​យើង គឺជា​ធនាគារ ឬ​ក៏​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​មានការ​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​​យើង​អាច​ស្វែងរក​នៅ​តាម​គេហទំព័រ​ផ្លូវការ​របស់​ធនាគារជាតិ ។ ដោយឡែក​ស្ថាប័ន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​គ្មាន​នៅ​ក្នុង​បញ្ជី​ផ្លូវការ សូម​បំភ្លេច​ចោល ពីព្រោះ​វា​ពិតជា​មាន​ហានិភ័យ​ខ្ពស់​ណាស់ ប្រសិនបើ​យើង​ជ្រើសរើស​ជា​ដៃគូរ​។

២- ពិនិត្យ​ទៅ​លើ​ថ្លៃ​សេវាកម្ម​នានា ៖
នេះ​ក៏​ជា​ចំណុច​មួយ​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ផង​ដែរ ពីព្រោះ​តម្លៃ​កាក់​សេន​នៃ​សេវាកម្ម​នានា វា​ពិតជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​។ នៅ​លើ​ចំណុច​នេះ អ្នក​គួរតែ​ស្វែងរក​នូវ​សេវា​នៅ​ធនាគារ​ណាមួយ​ដែល​អាច​ទូរ​ទាត់​ប្រាក់ ឬ​ផ្ទេរ​សាច់ប្រាក់​ដោយ​មិន​គិតថ្លៃ​សេវា ឬ​គិត​តិច​បំផុត​។ ការ​ត្រួតពិនិត្យ​មើល​ថ្លៃ​សេវាកម្ម​ទាំងនេះ វា​នឹង​អាច​ជួយ​យើង​ឲ្យ​សន្សំ​សំចៃ និង​មាន​ភាព​ឆ្លាត​វ័យ​តាម​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​។

៣- ភាព​ងាយស្រួល​នៃ​ការ​ដាក់​ប្រាក់ និង​ដក​ប្រាក់ ៖
នេះ​ក៏​ជា​ចំណុចខ្លាំង​មួយ​ដែរ នៅ​ក្នុង​ការ​សម្រេចចិត្ត ពីព្រោះ​លក្ខខណ្ឌ​នៃ​ការ​ដាក់ និង​ដក​ប្រាក់​នៅ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នីមួយ​ៗ​តែងតែមាន​ខុស​ៗ​គ្នា ដូច្នេះ​សូម​ផ្ទៀត​ផ្ទាត់ ហើយ​ប្រៀប​ធៀប​។ ការ​ត្រួតពិនិត្យ​នៅ​លើ​ចំណុច​នេះ ក៏​គួរតែ​ពិនិត្យ​តាំងពី​សេវាកម្ម និង​កម្រៃ​ផ្សេង​ៗ​។ ក្រៅពី​ការ​ដាក់ និង​ដក​ប្រាក់ នៅ​តាម​បញ្ជរ​នានា​នៅ​ការិយាល័យ​ផ្ទាល់ ហើយ​ក៏​គួរតែ​ជ្រើសរើស​នូវ​ធនាគារ ឬ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ណា ដែល​មាន​ម៉ាស៊ីន​ដក​ដាក់​ប្រាក់ ក៏​ដូច​ជា​សេវាកម្ម​ដក និង​ដាក់​ប្រាក់​កាន់​តែ​ច្រើន និង​ទូលំទូលាយ​ផង​ដែរ ។

៤- ថ្លៃ​កាត ATM ៖
ប្រសិនបើ​អ្នក​ប្រើ​កាត ATM របស់​អ្នក​ញឹកញាប់ សូម​ពិចារណា​លើ​ថ្លៃ​សេវា​ដែល​ធនាគារ​របស់​អ្នក​បាន​កំណត់ ឬ​មិន​គិតថ្លៃ​សម្រាប់​ការ​ប្រើប្រាស់ ATM ។ ធនាគារ​មួយ​ចំនួន​ផ្តល់​ជូន​ដោយ​ឥត​គិតថ្លៃ​លើ​សេវា ATM តែ​ធនាគារ​ខ្លះ​គិតថ្លៃ​សេវា ATM ជា​ប្រចាំឆ្នាំ និង​ធនាគារ​ខ្លះ​ទៀត ធ្វើការ​ទូទាត់​ជាក់លាក់​តាម​ចំនួន​ប្រើប្រាស់​រៀង​រាល់​ខែ ដូច្នេះ​សូម​ថ្លឹងថ្លែង​ចំណុច​នេះ អោយ​បាន​ដិត​ដល់​។

៥- អត្រា​ការ​ប្រាក់ ៖
ដើម្បី​អាច​ចំណេញ​នៅ​ពេល​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​ក្នុងស្រុក​ណាមួយ អ្នក​គួរ ពិនិត្យ​មើល​លើ​អត្រា​ការ​ប្រាក់​របស់​ប្រាក់​បញ្ញើ ក៏​ដូច​ជា​អត្រា​ការ​ប្រាក់​នៃ​ប្រាក់​កម្ចី​របស់​ធនាគារ​នានា​។

៦- ការ​ទូរ​ទាត់​តាម​អ៊ី​ន​ធើ​រ​ណេ​ត ៖
ប្រសិនបើ​អ្នក​ចូល​ចិត្ត​សេវាកម្ម​ទាន់ចិត្ត​តាម​រយៈ​ការ​ទម្លាក់​លេខ ទម្លាក់​ទីតាំង​នោះ អ្នក​គួរ​ពិចារណា​លើ​ធនាគារ ឬ​គណនី​ណាមួយ​ដែល​មាន​លក្ខណៈ​ពិសេស​នៃ​ធនាគារ​តាម​អ៊ី​ន​ធើ​រ​ណេ​ត​។ នៅ​ពេល​ដែល​អ្នក​ទូរ​ទាត់​ប្រតិបត្តិការ​របស់​អ្នក​នោះ ស្ថាប័ន​ណា​គិត​កម្រៃ​កាន់តែ​តិច​កាន់តែ​ប្រសើរ ។

៧-​ស្ថាប័ន​ដែល​សាខា​គ្រប់កន្លែង ៖
ធនាគារ​ដែល​អាច​ងាយស្រួល​សម្រាប់​យើង គឺជា​ស្ថាប័ន​ធនាគារ​ណាមួយ​ដែល​មាន​សាខា​ច្រើន​កន្លែង​។ សាខា​ច្រើន​កន្លែង​នេះ គឺ​ជួយ​យើង​ច្រើន ពីព្រោះ​វា​អាច​នៅ​កៀក​នឹង​កន្លែង​ដែល យើង​ត្រូវការ ហើយ​មិន​ធ្វើ​ឲ្យ​ប្រតិបត្តិការ​មានការ​កកស្ទះ ។

៨- សេវាកម្ម​ល្អ និង​ងាយស្រួល ៖
សេវាកម្ម និង​ភាព​ងាយស្រួល គឺជា​ចំណុច​សំខាន់​មួយ​យ​ដែល​មូលដ្ឋាន​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ថា យើង​ត្រូវ​ប្រើ​ស្ថាប័ន​ណាមួយ ។ ធនាគារ​នីមួយ​ៗ​តែង​មាន​កម្រិត​សេវាកម្ម និង​ភាព​ងាយស្រួល​ខុស​ៗ​គ្នា ដូច្នេះ​គួរតែ​ជ្រើសរើស​នូវ​សេវាកម្ម​ណា​ដែល​អ្នក​គិត​ថា សម​ស្រប និង​ងាយស្រួល​សម្រាប់​​អ្នក ។

អត្ថបទ​ដោយ ៖ ហេង ចេស្តា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ