ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ឈ្មោះ​«ភូមិ​តិ​រិ​ច្ឆា​ន»ដែលមាន​ប្រវត្តិ​បះបោរ​របស់​អ្នក​ភូមិ​ក្រាំង​​លាវ ​

2 អាទិត្យ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រវត្តិសាស្ត្រ​បាន​ចារ​ទុកជា​តំណរដល់​កូនចៅ​ជំនាន់ ​ក្រោយ​គឺ​ការ​តស៊ូ​បះបោរ​ប្រឆាំង​នឹង​អាណានិគម​បារាំង​នៅ​ឆ្នាំ១៩២៥ គ្រា​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង ដែល​កាល​ណោះ បាន​ទារ​ព​ន្ឋ​ដា ត្រា​ភាស៊ី​ហួសហេតុ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រង​ទុក្ខវេទនា…

ខេត្តកំពង់ឆ្នាំង ៖ ប្រវត្តិសាស្ត្រ​បាន​ចារ​ទុកជា​តំណរដល់​កូនចៅ​ជំនាន់ ​ក្រោយ​គឺ​ការ​តស៊ូ​បះបោរ​ប្រឆាំង​នឹង​អាណានិគម​បារាំង​នៅ​ឆ្នាំ១៩២៥ គ្រា​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​បារាំង ដែល​កាល​ណោះ បាន​ទារ​ព​ន្ឋ​ដា ត្រា​ភាស៊ី​ហួសហេតុ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ រង​ទុក្ខវេទនា រក​ប្រាក់​បង់​ព​ន្ធ​ឱ្យ​បារាំង​មិន​បាន ហើយ​បាន​កើត​ចលនា​តស៊ូ​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព​មក​វិញ​។

យោង​តាម​ឯកសារ​ដែល​សរសេរ​នៅ​លើ​ស្លាក​យ៉ាង​ធំ​១​ជាប់​និង​ចេ​តី​យ៍​បា​ដេ​ស មុខ​វត្ត​ប​ល័​ង្គ​រង្សី ហៅ​វត្ត​ក្រាំង​លាវ ក្នុងភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ​ មាន​ខ្លឹមសារ​សង្ខេប​ថា៖

​«ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​១៩២៥​ មាន​ចលនា​ដ៏​ឃោរឃៅ​មួយ និង​គួរ​ឲ្យ​រំភើប​ដែល​ផ្ទុះ​ឡើង​ក្នុង​ចំណោមកសិករ​ខ្មែរ​សុទ្ធសាធ​នៅ​ក្នុង​វត្ត និង​ក្បែរ​សាលាឃុំ​ក្រាំង​លាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​ដឹកនាំ​ដោយ​នារីក្លាហាន​២​នាក់ ។ មុន​ឈាន​ដល់​ការ​សម្លាប់​ជនជាតិ​បារាំង​មាន ឈ្មោះ ប៉ា​ដេ​ស មាន​ឋានៈ​ជា​រេ​ស៊ី​ដង់ ព្រមទាំង​អ្នកបកប្រែ​ម្នាក់​ឈ្មោះ​ថី​សួន និង​អង្គរក្ស​ម្នាក់ ឈ្មោះ​ឡា​ច ។

គឺ​នៅ​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ មាន​ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ប៊ី (​ដូច​មាន​រូបថត​ជាប់​មក​ជាមួយ​) បាន​
យក​បាយ​ទៅ​ឲ្យ​ប្ដី ឈ្មោះ ស៊ី​ប ដែល​កំពុង​តែ​ជាប់​ឃុំឃាំង​នៅ​ក្នុង​សាលាឃុំ​រលាប្អៀរ ជាមួយនឹង​មនុស្ស​ប្រុស​ៗ​ប្រមាណ​១០នាក់ ។ ​ជាមួយនឹង​ការ​យកបាយ​ទៅ​ឲ្យ​ប្ដី​នេះ​ដែរ យាយ ប៊ី បាន​យក​ប្រាក់​សម្រាប់​ទៅ​លោះ​ប្ដី​ផង​ដែរ​។ ប៉ុន្តែ​ការ​លោះ​ប្តី​ចេញ​មក​វិញ គឺ​មិន​បាន​សម្រេច​ទេ ដោយសារ​ក្នុង​ចំណោម​មនុស្ស​ប្រុស​ជាង​១០នាក មាន​អ្នក​ទៅ​លោះ​ប្ដី​តែ​ម្នាក់ ទើប​ជនជាតិ​បារាំង មិន​ព្រម ។

ក្រោយមក ​ក៏​មានការតមាត់​ដាក់​គ្នា​ជា​ខ្លាំង ។​ដោយសារ​តែ យាយ​ប៊ី ជា​ស្ត្រី​ខ្មែរ​ក្លាហាន​ហ៊ាន​តតាំង​ជាមួយ​បារាំង​ខ្លាំង​ពេក បារាំង​ឈ្មោះ​បា​ដេ​ស បាន​បញ្ជារ​ឱ្យបាញ់​សម្លាប់​យាយ​ប៊ី ។ តែ​នៅ​គ្រា​ដែល អង្គរក្ស ឈ្មោះ ឡា​ច បាន​តម្រង់​កាំភ្លើង​ទៅ​រក យាយ​ប៊ី និង​ស្ត្រី​ខ្មែរ​ម្នាក់​ទៀត ដែល​មក​ជា​មួយ ហើយ​រៀប​តែ​នឹង​កេះកៃ មាន​យុវជន​ម្នាក់​ទៀត​បាន​កៀស​កាណុង​កាំភ្លើង​ឡើង លើ​ហើយ​ក៏​ផ្ទុះ​គ្រាប់​ឡើង​។

ស្រាប់តែ​ចលនា​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​នោះ​ផ្ទុះ​កំហឹង ព្រួត​គ្នា​វាយ​សម្លាប់ ជនជាតិ​បារាំង ឈ្មោះ បា​ដេ​ស ព្រមទាំង​អ្នកបកប្រែ​ឈ្មោះ សួន និង​អង្គរក្ស​​ឈ្មោះ ឡា​ច ស្លាប់​ទៅ រួច​បាន​យក​សព​ទាំង៣​នាក់ មក​គរ​លើ​គ្នា​នៅ​ចំណុច​ធ្វើ​ចេ​តី​យ៍​សព្វថ្ងៃ​។

ក្រោយ​ពី​ព្រឹត្តិការណ៍​ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​កំហឹង​សម្លាប់​រ៉េ​ស៊ី​ដង់ បា​ដេ​ស ព្រមទាំង​ឈ្មោះ​ឡា​ច​និង​ឈ្មោះ​សួន មិន​ដល់​១០ថ្ងៃ​ផង ក៏​មាន​ប្រកាស​របស់​ព្រះមហាក្សត្រ​ខ្មែរ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​បារាំង​បាន​ឡាយ​ព្រ​ហ​ស្ថ​លេខា ប្តូរ​ឈ្មោះ​ភូមិ​ក្រាំង​លាវ ទៅ​ជាភូមិ​តិរច្ឆាន​វិញ ព្រោះ​គេ​បាន​សន្មត់​ថា ​ពួក​បាតុករ​ថា​ជា​សត្វ​តិរច្ឆាន មិន​ស្គាល់​ខុស មិន​ស្គាល់​ត្រូវ ហ៊ាន​សម្លាប់​លោក​ធំ​បារាំង ។

មិន​ត្រឹមតែ​ប៉ុណ្ណឹង បាន​បញ្ជា​ឲ្យអ្នក​ភូមិ​សង់​ចេ​តី​យ៍​មួយ សម្រាប់​ឧទ្ទិស​ដល់​អ្នក​ទាំង​៣​ដែល​បាន​ស្លាប់ ហើយ​បញ្ជា​ឲ្យ​អ្នក​ភូមិ​រៀង​រាល់​ឆ្នាំ គឺ​នៅ​ថ្ងៃ​ទី១៨ ខែមេសា ត្រូវធ្វើ​បុណ្យ​នៅ​ចេតិយ​នោះ​ម្ដង ដែល​បុណ្យ​នោះ​មានឈ្មោះ «បុណ្យ​លាង​ទោស​កំហុស​របស់​ខ្លួន» ។ ជាមួយ​គ្នា​នោះ​ដែរ រដ្ឋការ​បារាំង​បាន​បញ្ជារ​តាម​ចាប់​អ្នក​បះបោរ​ និង​មេ​ខ្លោងបន្ត​ទៀត ។ កាលនោះ​ អ្នកស្រុក​ភ័យ​ស្លន់ស្លោ​ផ្អើល​ជ្រួលច្របល់​ម្នាក់​ៗ​នាំ​រៀន​រត់​ចូល​ព្រៃ​ខ្លះ​ឡើង​ភ្នំ​តា​បាំង​ជាដើម​។ អ្នក​ដែល​ចាប់​បាន ត្រូវ​យក​មក​ឃុំឃាំង វ៉ៃ​សួរ​ចម្លើយ​។

ក្រោយមក​ រយៈពេល​ប្រមាណ​ជិត​មួយ​ឆ្នាំ គឺ​មានការ​អន្តរាគមន៍​ពី​ព្រះ​មហេសី​មួយ​អង្គ របស់​លួង​ព្រះ​ស៊ី​សុវត្ថិ មាន​ដើម​កំណើត​នៅ​ឃុំ​បន្ទាយ​ព្រាល ​ក្បែរ​ឃុំ​ក្រាំង​លាវ ទើប​ព្រះ​អង្គ​បាន​ចេញ​ព្រះ​រាជ​ប្រកាស​លុបឈ្មោះ​ភូមិ​តិរច្ឆាន មក​ជា​ភូមិ​ក្រាំង​លាវ​វិញ នៅ​ថ្ងៃ​ទី៩ ខែមេសា​ឆ្នាំ ១៩២៦​។

ឆ្លង​តាម​ឯកសារ​ការ​រៀបរាប់ខាងលើ និង​ភស្តុ​តាង ដូច​ជា​ចេតិយ​បុរាណ ទីតាំង​វត្ត​ក្រាំង​លាវ ប្រជាពលរដ្ឋ​ភូមិ​ក្រាំង​លាវ រូបសំណាក រូបថត​លោកយាយ​ប៊ី ការ​និយាយ​ឈ្មោះ​ភូមិ​តិ​រិ​ច្ឆា​ន និង​ឯកសារ​ទាំង​អស់នេះ​ពិតជា​ធ្វើ​ឲ្យ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សោ​ធ​នាដកម្ម អនុស្សាវរីយ៍​ដ៏​ល្វីង​ជូ​ចត់ ចំពោះ​អំពើ​សងសឹក​យ៉ាង​អមនុស្សធម៌ របស់​បារាំង​មក​លើ​បណ្ដារាស្ត្រ ភូមិ​ក្រាំង​លាវ​ដូច​ជា​ប្រជា​ជាតិ​ខ្មែរ​ទាំងមូល​។​ឈ្មោះ ភូមិ​តិ​រិ​ច្ឆា​ន​នេះ​គឺជា​មរតក របស់​អាណានិគម​បារាំង​សេស នៅ​ចុង​សតវត្ស​ទី​១៩ ៕​

អត្ថបទសរសេរ ដោយ