ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ មកលេងព្រះរាជពិធីបុណ្យអុំទូក កោតសរសើរ​រាជធានីភ្នំពេញ​ មាន​ការ​ប្រែប្រួល​ ល្អ​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​

7 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលចូលរួម​ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះ​ព្រះខែ អកអំបុក ឆ្នាំនេះ នៅរាជធានីភ្នំពេញ បានកោតសរសើរ…

រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលចូលរួម​ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះ​ព្រះខែ អកអំបុក ឆ្នាំនេះ នៅរាជធានីភ្នំពេញ បានកោតសរសើរ ចំពោះការអភិវឌ្ឍ និងការរៀបចំ​សណ្តាប់​ធ្នាប់សាធារណៈ បានល្អប្រសើរ និង​មាន​ការ​អភិវឌ្ឍ​ល្អ​ប្លែក​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គួរឱ្យចង់ដើរទស្សនា ទាំងពេលថ្ងៃ និងពេលរាត្រី​​។

លោក អឿន សុភា ជាអ្នករត់រម៉កកង់បី ក្នុងឱកាសបុណ្យអុំទូកនេះ បានឱ្យដឹងថា ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅទីតាំងចំណុះទូកជ្រោយចង្វាត្រើយខាងកើត និងទីកន្លែង​សប្បាយជាច្រើន ​គឺមានវត្តមានប្រជាពលរដ្ឋជាច្រើន កុះករមកពីគ្រប់ទិសទី ដើរមកកម្សាន្ត។

លោក អឿន សុភា បានអរគុណចំពោះ​អាជ្ញាធររាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធ ដែលបានរៀបចំ​តុប​តែង​ភ្លើងលម្អ បង្កើតបានជាសោភ័ណភាពដ៏ល្អស្រស់ លើកកម្ពស់សម្រស់រាជធានី បានកាន់តែស្រស់ស្អាតខ្លាំង។

លោក​បញ្ជាក់​ថា​ « មនុស្សមកច្រើន ការរៀបចំក៏មានសណ្តាប់ធ្នាប់ ប្រជាជនមកលេងប្រកប​ដោយស្នាមញញឹម ព្រោះអាជ្ញាធររៀបចំបែបបទល្អ ជាងមុខឆ្ងាយ​។ ប្រជាពលរដ្ឋ យល់ដឹងចេះ​ទុកដាក់សំរាមត្រឹមត្រូវ ធ្វើឱ្យទីក្រុងមានសោភ័ណភាព។ ពេលកន្លែងណាចង្អៀតសមត្ថកិច្ចជួយ​សម្រួល »។ ​

ចំណែក​លោក ផាន និមល រស់នៅរាជធានីភ្នំពេញ បានមើលឃើញថា ការរៀបចំ​ព្រះរាជពិធីបុណ្យ​អុំទូកបានល្អប្រសើរ និងការអភិវឌ្ឍរាជធានីភ្នំពេញបែបនេះ ដោយសារតែកម្ពុជា មានសន្តិភាពបរិបូរណ៍ មានសន្តិភាពគឺមានការអភិវឌ្ឍ និងផ្តល់ភាពសប្បាយរីករាយដល់ភ្ញៀវជាតិ និងអន្តរជាតិ។ លោកសង្ឃឹមថា នៅឆ្នាំខាងមុខៗប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនថែមទៀត ហើយមានលទ្ធភាពរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកកាន់តែល្អប្រសើរថែមទៀត។

សូមបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ មានអគារខ្ពស់ៗ ចាប់ពី ៧ជាន់ឡើងទៅ រហូត ដល់ទៅជាង ២០០០អគារ ស្ពានអាកាស និងស្ពានអាកាសថ្មើរជើង ហើយបើតាមគម្រោង​ រដ្ឋបាលរាជធានីភ្នំពេញ និងកសាងស្ពានអាកាសថ្មើរជើងជាច្រើនទីតាំងទៀត នៅក្នុងរាជធានី​ភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងប្រទេសជាតិ មានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ