ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ស្នើ​ឱ្យ​បង្កើត​រដ្ឋ​ពីរ​ដើម្បី​បញ្ចប់​ជម្លោះ​អ៊ីស្រា​អែល​-​ប៉ា​ឡេ​ស្ទីន

1 ឆ្នាំ មុន

ទី​ក្រុង​ហ្សឺណែវ៖ ​អង្គ​ការ​សហ​ប្រជា​ជាតិ​​អំពាវនាវ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​បន្ត​ដំណើរ​​ឆ្ពោះ​ទៅ​មុខ​​​នៅ​ក្នុង​ការ​​បង្កើត​រដ្ឋ​ពីរ​​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​។ អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​យល់​ថា​ទី​ក្រុង​យេរូ​សាឡឹម​គួរ​តែ​បែង​ចែក​ជា​ពីរ​​ចំណែក​ឱ្យ​ទៅ​ប៉ាឡេស្ទីន​មួយ​ចំណែក និង​អ៊ីស្រាអែល​មួយ​ចំណែក​សម្រាប់​ឱ្យ​រដ្ឋ​ទាំង​២​នេះ​ធ្វើ​ជា​រដ្ឋ​ធានី​របស់​ខ្លួន​។​​ នាយក​ការិយាល័យ​​​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ លោក​ស្រី​ថាធាណា (Tatiana​) ​ថ្លែង​ថា​ពេល​វេលា​​​បាន​កន្លង​ផុត​ទៅ​ជា​យូរ​​​។ ដូច្នេះ…

ទី​ក្រុង​ហ្សឺណែវ៖ ​អង្គ​ការ​សហ​ប្រជា​ជាតិ​​អំពាវនាវ​ឱ្យ​សហ​គមន៍​អន្តរ​ជាតិ​បន្ត​ដំណើរ​​ឆ្ពោះ​ទៅ​មុខ​​​នៅ​ក្នុង​ការ​​បង្កើត​រដ្ឋ​ពីរ​​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​។ អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​យល់​ថា​ទី​ក្រុង​យេរូ​សាឡឹម​គួរ​តែ​បែង​ចែក​ជា​ពីរ​​ចំណែក​ឱ្យ​ទៅ​ប៉ាឡេស្ទីន​មួយ​ចំណែក និង​អ៊ីស្រាអែល​មួយ​ចំណែក​សម្រាប់​ឱ្យ​រដ្ឋ​ទាំង​២​នេះ​ធ្វើ​ជា​រដ្ឋ​ធានី​របស់​ខ្លួន​។​​

នាយក​ការិយាល័យ​​​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​ទី​ក្រុង​ហ្សឺណែវ​ លោក​ស្រី​ថាធាណា (Tatiana​) ​ថ្លែង​ថា​ពេល​វេលា​​​បាន​កន្លង​ផុត​ទៅ​ជា​យូរ​​​។ ដូច្នេះ គេ​​​ត្រូវ​តែ​​បន្ត​​​បេស​កកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​​មួយ​ដើម្បី​បង្កើត​រដ្ឋ​ពីរ​ដែល​ជា​រដ្ឋ​មាន​ស្ថិរ​ភាព​​ជា​អចិន្ត្រៃយ៍​។ ការ​បង្កើត​រដ្ឋ​ពីរ​ធ្វើ​ឡើង​​ដោយ​​​ផ្អែក​ទៅ​លើ​គោល​ការណ៍​របស់​​​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ និង​ច្បាប់​អន្តរ​ជាតិ​។​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​តាម​រយៈ​​ដំណោះ​ស្រាយ​នេះ​ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​អាច​រួម​រស់​​​ក្បែរ​គ្នា​ដោយ​សុខ​ដុម​រម​នា​​​​ប្រកប​​ដោយ​សន្តិសុខ​​ពេញ​លេញ​​ និង​​មាន​ទី​ក្រុង​យេរូ​សាឡឹម​ជា​រដ្ឋ​ធានី​នៃ​រដ្ឋ​ទាំង​ពីរ​។​ ការ​ថ្លែង​ដូច្នេះ​​ស្រប​ពេល​ដែល​​អង្គ​​ការ​សហ​ប្រជា​ជាតិ​រៀប​ចំ​​ទិវា​សាមគ្គី​ជា​អន្តរ​ជាតិ​ជា​មួយ​ប្រជា​ជន​ប៉ាឡេស្ទីន​ដែល​​​តែង​តែ​​រៀប​ចំ​​ធ្វើ​ឡើង​​ជា​រៀង​រាល់​ឆ្នាំ​។

ទិវា​នេះ​រម្លឹក​ទៅ​ដល់​ថ្ងៃ​ដែល​មហា​​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​អនុម័ត​គាំទ្រ​ផែន​ការ​​ពុះ​ច្រៀក​ទឹក​ដី​ប៉ាឡេស្ទីន​ជា​ពីរ​​។ ១​​ចំណែក​ជា​​​រដ្ឋ​ជ្វីប​ និង១​​ចំណែក​ទៀត​ជា​រដ្ឋ​ប៉ាឡេស្ទីន​​។ ចំណែក​ទី​ក្រុង​យេរូសាឡឹម​ទុក​ឱ្យ​​ស្ថាប័ន​អន្តរ​ជាតិ​ជា​អ្នក​​មើល​ការ​ខុស​ត្រូវ​​។​ ​ការ​អំពាវ​នាវ​ឱ្យ​បង្កើត​រដ្ឋ​ពីរ​មិន​មែន​ជា​រឿង​ថ្មី​ទេ​។ ប៉ុន្តែ​​លើក​​នេះ​មាន​លក្ខណៈ​​​ផុស​ផុល​​ខ្លាំង​ក្រោយ​ព្រឹត្តិ​ការណ៍​ថ្ងៃ​ទី​៧ ខែ​តុលា​ដែល​នាំ​ទៅ​ដល់​ការ​វាយ​ប្រហារ​សង​សឹក​របស់​អ៊ីស្រាអែល​ស្លាប់​​មនុស្ស​ជាង​១៥០០០​នាក់​នៅ​តំបន់​ហ្កាហ្សា​។

យោ​ងតាម​សេណារីយោ​នៃ​ការ​បង្កើត​រដ្ឋ​ពីរ​ ប៉ាឡេស្ទីន​នឹង​មាន​តំបន់​ត្រួត​ត្រា​នៅ​វេស​ស្បេង (West Bank) និង​ហ្កា​ហ្សា​ស្ទ្រីប (Gaza Strip)។ ចំណែក​អ៊ីស្រាអែល​មាន​តំបន់​ត្រួត​ត្រា​នៅ​លើ​ទឹក​ដី​អ៊ី​ស្រាអែល​សព្វ​ថ្ងៃ​។ ​តាម​ពិត អ៊ីស្រាអែល​មិន​ជំទាស់​ទេ​នឹង​ការ​បង្កើត​រដ្ឋ​ពីរ​។​ សំខាន់​កុំ​ឱ្យ​តែ​ប៉ាឡេស្ទីន​មាន​កង​ទ័ព​ ​និង​មាន​ក្រសួង​កា​រពារ​ជាតិ​។ អ៊ីស្រាអែល​​ទាម​ទារ​ឱ្យ​ប៉ាឡេស្ទីន​ជា​រដ្ឋ​ដែល​គ្មាន​កង​ទ័ព​ ឬ​កង​កម្លាំង​ប្រដាប់​អាវុធ។​​ បើ​មិន​អីចឹង​ទេ​នឹង​គំរាម​កំហែង​ចំពោះ​សន្តិសុខ​ជាតិ​របស់​អ៊ី​ស្រាអែល​។​​

ប៉ាឡេស្ទីន​ចង់​បាន​ទី​ក្រុង​យេរូ​សាឡឹម​​ខាង​កើត​ធ្វើ​ជា​រដ្ឋ​ធានី​របស់​ខ្លួន​។ ​តំបន់​នោះ​​​រួម​បញ្ចូល​ទាំង​ដែន​ដី​ដ៏​ពិសិដ្ឋ​របស់​ប៉ាឡេ​ស្ទីន​​កាល​ពី​សម័យ​បុរាណ​។ ​​ជន​ជាតិ​ជ្វីប​​ និងអ្នក​កាន់​សាសនា​គ្រិស្ត​​​​ក៏​ចាត់​ទុក​ទី​នេះ​​ជា​ដែន​ដី​ពិសិដ្ឋ​របស់​ខ្លួន​ដែរ​។ ​ដូច្នេះ​ អ៊ីស្រាអែល​មិន​ព្រម​លះ​បង់​យេរូសាឡឹម​ខាង​កើត​​ទៅ​ឱ្យ​ប៉ាឡេស្ទីន​ទេ​​​។​ ​ឯក​អគ្គ​រដ្ឋ​ទូត​ប៉ាឡេស្ទីន​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​​ថ្លែង​ថា​ជម្លោះ​នា​ពេល​បច្ចុប្បន្ន​នេះ​ជា​ការ​រម្លឹក​​​ឱ្យ​សហគមន៍​អន្តរ​ជាតិ​​ដឹង​ថា​ពួកគេ​ចាំ​បាច់​ត្រូវ​តែ​គាំទ្រ​ការ​បង្កើត​រដ្ឋ​ពីរ​។​

គំនិត​ផ្ដួច​ផ្ដើម​បង្កើត​រដ្ឋ​ពីរ បើ​តាម​ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ ជា​រឿង​ដែល​ពិបាក​បន្ទាប់​ពី​អ៊ីស្រាអែល​បញ្ជូន​មនុស្ស​ទៅ​តាំង​ទី​លំ​នៅ​នៅ​លើ​ទឹក​ដី​ប៉ាឡេស្ទីន​ ហើយ​ធ្វើ​ឱ្យ​ទឹក​ដី​ប៉ាឡេស្ទីន​កាន់​តែ​រួម​តូច​ទៅ​ៗ​។ ប៉ុន្តែ​លោក​នៅ​តែ​មាន​សុទិដ្ឋិ​និយម​ថា​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​ទេ​នៅ​​ក្នុង​ការ​បង្កើត​រដ្ឋ​ពីរ​។ សំខាន់​ឱ្យ​តែ​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ​។ លោក​យល់​ថា​យើង​ត្រូវ​ចាប់​យក​ឱកាស​នេះ​ឱ្យ​បាន​។ អ៊ីស្រាអែល​ក៏​ត្រូវ​គិត​ទៅ​ដល់​ចំណុច​នេះ​ផង​ដែរ​ទាន់​ឱកាស​ហុច​ឱ្យ​។ បើ​ពួក​គេ​ (អ៊ីស្រាអែល) មិន​ព្រម​​ទទួល​យក​សំណើ​នេះ​នៅ​ក្នុង​​ពេល​នេះ​ទេ​ បណ្ដោយ​យូរ​ៗ​ទៅ​​អ្វី​ៗ​នឹង​ហួស​ពេល​សម្រាប់​ពួក​​គេ​។ សម្រាប់​យើង​អត់​បញ្ហា​ទេ​៕​​

ប្រភព៖ Reuters
https://www.reuters.com/world/middle-east/un-calls-irreversible-move-toward-two-state-solution-israel-crisis-2023-11-29/#:~:text=GENEVA%2C%20Nov%2029%20(Reuters),the%20capital%20of%20both%20states

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ