ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យ​នៃព្រះរាជពិធី​បុណ្យអុំទូក គឺជាសមិទ្ធផល​ដ៏ធំមួយ​ទៀត នៃរាជរដ្ឋាភិបាលដឹកនាំ​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

7 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក…

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ ៣ថ្ងៃ បានប្រារព្ធធ្វើយ៉ាង​អធិកអធ័ម និងប្រកបដោយជោគជ័យ។

ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់ បានចូលរួមកម្សាន្តសប្បាយ​នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយ​ក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូង សម្រាប់​រាជរដ្ឋាភិបាល បន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធ័ម និងជោគជ័យនៃព្រះរាជពិធីបុណ្យ​ប្រពៃណីជាតិដ៏ធំ ក្នុងឆ្នាំ​២០២៣នេះ មានអត្ថន័យច្រើនយ៉ាង៖

ទី១៖ គឺជាភស្តុតាង ដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព ស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ដែលសាងឡើងដោយ​សម្តេច​តេជោ ហ៊ុន សែន យ៉ាងពិតប្រាកដ។ សុខសន្តិភាព និងស្ថិរភាពសង្គមនេះហើយ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេស។

ទី២៖ ភាពអធិកអធមរយៈពេល៣ថ្ងៃនេះ គឺជាជោគជ័យនៃវិស័យទេសចរណ៍កម្ពុជា ពីព្រោះតាមរយៈព្រឹត្តិការណ៍នេះ មានអ្នកទេសចរក្នុងស្រុកជាច្រើនលាននាក់ បានចូលរួមធ្វើដំណើរកម្សាន្តនៅគ្រប់ទិសទី ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏មានភ្ញៀវទេសចរបរទេស​ជាច្រើន បានចូលរួមកម្សាន្តសប្បាយប្រកបដោយបេតិសោមនស្សយ៉ាងក្រៃលែង។ នេះសបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា មានភាពរស់រវើកឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩។

ទី៣៖ ក្តីសប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទីមជ្ឈដ្ឋាន សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា តាំងពីសម័យសម្តេចតេជោ រហូតដល់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកសាង និងអភិវឌ្ឍប្រទេស ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបង្កលក្ខណៈគ្រប់បែបយ៉ាង ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធា និងទទួលបានការសប្បាយរីករាយ មានស្នាមញញឹម​ប្រកបដោយក្តីសង្ឃឹម ចំពោះជោគវាសនាអនាគតរបស់ខ្លួន។

ទី៤៖ នេះជាសមិទ្ធផលធំធេងមួយទៀត មិនអាចប្រកែកបានរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបេសកកម្មដឹកនាំប្រទេសត្រឹមតែរយៈពេលជាង ៩០ថ្ងៃប៉ុណ្ណោះ។ សមិទ្ធផលថ្មីនេះ នឹងត្រូវកត់ត្រាបន្ថែមពីលើសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ សម្រេចបានជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ​ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃអង្គព្រះមហាក្សត្រ និងដោយមានការគាំទ្រយ៉ាងរឹងមាំពីសំណាក់​ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ