កុមារីម្នាក់ឆ្លងជំងឺផ្តាសាយបក្សី ត្រូវមន្ទីរសុខាភិបាលខេត្តកំពតបញ្ជូនទៅរាជធានីភ្នំពេញ
- កំពត
ខេត្តកំពត ៖ មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា ក្រុមការងារបានបញ្ជូន
ខេត្តកំពត ៖ មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា ក្រុមការងារបានបញ្ជូន
ខេត្តកំពត ៖ មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពតបានបញ្ជាក់ថា ក្រុមការងារបានបញ្ជូនកុមារីអាយុ ៤ឆ្នាំម្នាក់ដែលបានឆ្លងជំងឺផ្តាសាយបក្សីចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពតទៅកាន់រាជធានីភ្នំពេញ ស្របតាមអនុសាសន៍របស់ថ្នាក់ដឹកនាំក្រសួង បន្ទាប់ពីនារីវ័យ ២១ឆ្នាំម្នាក់បានស្លា.ប់ដោយសារឆ្លងជំងឺផ្តាសាយបក្សីកាលពីពេលថ្មីៗកន្លងទៅ។
លោកវេជ្ជបណ្ឌិត ហេង ចន្ថា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានប្រាប់ឱ្យដឹងនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា នារីវ័យ២១ឆ្នាំ ដែលមានជំងឺផ្តាសាយបក្សីក្នុងស្រុកដងទង់ និងបានបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញនោះបានស្លា.ប់កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងធ្វើពិធីបូជានៅឯស្រុកកំណើតរួចរាល់ហើយ។ ចំណែកកុមារីអាយុ ៤ឆ្នាំដែលឆ្លងជំងឺដូចគ្នានៅភូមិឃុំដដែលនោះ ត្រូវក្រុមការងារបញ្ជូនចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពត ទៅកាន់រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ស្របតាមអនុសាសន៍ណែនាំពីក្រសួងសុខាភិបាល។
លោកអនុប្រធានមន្ទីរបានបន្តថា តាមពិតកុមារីរូបនោះមានសុខភាពប្រសើរឡើងវិញហើយ តែនេះជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ទើបតម្រូវឱ្យបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យកុមារជាតិ។ ចំណែកនៅភូមិឃុំដែលកើតហេតុការណ៍ឆ្លងមេរោគផ្តាសាយបក្សីនោះគឺមានស្ថានភាពល្អ ពោលគឺមន្ត្រីជំនាញ និងផ្នែកពាក់ព័ន្ធទាំងអស់អាចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង។
សូមរំលឹកថា ប្រហែលរយៈពេល ២សប្តាហ៍មុន នៅភូមិត្រពាំងឫស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត មានករណីសត្វមាន់ទាឈឺ និងងាប់ជាបន្តបន្ទាប់។ ខណៈពេលនោះនារីវ័យ ២១ឆ្នាំម្នាក់បានយកមាន់ងាប់ធ្វើម្ហូប ក្រោយបរិភោគរួចមកក៏មានអាការៈមិនស្រួល ហើយត្រូវអ្នកភូមិនាំទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឈូក ហើយរកឃើញឆ្លងមានផ្ទុកមេរោគផ្តាសាយបក្សី ទើបក្រុមគ្រួពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅរាជធានីភ្នំពេញ។ ជាមួយហេតុការណ៍នេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះផ្សព្វផ្សាយអប់រំ និងសម្លាប់មាន់ទាមានជំងឺប្រមាណជិត ១០០ក្បាល។
ក្រោយមក ក្រុមគ្រូពេទ្យជំនាញក៏បានរកឃើញកុមារីវ័យ៤ឆ្នាំម្នាក់ទៀតបានឆ្លងមេរោគផ្តាសាយបក្សីដដែលនេះ រួចបញ្ជូនចូលព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្រៅពីនោះមិនមានអ្នកផ្សេងក្នុងភូមិដដែលនេះវិជ្ជមានមេរោគផ្តាសាយបក្សីទេ ៕
ចែករំលែកព័តមាននេះ