ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អាកាសធាតុ​កំពុង​ជា​បញ្ហា​ប្រឈម​ដ៏​ធំ សម្រាប់​ព្រឹត្តិការណ៍​ក្រុងប៉ារីស​ឆ្នាំ២០២៤

7 ខែ មុន

ប្រទេស​បារាំង ៖ ទីប្រឹក្សា​អភិបាល​ក្រុងប៉ារីស​បាន​លើក​ឡើង​ថា ភ្លៀង​ធ្លាក់​ខ្លាំង អំឡុង​ឆ្នាំ​២០២៤

ប្រទេស​បារាំង ៖ ទីប្រឹក្សា​អភិបាល​ក្រុងប៉ារីស​បាន​លើក​ឡើង​ថា ភ្លៀង​ធ្លាក់​ខ្លាំង អំឡុង​ឆ្នាំ​២០២៤ អាច​ផ្តល់​ផល​ពិបាក​ដល់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទន្លេ​សេន (Seine) ។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ​។

The Seine គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ហែល​ទឹក​ម៉ា​រ៉ា​តុង ទ្រី​យ៉ា​ត្លុង និង​ប៉ា​រ៉ា​ទ្រី​យ៉ា​ត្លុង សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ ដ្បិត​រដ្ឋបាល​ក្រុងប៉ារីស​សង្ឃឹមថា នឹង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​ទឹកទន្លេ សម្រាប់​ការ​ប្រកួត​ក្នុង​រដូវក្តៅ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ព្រឹត្តិការណ៍​កីឡា​មួយ​ចំនួន​ត្រូវ​បាន​លុប​ចោល​នៅ​រដូវក្តៅ ដោយសារ​តែ​មាន​បញ្ហា​ជាមួយនឹង​គុណភាព​ទឹកទន្លេ​សេន​។

លោកស្រី Pauline Lavaud ទីប្រឹក្សា​អភិបាល​ក្រុងប៉ារីស ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ថាមពល និង​អាកាសធាតុ ទឹក និង​ការ​ថែទាំ​ទី​សាធារណៈ បាន​លើក​ឡើង​ថា «​យើង​កំពុង​ព្យាយាម​កាត់​បន្ថយ​ហានិភ័យ​ទាំងអស់ ហើយ​ប្រសិនបើ​មិន​អាច​ហែល​បាន​នៅ​ថ្ងៃ​ណាមួយ ព្រឹត្តិការណ៍​អាច​នឹង​ត្រូវ​ពន្យារពេល ហើយ​បើ​ភ្លៀង​ធ្លាក់​មិន​ឈប់​រយៈពេល​២​ស​ប្ដា​ហ៍ វា​អាច​នឹង​ពិបាក​ខ្លាំង​»​។

វិញ្ញាសា​កីឡាហែលទឹក​ត្រូវ​បាន​កំណត់​ថា កីឡា​កេរ្តិ៍​ដំណែល​ដ៏​សំខាន់​មួយ​នៃ​ហ្គេ​ម​របស់​ទី​ក្រុងប៉ារីស​។ ទោះ​យ៉ាងណា​ក៏​ដោយ ការ​ប្រកួត​កីឡាហែលទឹក​លំដាប់​ពិភពលោក Open Water Swimming World Cup និង​ព្រឹត្តិការណ៍ World Triathlon Para Cup នៅ​ទី​ក្រុងប៉ារីស ដែល​ជា​ព្រឹត្តិការណ៍​សាកល្បង​មុន​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ ត្រូវ​បាន​ផ្អាក​កាលពី​ខែសីហា ដោយសារ​តែ​បញ្ហា​គុណភាព​ទឹក​។

លោកស្រី Pauline Lavaud បាន​បន្ថែម​ថា «​បរិមាណ​ទឹកភ្លៀង​ដែល​យើង​មាន​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​តាំងពី​ទស​វត្ស​ឆ្នាំ ១៩៧០ មក​ម្ល៉េះ​។ អាង​ស្តុក​ទឹកភ្លៀង​មួយ​កំពុង​ត្រូវ​បាន​សាងសង់​ក្នុង​ទី​ក្រុងប៉ារីស ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​បំពុល​ទន្លេ​សេន​។ អាង Austerlitz នឹង​ប្រមូល​ទឹកភ្លៀង​មុន​ពេល​បន្ត​បញ្ជូន​ទៅ​រោងចក្រ​ព្យាបាល​ទឹក ហើយ​នៅ​ពេល​ដែល​បាន​បំពេញ​តាម​លក្ខណៈ​វិនិច្ឆ័យ​សុខភាព​ដែល​ត្រូវការ​រួច​ហើយ ទឹកនឹង​ត្រូវ​ចាក់​ចូល​ទៅ​ក្នុង​ទន្លេ​សេន​តែ​ម្តង​។ ទឹកនឹង​ត្រូវ​បាន​ធ្វើតេស្ត​ជា​រៀងរាល់ថ្ងៃ អំឡុង​ពេល​ការ​ប្រកួត ដើម្បី​ធានា​ថា មាន​សុវត្ថិភាព​សម្រាប់​អត្ត​ព​លិ​ក​ក្នុង​ការ​ហែល​ទឹក​»​។

លោកស្រី​បាន​បន្ថែម​ចុង​ក្រោយ​ថា «​ឥឡូវនេះ យើង​ត្រឡប់​ទៅ​រក​កម្រិត​អនាម័យ​ទឹក​នៃ​សម័យ​មុន​ឧស្សាហកម្ម ដូច្នេះ​កីឡា​អូ​ឡាំ​ពិ​កបាន​ធ្វើ​បើកផ្លូវ​ដល់​យើង​ទទួល​បាន ១០​ឆ្នាំ​លើ​គម្រោង​ធ្វើ​ឱ្យ​ទឹកទន្លេ​សេន​អាច​ងូត​បាន​»​។

គួរ​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ ២០២៤ នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា មុន​ពេល​ដែល​ព្រឹត្តិការណ៍​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ចូល​មក​ដល់ ដែល​នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​ទី​២៨ ខែសីហា រហូត​ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ