ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំ.ណាប់​ខ្មាំង​ថៃ​១៧​នាក់​វិល​ទៅ​ដល់​មាតុ​ភូមិ​វិញ​ក្រោយ​ការ​ដោះ​លែង​

1 ឆ្នាំ មុន

​ទី​ក្រុង​បាងកក៖ នៅ​ទី​បំផុត ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​១៧​នាក់​​​ដែល​ធ្លាប់​ជួប​នឹង​សុបិន​អាក្រក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​ហាម៉ាស់​ ​​​បាន​វិល​ត្រឡប់​ទៅ​ដល់​​​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ហើយ​​។ ​យន្ត​ហោះ​បាន​​ដឹក​ពួក​គេ​ទៅ​ចុះ​ចត​នៅ​​​​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​​កាល​ពី​​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​។​ ​​មក​ទល់​នឹង​ពេល​នេះ, ក្រុម​ហាម៉ាស់​​ដោះ​លែង​​ជន​ជាតិ​ថៃ​សរុប​២៣​នាក់​ដែល​​ជា​ផ្នែក​១​នៃ​កិច្ច​ព្រម​ព្រៀង​​ទ្វេ​ភាគី​រវាង​រដ្ឋា​ភិបាល​ថៃ​ និង​​​​ក្រុម​ហាម៉ាស់​​​ក្រោម​ការ​​សម្រុះ​សម្រួល​ពី​ប្រទេស​អ៊ីរ៉ង់​។ ​នៅ​សល់​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​៩​នាក់​ទៀត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។​…

ទី​ក្រុង​បាងកក៖ នៅ​ទី​បំផុត ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​១៧​នាក់​​​ដែល​ធ្លាប់​ជួប​នឹង​សុបិន​អាក្រក់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​ហាម៉ាស់​ ​​​បាន​វិល​ត្រឡប់​ទៅ​ដល់​​​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ហើយ​​។ ​យន្ត​ហោះ​បាន​​ដឹក​ពួក​គេ​ទៅ​ចុះ​ចត​នៅ​​​​ព្រលាន​យន្ត​ហោះ​សុវណ្ណ​ភូមិ​​កាល​ពី​​រសៀល​ថ្ងៃ​ព្រហស្បតិ៍។ នេះ​បើ​​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​។​

​​មក​ទល់​នឹង​ពេល​នេះ, ក្រុម​ហាម៉ាស់​​ដោះ​លែង​​ជន​ជាតិ​ថៃ​សរុប​២៣​នាក់​ដែល​​ជា​ផ្នែក​១​នៃ​កិច្ច​ព្រម​ព្រៀង​​ទ្វេ​ភាគី​រវាង​រដ្ឋា​ភិបាល​ថៃ​ និង​​​​ក្រុម​ហាម៉ាស់​​​ក្រោម​ការ​​សម្រុះ​សម្រួល​ពី​ប្រទេស​អ៊ីរ៉ង់​។ ​នៅ​សល់​ចំណាប់​ខ្មាំង​ជន​ជាតិ​ថៃ​៩​នាក់​ទៀត​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។​ អ៊ីស្រាអែល​បញ្ជាក់​​បន្ថែម​ថា​​ចំណាប់​ខ្មាំង​សរុប​១៤៥​ទៀត​​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ក្រុ​ម​ហាម៉ាស់​។​

​ប្រទេស​ថៃ​​រង​គ្រោះ​ខ្លាំង​គួរ​សម​​នៅ​ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា​​ ព្រោះ​​ប្រទេស​នេះ​​បញ្ជូន​ពល​ករ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល​​ច្រើន​ជាង​គេ​រហូត​ដល់​​​៣​ម៉ឺន​នាក់​។​ ជន​ជាតិ​ថៃ​៣៩​នាក់​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​។ ក្រៅ​ពី​នេះ ជន​ជាតិ​ថៃ​៣២​នាក់​ទៀត​ត្រូវ​ក្រុម​ហាម៉ាស់​ចាប់​ពង្រត់​។ ​​​ក្រោយ​ព្រឹត្តិការណ៍​វាយ​ប្រហារ​នោះ​ ពួក​គេ​ក៏​សម្រុក​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ដូច​ទឹក​បាក់​ទំនប់​។ ជាង​២​ខែ​ចុង​ក្រោយ​នេះ ពួកគេ​វិល​ទៅ​​ស្រុក​វិញ​អស់​៩​ពាន់​នាក់​។​

​​​សម្រាប់​ដំណើរ​មាតុភូមិ​និវត្ត​របស់​ចំណាប់​ខ្មាំង​១៧​នាក់​នៅ​ថ្ងៃ​នេះ​​​មាន​លក្ខណៈ​ពិសេស​ដោយ​មាន​​សាច់​ញាតិ និង​ក្រុ​ម​គ្រួ​សារ​​ទៅ​ទទួល​ដល់​ព្រលាន​យន្ត​ហោះ​។ នាយក​រដ្ឋ​មន្ត្រី​ថៃ​មាន​ជំនឿ​ថា​​ការ​ដែល​​ភាគី​ជម្លោះ​ទាំង​២​​​បន្ត​​អនុវត្ត​​បទ​ឈប់​បាញ់​​ជា​សញ្ញា​ល្អ​មួយ​។ លោក​សង្ឃឹម​ថា​ចំណាប់​ខ្មាំង​ទាំង​អស់​ មិន​ថា​ជន​ជាតិ​ថៃ ឬ​ជន​ជាតិ​ដទៃ​ទៀត​ទេ នឹង​ត្រូវ​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ​គ្រប់​ៗ​គ្នា​។​​

ពល​ករ​ចំណាក​ស្រុក​ថៃ​ដែល​ទៅ​ធ្វើ​ការ​​ផ្នែក​កសិកម្ម​នៅ​ប្រទេស​អ៊ីស្រាអែល​ភាគ​ច្រើន​​រស់​នៅ​ភាគ​ឦសាន​​។ ពួក​គេ​រំពឹង​ទៅ​លើ​ប្រាក់​ខែ​ខ្ពស់​នៅ​អ៊ីស្រាអែល​ដើម្បី​​យក​​​ថវិកា​ទៅ​ផ្គត់​ផ្គង់​ជីវភាព​របស់​ម្ដាយ​ឪពុក​ ឬ​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​។​ លោក​ផានព្រី ក្នុង​​នាម​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​ថៃ​ លោក​​នៅ​តែ​បន្ត​ជួប​​​​រដ្ឋ​មន្ត្រី​​​នៅ​មជ្ឈិម​បូព៌ា​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហាម៉ាស់​។ ថ្មី​ៗ​នេះ លោក​បន្ត​ដំណើរ​ទៅទីក្រុង​គែរ (Cairo) ​​ប្រទេស​អេហ្ស៊ីប និង​ទី​ក្រុង​ដូហា (Doha) ប្រទេស​​កាតា៕​

ប្រភព៖ Bangkok Post
https://www.bangkokpost.com/thailand/general/2695631/17-thai-hostages-released-by-hamas-arrive-in-thailand

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ