រាជធានីភ្នំពេញ ៖ រ៉ឺម៉កម៉ូតូដឹកត្រកួនមួយគ្រឿងបានបើកជ្រុលទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឱ្យបាក់ដួលរាបដល់ដី និងធ្វើឱ្យមានការកកស្ទះចរាចរណ៍ទៀតផងដោយសារតែខ្សែភ្លើង និងខ្សែទូរស័ព្ទនៅលើបង្គោលភ្លើង នោះបានដាច់ធ្លាក់កាត់ទទឹងផ្លូវ ប៉ុន្តែទោះបីជាបែបណា ការស្ទះចរាចរណ៍នោះមិនយូរប៉ុន្មាន ឡើយ ដោយប៉ូលិសមូលដ្ឋានចុះទៅសម្រួលភ្លាមៗ ក្រោយពេលកើតហេតុ ។
ឧបទ្ទវហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២២ ឧសភា ឆ្នាំ២០១១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ ចំណុចផ្លូវដែកឆ្លងកាត់ ស្ថិតក្នុងភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ រ៉ឺម៉កម៉ូតូដឹកត្រកួននោះបើកបរដោយបុរសឈ្មោះវ៉េង វុទ្ធី អាយុ៣១ឆ្នាំ មុខរបរលក់ត្រកួន មានទីលំនៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល ។ចំណែកបង្គោលភ្លើងថ្មបានបាក់សង្កាត់ក្បាលម៉ូតូរ៉ឺម៉កជាប់រហូតកម្មកររោងចក្រនៅជិត នោះរត់ទៅជួយលើកចេញទើបរួច ប៉ុន្តែអ្នកបើកបររ៉ឺម៉កម៉ូតូ សំណាងល្អដែលបង្គោលភ្លើងរលំសង្កត់មិនត្រូវ ។
បុរសអ្នកបើកបររ៉ឺម៉កម៉ូតូបាននិយាយថា នៅពេលកើតហេតុ ខណៈពេលគាត់កំពុងបើកបររ៉ឺម៉កម៉ូតូដឹកត្រកួនដោយមិនដឹងខ្លួន ស្រាប់តែមានរថយន្តម៉ាកកាមរី១គ្រឿងបើកកៀរពីក្រោយធ្វើឱ្យរ៉ឺម៉កគាត់រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងទាំងកំរោលបែបនេះតែម្តង ហើយរថយន្តនោះបានបើកឆ្ពោះទៅទិសខាងលិចបាត់ស្រមោល ។ មន្ត្រីប៉ូលិសនិយាយថាពេលបង្គោលភ្លើងបាក់បានធ្វើឱ្យខ្សែភ្លើង និងខ្សែទូរស័ព្ទធ្លាក់កាត់ទទឹងផ្លូវបង្កឱ្យមានការកកស្ទះចរាចរណ៍ ប៉ុន្តែក្រោយមកក៏បានធូរស្រាលឡើងវិញដោយសារប៉ូលិសចុះទៅសម្រួលទាន់ពេល ៕
ចែករំលែកព័តមាននេះ