ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធីសប្បុរសធម៌​​ដោយប្រើប្រាស់បណ្តាញ​សង្គម​«ហ្វេសប៊ុក»«Facebook»ជួយកុមារខ្វះខាត

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ដើម្បីទាញ​យកផល​​ប្រយោជន៍​ពីការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌​មាន​ឱ្យមាន​ប្រយោជន៍ដល់​យុវជន​ខ្មែរ និង​អ្នក​​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ជា​ពិសេស​​គឺ​បណ្តាញ​សង្គម​ «ហ្វេសប៊ុក»​ កម្មវិធី​សប្បុរស​ធម៌​មួយ​នឹង​ត្រូវរៀប​ចំឡើង​នៅ​ឯផ្សារទំនើប​​ស៊ីធីម៉លក្នុង​រាជធានី​ភ្នំពេញ​នាទិវា​កុមារ​អន្តរ​ជាតិថ្ងៃ​ទី១ ​មិថុនា​ខាងមុខ​នេះ

រាជធានីភ្នំពេញ ៖ ​ដើម្បីទាញ​យកផល​​ប្រយោជន៍​ពីការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌​មាន​ឱ្យមាន​ប្រយោជន៍ដល់​យុវជន​ខ្មែរ និង​អ្នក​​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ជា​ពិសេស​​គឺ​បណ្តាញ​សង្គម​ «ហ្វេសប៊ុក»​ កម្មវិធី​សប្បុរស​ធម៌​មួយ​នឹង​ត្រូវរៀប​ចំឡើង​នៅ​ឯផ្សារទំនើប​​ស៊ីធីម៉លក្នុង​រាជធានី​ភ្នំពេញ​នាទិវា​កុមារ​អន្តរ​ជាតិថ្ងៃ​ទី១ ​មិថុនា​ខាងមុខ​នេះ ក្នុង​គោល​បំណង​ ​​ចែក​រំលែក​​ចំណេះ​ដឹង​ក៏ដូចជា​ផល​ប្រយោជន៍​​​ដល់​អ្នក​​ចូលរួម​ និង​ដើម្បី​ប្រមូល​​វិភាគទាន​ជួយ​​ដល់​កុមារ​ខ្វះ​​ខាត​ ។

លោក ស៊ីវ សុខឿន ស្ថាបនិកនៃក្រុមហ៊ុន SSK និងជាអ្នកផ្តួចផ្តើមគំនិតរៀបចំកម្មវិធីបាន ឱ្យដឹងពីគោលបំណងនៃការបង្កើតកម្មវិធីនេះ​ឡើងថា «ដោយសារតែខ្ញុំបានមើល​ឃើញ​ពី​ផលប្រយោជន៍យ៉ាងច្រើននៃប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន ដែលយុវជនខ្មែរភាគច្រើនមិនទាន់​ទទួល​បាននិងអាចប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា​ទាំង​នោះមិនចំគោលដៅ​ធ្វើឱ្យខាតបង់ប្រាក់​កាស​និងពេលវេលាឥតប្រយោជន៍ ។ ដូច្នេះការបង្កើត​កម្មវិធីនេះឡើងអាចនឹងចែកចាយផល​ប្រយោជន៍​ដល់មិត្តភាពនិងការផ្សារភ្ជាប់មិត្តភាព​ទៅនឹង​ផលប្រយោជន៍នៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌​មាន ព្រមទាំងផលប្រយោជន៍ច្រើនទៀត»។

លោកបន្តថា៖«មិនតែប៉ុណ្ណោះ កម្មវិធី​លើក​នេះក៏នឹងត្រូវធ្វើឡើងដើម្បីឱ្យកុមារមានឱកាស​កម្សាន្តសប្បាយជាមួយយើងនៅថ្ងៃទី១ ខែ មិថុនា ដោយអញ្ជើញមិត្តភក្តិហ្វេសប៊ុក​ដើម្បី​ឱ្យពួកគាត់មើលឃើញថា ពួកគាត់អាចជួយអ្វីខ្លះ ដល់កុមារកំព្រា និងសង្គម»។

តាមរយៈលោក ស៊ីវ សុខឿន ថ្វីដ្បិតតែនេះ​ជាកម្មវិធីលើកទី៤​ ហើយសម្រាប់ការជួបជុំ​មិត្តភក្តិហ្វេសប៊ុក ប៉ុន្តែវាជាកម្មវិធីសប្បុរសធម៌​លើកទី១ដែលពួកគេអាចចូលរួម​ជួយដល់​សង្គម ដែលកម្មវិធីលើកទី១ គឺ-(First Facebook Dinner Meeting) ដែលចាប់ផ្តើមរៀបចំនៅថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១០ ទី២-គឺ (Facebook Christmas Party) លើកទី៣-(Facebook Countdown New Year) ។

លោកស៊ីវ សុខឿន បានឱ្យដឹងទៀតថា កម្ម​​វិធីលើកទី៤ដែលត្រូវបានដាក់ឈ្មោះថា Facebook Charity Event នឹងត្រូវបានរៀបចំ ឱ្យមានការស្វាគមន៍ស្គាល់គ្នារវាង​មិត្តភក្តិហ្វេស ប៊ុក ការចែកចាយផលប្រយោជន៍តាមរយៈមិត្តភាព ការលើកទឹកចិត្តនៃការផ្សារភ្ជាប់មិត្តភាព​ទៅនឹងប្រយោជន៍និងភាពរីកចម្រើននៃប្រព័ន្ធ​បច្ចេកវិទ្យា ការប្រគំតន្រ្តីព្រមទាំងការចាប់រង្វាន់ និង​លេងល្បែងកម្សាន្តសប្បាយៗទៀតផង។

អ្នករៀបចំកម្មវិធីរូបនេះបានបន្ថែមថា៖«ដោយអ្នកចូលរួមត្រូវចំណាយថវិកាម្នាក់៣​ដុល្លារ ដើម្បីចូលរួមកម្មវិធីទាំងនេះរួមទាំងការ​ផ្តល់អាហារ និងភេសជ្ជៈផងដែរ។ យើងក៏នឹង​មានប្រអប់បរិច្ចាគមួយសម្រាប់ការបរិច្ចាគ​របស់សប្បុរសជនទៅតាមសទ្ធា ហើយថវិកា​ទាំងអស់ដែលបានមកពីការបរិច្ចាគនេះនឹងត្រូវ​បង្វែរជូនដល់មណ្ឌលកុមារUNICAS»។
លោក ប៊ុន សុខសិលា អ្នកដឹកនាំនៃមណ្ឌល កុមារ UNICAS ដែលមានទីតាំងស្ថិតក្នុងភូមិ​លិច​វត្ត សង្កាត់កំបូល ខណ្ឌដង្កោ រាជធានីភ្នំ​ពេញ​ បានបង្ហាញចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​របស់​លោកថា៖«តាមពិត មិត្តភក្តិហ្វេសប៊ុក​យើង​​តែង​តែបានជួបគ្នាក្នុងពិធីបុណ្យទានផ្សេងៗហើយ​យើងបានគិតគ្នាថា បើសិនជាយកឱកាស​នេះ​​ចូល​រួមជួយកុមារកំព្រាហ្នឹងទៅតាមការស្ម័គ្រ​ចិត្ត​ជាការល្អហើយយើងក៏ចង់ឱ្យ​ខ្មែរយើងចេះ​ជួយ​រួមចំណែកក្នុងបញ្ហាសង្គមកុមារកំព្រា​ ស្ត្រីមេ​ម៉ាយ​ជាដើម»។

តាមរយៈអ្នកដឹកនាំអង្គការរូបនេះ សព្វថ្ងៃ​មណ្ឌលកុមារ UNICAS មានកុមារកំព្រា កុមារ រងគ្រោះនិងត្រូវគេបោះបង់ចោលកំពុងស្នាក់​អាស្រ័យចំនួន៩២នាក់ ដែលកុមារទាំង​នេះ មាន​អាយុចាប់ពី៣ឆ្នាំរហូតដល់១៨ឆ្នាំ​ ដែលត្រូវ​បាន​ផ្តល់នូវតម្រូវការជាមូលដ្ឋានផងដែរដូចជា ការផ្តល់ជម្រកស្នាក់ នៅម្ហូបអាហារ សម្លៀក បំពាក់​ ការថែទាំសុខភាព ព្រមទាំងឱកាសអប់រំ ដូចជាកុមារទូទៅនៅក្នុងសហគមន៍ ។

លោកប៊ុន សុខសិលា បានបន្ថែមទៀតថា៖«ជារៀងរាល់ឆ្នាំ យើងតែងតែជ្រើសរើសយកថ្ងៃ ហ្នឹង (ទិវាកុមារអន្តរជាតិ)ដើម្បីឱ្យកុមារ​សប្បាយ ជាធម្មតាយើងតែងតែនាំ​កុមារ​ទៅ​​កម្សាន្តនៅកន្លែងកម្សាន្តផ្សេងៗទៅតាម​លទ្ធ​ភាព ដោយយើងមានមធ្យោបាយ និងម្ហូប​អាហារវេច ខ្ចប់ខ្លះៗដែលបានមកពីដំណាំកសិកម្ម និងការ ចិញ្ចឹមសត្វដូចជា​មាន់ទាផ្សេងៗនៅក្នុង​មណ្ឌល ដោយកុមារខ្លួនឯងដាក់វេនគ្នាក្នុងការ​ថែទាំដើម្បី កាត់បន្ថយការចំណាយផ្សេងៗនៅ​ក្នុងមណ្ឌល»។

កម្មវិធីសប្បុរសធម៌សម្រាប់អ្នកប្រើប្រាស់​ហ្វេសប៊ុក នឹងត្រូវរៀបចំឡើងនៅផ្សារ​ទំនើប​ស៊ីធីម៉លជាន់ទី២ចាប់ពីម៉ោង៥ល្ងាចដល់​ម៉ោង​៨យប់ ដែលនឹងមានការចូលរួមពីបណ្តា​មិត្ត​ភក្តិគ្រប់ស្រទាប់នៃបណ្តាញសង្គម «ហ្វេស​ប៊ុក» ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន​ចេញ​ពីការចូលរួមសំណេះសំណាលនិងផ្តល់​យោបល់​ឱ្យគ្នាទៅវិញទៅមក​ពាក់ព័ន្ធទៅនឹង​ការរីក​ចម្រើននៅក្នុងវិស័យការងារ ការអប់រំ​ព្រម​ទាំង​សកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ៕