ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣និង០០នាទីកន្លងមក កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថា នៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត២គ្រឿងមិនស្គាល់ម៉ាក បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត ខណៈពេលដែលជនរងគ្រោះកំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យមានអាវុធខ្លីគ្រប់
ដៃ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៧និង០០នាទីព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះនៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើដៃ ជើង និងដងខ្លួន បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០០នាទី ទើបចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៧នាក់ (ជនជាតិចិន២ ជនជាតិខ្មែរ៥ ស្រី១) ជាបន្តបន្ទាប់ ។

ជនសង្ស័យទាំង០៧នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខ EE0738338 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្សការពារចិន មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ និង៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបានរួមមាន អាវុធខ្លី០៣ដើម គ្រាប់កាំភ្លើងចំរុះសរុបចំនួន៨៩គ្រាប់ ខ្នោះដៃ០២គូរ រថយន្ត០៣គ្រឿង ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស និងសម្ភារផ្សេងៗមួយចំនួន ។ ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដែលនៅសេសសល់ ។
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។




ចែករំលែកព័តមាននេះ