ខេត្តកំពង់ចាម ៖ ដោយមើលឃើញពីការលំបាករបស់ស្ត្រីមេម៉ាយ មានជីវភាពក្រីក្រ និងមានកូនប្រុស២នាក់រស់នៅភូមិបឹងជ្រោយ ឃុំសូទិព្វ ស្រុកជើងព្រៃនោះ ត្រូវបានបងប្អូនអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានផ្ដល់កង់១គ្រឿង ព្រមទាំងសម្ភារៈការសិក្សាអមដោយថវិកាមួយចំនួនប្រគល់ជូននាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ជាមួយនោះ ក្មេងប្រុសជាកូនបងអាយុ១២ឆ្នាំ មានទឹកមុខស្រស់ញញឹម និងប្ដេជ្ញាចិត្តប្រឹងប្រែងរៀនសូត្រឱ្យពូកែយកលេខមួយឲ្យបាន។
បើតាមស្ត្រីម្នាក់មានឈ្មោះ ណយ សាយ អាយុ៥៤ឆ្នាំ ត្រូវជាអ៊ំស្រីបង្កើតរបស់ក្មេងប្រុសទាំង២នាក់ខាងលើ បានរៀបរាប់ទាំងអួលដើម.កថា «រាល់ថ្ងៃនេះ គាត់តែងតែទៅស៊ីឈ្នួលចាប់នំបញ្ចុកឲ្យគេនៅក្នុងភូមិ ដោយមួយព្រឹកទទួលបានថវិកាចាប់ពី៥០០០រៀលទៅ៦០០០រៀលតែប៉ុណ្ណោះ សម្រាប់យកមកដោះស្រាយជីវភាពគ្រួសារ»។
ស្ត្រីរូបនេះបានរៀបរាប់បន្តថា «ប្អូនស្រីរបស់គាត់ឈ្មោះ ណយ សាម អាយុ៤៤ឆ្នាំ បានកើតជំងឺមហារីកដោះខាងឆ្វេងតាំងតែពីអំឡុងមុនបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣ ដោយដំបៅចេះតែរីកធំឡើងធ្វើឲ្យប្អូនស្រីរបស់គាត់មានការលំបាក ដេកមិនបាន បាយមិនឆ្ងាញ់…។ មានពេលមួយ គាត់ក៏បាននាំប្អូនស្រីទៅមន្ទីរពេទ្យបង្អែកស្រុក ហើយត្រូវបានគេតម្រូវឲ្យបង់ថវិកាចំនួន២០ម៉ឺនរៀល សម្រាប់វះកាត់ ប៉ុន្តែដោយសារកត្តាជីវភាពក្រីក្រ គាត់មិនមានលុយឱ្យ ក៏សម្រេចចិត្តត្រឡប់មកផ្ទះវិញ»។
ស្ត្រីរូបនេះបានរៀបរាប់បន្តថា «មកទល់ពេលនេះ ជំងឺមហារីកដោះរបស់ប្អូនស្រីគាត់កាន់តែរីកធំឡើង និងធំក្លិនស្អុយ ធ្វើឱ្យកម្លាំងរបស់ប្អូនចេះតែថមថយខ្សោយទៅៗ ដោយស្ថិតក្នុងជីវភាពក្រីក្រលំបាក គឺមានតែដេករង់ចាំថ្ងៃស្លា.ប់តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ពេលដែលកំពុងជួបការលំបាកបែបនេះ ស្ត្រីអភ័ព្វខាងលើ ត្រូវបានសប្បុរសជនផ្ដល់អំណោយតាមរយៈលោក ចាន់ ថេត ភ្នាក់ងារកោះសន្តិភាព ក្នុងនោះរួមមាន ៖
១- ថវិកាចំនួន១០០ដុល្លាររបស់អ្នកស្រី សុផល ញាន ព្រមទាំងស្វាមី ជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ដោយយកទៅមកទិញសម្ភារៈសិក្សាក្នុងនោះ រួមមាន ៖ ប៊ិច, សៀវភៅ, ខ្មៅដៃ, កង្ហារ ព្រមទាំងសម្ភារៈមួយចំនួនទៀត និងប្រេងសាំងសម្រាប់ចាក់រថយន្ត។
២- កង់មួយគ្រឿង ព្រមទាំងស្បែកជើងច្រើនគូរ សំពាធដាក់សៀវភៅ ព្រមទាំងខោអាវជាច្រើនកំប្លេ។
៣- ថវិកាចំនួន១៥ម៉ឺនរៀល បានមកពីមិត្តរួមថ្នាក់រៀននៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម (ជំនាន់ឆ្នាំ១៩៩៣-១៩៩៥) ដោយពួកគាត់តែងតែនាំគ្នាធ្វើអំពើល្អក្នុងសង្គម។ ជាក់ស្ដែងកន្លងទៅថ្មីៗ ក៏បាននាំគ្នារៃអង្គាសថវិកាមួយចំនួន ព្រមទាំងផ្ដល់អាហារឆ្ងាញ់មួយពេល ជូនដល់ក្មួយៗកុមារកំព្រានៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តកំពង់ចាមផងដែរ។
ហើយនៅពេលដែលក្មេងប្រុសឈ្មោះ រ៉េត សុខឃាង អាយុ១២ឆ្នាំ ពេលទទួលបានសៀវភៅ ប៊ិច ខ្មៅដៃ ព្រមទាំងរបស់របរមួយចំនួនទៀត ធ្វើឲ្យរូបគេមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដោយឆ្នាំសិក្សា២០២២-២០២៣ រូបគេរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាសូទិព្វ ទទួលបានចំណាត់ថ្នាក់លេខ៥ ប្រចាំឆ្នាំ។ ជាមួយគ្នានោះ គេនឹងប្ដេជ្ញាប្រឹងប្រែងរៀនសូត្រយកចំណាត់ថ្នាក់លេខ១ ឲ្យបាន។ មួយវិញទៀត សូម្បីតែរៀនភាសាអង់គ្លេស នៅសាលាឯកជន ស្រុកជើងព្រៃ ក៏គេមិនយកថវិកាដែរ ដោយសារតែឃើញជីវភាពក្រីក្រ។
គួរបញ្ជាក់ទៀតថា ក្មួយប្រុស និងអ៊ំស្រីឈ្មោះ ណយ សាយ បានលើកដៃសំពះបួងសួង សូមឱ្យទេវតា និងវត្ថុស័ក្តិសិទ្ធិតាមជួយថែរក្សាម្ចាស់អំណោយ ដែលបានផ្ដល់មកឲ្យក្រុមគ្រួសាររបស់គេ ពោលគឺឲ្យជួបតែសុភមង្គលក្នុងក្រុមគ្រួសារ។
គួររំលឹកថា ស្ត្រីមេម៉ាយឈ្មោះ ណយ សាម បានរៀបរាប់ប្រាប់ទាំងអូលដើម.កនារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្នុងគ្រាដែលគាត់នៅក្រមុំបានរកប្រាក់សន្សំធ្វើផ្ទះឈើមួយខ្នង ទុកគ្រាន់នៅនឹងគេ គឺធ្វើអំពីជញ្ជាំងបាំងស័ង្កសី ដំបូលក៏ប្រក់ស័ង្កសី។ គាត់មានកូន២នាក់ ក្នុងនោះកូនបងឈ្មោះ រ៉េត សុខឃាង អាយុ១២ឆ្នាំ រៀនថ្នាក់ទី៥ និងកូនពៅឈ្មោះ រ៉េត គាង អាយុ៨ឆ្នាំ រៀនថ្នាក់ទី៣ ចំពោះកូនពៅពេលទៅរៀន គឺបានបងស្រីឈ្មោះ ណយ សាយ អាយុ៥៤ឆ្នាំ ឌុបទៅសាលាទាំងទៅទាំងមក ហើយណាមួយបងស្រី ក៏មានសុខភាពមិនសូវល្អផងដែរ។
ស្ត្រីមេម៉ាយរូបនេះបានរំលឹកថា គាត់បានរៀបការជាមួយបុរសម្នាក់ឈ្មោះ ដេកា ដែលមានអាយុសប្បាលនឹងគាត់ដែរ។ តែជាមនុស្សមិនចេះរកស៊ីទំនុកបម្រុងដល់គ្រួសារទេ គឺពឹងផ្អែកមកលើប្រពន្ធជាអ្នកដោះស្រាយទៅវិញ។ ក្រោយមក ក៏បានលែងលះគ្នា ហើយខាងប្ដី បើតាមដំណឹងឮថា មានប្រពន្ធទៀត ព្រមទាំងមានកូនផងដែរ។ ចំពោះចំណងដៃអាពាហ៍ពិពាហ៍នេះ បានបន្សល់ទុកកូនប្រុសចំនួន២នាក់ ហើយចាប់តាំងពីថ្ងៃលែងលះគ្នាមកដល់សព្វថ្ងៃនេះ ប្ដីរបស់គាត់មិនដែលមកសួរសុខទុក្ខកូន និងប្រពន្ធម្ដងណាឡើយ។
ស្ត្រីមេម៉ាយរូបនេះបានរំលឹកបន្តថា ជីវិតត្រូវតែតស៊ូ គាត់បានធ្វើជាកម្មការិនីរោងចក្រកាត់ដេរមួយក្នុងស្រុកជើងព្រៃ បានជាង១ឆ្នាំ និងសន្សំលុយទិញកង់មួយគ្រឿងឲ្យកូនបងសម្រាប់ជិះទៅសាលារៀនរាល់ថ្ងៃ។ ប៉ុន្តែដោយសារសុខភាពរបស់គាត់មិនអំណោយផល ក៏បានឈប់ធ្វើការពីរោងចក្រតែម្ដងទៅ ចំណែកកូនប្អូនវិញ គឺមិនមានកង់ជិះទៅរៀននឹងគេនោះទេ។
ស្ត្រីមេម៉ាយរូបនេះបានរំលឹកបន្តទៀតថា ស្ថិតនៅក្នុងជីវភាពដែលមានការលំបាក ក៏ត្រូវបានអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភទំនុកបម្រុង ដោយមានអង្ករជាហូរហែ សម្រាប់ដាំបាយទទួលទាន។ ហើយមួយរយៈចុងក្រោយនេះ ប្រហែលជា៤ទៅ៥ខែ មិនដឹងជាយ៉ាងម៉េចនោះទេ គឺដោះខាងឆ្វេងឡើងដុំរឹង ក្រោយមកស្រាប់តែធំឡើងៗ ដំបៅហូរឈា.មធ្វើឲ្យគាត់សម្រាកមិនលក់។ ហើយមានពេលមួយ គាត់បានទៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីពិនិត្យមើលអាការៈជំងឺ តែមិនមានអ្នកកំដរ ដោយសារបងស្រីមានសុខភាពខ្សោយដែរ មិនអាចមើលថែទាំបាននោះឡើយ។
ស្ត្រីមេម៉ាយរូបនេះបានរំលឹកបន្តទៀតថា នៅពេលដែលជំងឺមហារីកដោះយាយីលើរាងកាយរួមទាំងកើតជំងឺឈា.ម.សស៊ីឈា.មក្រហមទៀត ដែលធ្វើឲ្យសុខភាពរបស់គាត់ចេះតែដុនដាបទៅៗ ដេកមិនលក់ និងក្តៅក្នុងខ្លួន តែចេះតែទ្រាំទៅ។ តាមពិត គាត់ចង់ព្យាបាលជំងឺនេះណាស់ តែមិនមានអ្នកកំដរពេលដែលទៅដេកពេទ្យ។ ជាមួយគ្នានោះបងស្រី ក៏សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយមេត្តាជួយសង្គ្រោះជីវិតគាត់ឲ្យផុតពីគ្រោះថ្នាក់ដល់អាយុជីវិតផង។
ចំណែកលោក កែវ ហុកគ្រី មេឃុំសូទិព្វវិញ ក៏មានប្រសាសន៍ឲ្យដឹងដែរថា កន្លងទៅ អាជ្ញាធរបានជួយឧបត្ថម្ភអង្គរដល់គ្រួសារក្រីក្រនេះជាហូរហែ ហើយថែមទាំងផ្ដល់ប័ណ្ណក្រីក្រជូនទៀតផង។ ក្នុងនាមអាជ្ញាធរឃុំ សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេសឲ្យជួបតែសេចក្តីសុខសាន្តគ្រប់ពេលវេលា។
បើតាមលោកវេជ្ជបណ្ឌិត គីម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តវិញ មានប្រសាសន៍ឲ្យដឹងដែរថា រូបលោកកំពុងតែធ្វើការទំនាក់ទំនងជាមួយប្រធានមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ដើម្បីបង្កលក្ខណៈងាយស្រួលឱ្យស្ត្រីមានជំងឺមហារីកដោះនេះ បានចូលមកវះកាត់ដោយឥតគិតថ្លៃ ដោយសារតែកត្តាជីវភាពក្រីក្ររបស់គាត់។
គួរបញ្ជាក់ទៀតថា ឥឡូវនេះ ប្រធានមន្ទីរសុខាភិបាលខេត្ត បាននាំស្ត្រីកើតជំងឺមហារីកដោះរូបនេះ មកធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តកំពង់ចាមដោយឥតគិតថ្លៃហើយ។ បើគិតត្រឹមព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ចែករំលែកព័តមាននេះ