ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​អុំទូក​ទី​៣! អណ្ដាតភ្លើង​ឆាបឆេះ​បំផ្លាញ​ជាង​២០០​តូប នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២

5 ខែ មុន
  • ភ្នំពេញ

តូប​លក់ដូរ​ជាង​២០០​តូប នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២ រួម​ជាមួយ​ទំនិញ សម្ភារៈ​ទាំងអស់​នៅ​ក្នុង​តូច​ទាំងនោះ ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្ទេច​អស់ទាំង​ស្រុង​នៅ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​ទី​៣ ខណៈ​ពេល​ដែល​ម្ចាស់​កំពុង​តែ

រាជធានី​ភ្នំពេញ ៖ តូប​លក់ដូរ​ជាង​២០០​តូប នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២ រួម​ជាមួយ​ទំនិញ សម្ភារៈ​ទាំងអស់​នៅ​ក្នុង​តូច​ទាំងនោះ ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​ខ្ទេច​អស់ទាំង​ស្រុង​នៅ​ក្នុង​ថ្ងៃ​បុណ្យអុំទូក​ទី​៣ ខណៈ​ពេល​ដែល​ម្ចាស់​កំពុង​តែ​ដេក​លង់លក់​តាម​ផ្ទះ​រៀង​ៗ​ខ្លួន ហើយ​ការ​ឆាបឆេះ​នោះ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ក្នុង​ផ្សារ​បុរី​សន្តិភាព​២ ស្ថិត​ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន បាន​ប្រាប់​ឲ្យ​ដឹង​ថា អណ្ដាតភ្លើង​បាន​ចាប់ផ្ដើម​ឆាបឆេះ​ដំបូង​ចេញពី​តូប​នៅ​កណ្ដាល​ផ្សារ​តែ​ម្ដង រួច​ទើប​ឆេះ​រាលដាល​ទៅ​ដល់​តូប​ខាង​ៗ​ជា​បន្តបន្ទាប់​យ៉ាង​សន្ធោសន្ធៅ​។ ម្យ៉ាងទៀត នៅ​ពេល​កំពុង​តែ​ឆេះ​តិច​ៗ​នោះ គឺ​ពុំ​មាន​នរណា​បានដឹង​ភ្លាម​ៗ​នោះ​ទេ ព្រោះ​ខណៈ​ពេល​នោះ​ពុំ​មាន​អ្នក​លក់ដូរ​ឡើយ ហើយ​តូប​ទាំងអស់ ត្រូវ​បាន​បិទទ្វារ ដោយ​ម្ចាស់​តូប​នីមួយ​ៗ​បាន​នាំ​គ្នា​ទៅ​ដេក​នៅផ្ទះ​រៀង​ៗ​ខ្លួន​អស់​ទៅ​ហើយ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង​ឡើង ទើប​ដឹង ហើយ​នាំ​គ្នា​មក​ពន្លត់ ប៉ុន្តែ​ពុំ​អាច​ពន្លត់​ទាន់​នោះ​ទេ​។ ក្រោយមក កម្លាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចេញ​អន្តរាគមន៍ ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​មក​ពី​បណ្ដា​អង្គភាព និង​ក្រុមហ៊ុន​នានា ទៅ​ជួយ​ពន្លត់ភ្លើង​នោះ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ធ្វើការ​ពន្លត់ភ្លើង​តាំងពី​ពេល​ឆេះ រហូត​ដល់​វេលា​ម៉ោងជាង​៨​ព្រឹក​ថ្ងៃ​ដដែល ទើប​អណ្ដាតភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​ប្រើប្រាស់​ទឹក​អស់​ជា​ច្រើន​រថយន្ត ហើយ​ចំពោះ​មូលហេតុ​នៃ​ការ​ឆាបឆេះ​នោះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​គ្រោះ​មហន្តរាយ​បង្ក​ឡើង​ដោយ​អគ្គិភ័យ​ខាងលើ​នោះ បាន​បំផ្លាញ​តូប​លក់ដូរ​របស់​អាជីវករ​អស់​ចំនួន​២២០​តូប រួម​ទាំង​អីវ៉ាន់ និង​សម្ភារៈ​នៅ​ក្នុង​តូប​ទាំងអស់​ផង​ដែរ​។ ប៉ុន្តែ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្លា​.​ប់ ឬ​រង​របួស​ឡើយ ដោយសារ​តែ​ពេល​ភ្លើង​ឆេះ​នោះ ពុំ​មានការ​លក់ដូរ ឬ​មាន​មនុស្ស​ស្ថិត​នៅ​ទីនោះ​ឡើយ គឺ​តូប​ត្រូវ​បាន​បិទទ្វារ​អស់​ទៅ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ