ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ស្ត្រី​ម្នាក់​ទ្រហោយំ ពេល​ឃើញ​ភ្លើង​ឆាប​ឆេះ​​ផ្ទះ​សន្ធោសន្ធៅ​ខ្ទេច​ត្រឹម​មួយប៉ប្រិចភ្នែក

5 ខែ មុន
  • បាត់ដំបង

លំនៅ​ដ្ឋា​ន​ចំនួន​២​ខ្នង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ខណៈ​មួយ​ខ្នង​ទៀត រង​ការ​ខូចខាត​អស់​ប្រហែល​១០% ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង

ខេត្តបាត់ដំបង ៖ លំនៅ​ដ្ឋា​ន​ចំនួន​២​ខ្នង ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់ ខណៈ​មួយ​ខ្នង​ទៀត រង​ការ​ខូចខាត​អស់​ប្រហែល​១០% ដែល​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ការ​ទុ​ស្សេ​ខ្សែភ្លើង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​បិ​វេលា​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែវិច្ឆិកា នៅ​ចំណុច​ភូមិ​ស្លា​កែ​ត ស្ថិត​ក្នុង​សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។

បើ​តាម​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច បាន​ប្រាប់​ឲ្យ​ដឹង​ថា អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​ស្រប​ពេល​ម្ចាស់ផ្ទះ​មិន​ទាន់​ងើប​ពី​ដំណេក​នៅឡើយ​ទេ ហើយ​ជន​រង​គ្រោះ​ខ្លះ​បានដឹង​នៅ​ពេល​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ​។ ដូច្នេះ​ហើយ ទើប​ផ្ទះ​ខ្លះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ដោយសារ​តែ​ពន្លត់​មិន​ទាន់ រហូត​ខូចខាត​អស់​ផ្ទះ​ចំនួន​២​ខ្នង​ទាំងស្រុង រីឯ​មួយ​ខ្នង​ទៀត​ខូចខាត​បន្តិចបន្ដួច​»​។

បើ​តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា លំនៅ​ដ្ឋា​ន​ទាំង​៣​ខ្នង​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ខាងលើ​នេះ រួម​មាន ៖ ១- ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​x៧​ម៉ែត្រ ដែល​មាន​ម្ចាស់​ឈ្មោះ រី ចាន់​ធី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ (​ឆេះ​អស់ទាំង​ស្រុក​)​។ ២- ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​x៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ សម សុ​ស្ថាបនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ (​ឆេះ​អស់ទាំង​ស្រុង​) និង​៣- ផ្ទះ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ទំហំ​៥​ម៉ែត្រ​គុណ​៨​ម៉ែត្រ ម្ចាស់ផ្ទះ​ឈ្មោះ ម៉ី ម៉ៃ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ (​ខូចខាត​១០%)​។

តាម​របាយការណ៍​សមត្ថកិច្ច បាន​ឲ្យ​ដឹង​បន្ត​ថា នៅ​កន្លែង​កើតហេតុ ពុំ​មាន​ប្រភព​ណាមួយ​អះអាង​ពី​ចំណុច​ចាប់ផ្ដើម​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើតឡើង​ឡើយ​។ ប៉ុន្តែ​ប្រភព​ក្រៅផ្លូវការ​បាន​សង្ស័យ​ថា អគ្គិភ័យ​នេះ បាន​ឆាបឆេះ​ដំបូង​នៅ​ម្ដុំ​ផ្ទះ​ស្ត្រី​ឈ្មោះ ចាន់​ធី ហើយ​ក៏​ឆេះ​រាលដាល​យ៉ាង​ខ្លាំង​ត្រឹម​មួយប៉ប្រិចភ្នែក សូ​ម្បី​តែ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​មក​ជួយ​ស្ទើរតែ​មិន​ចង់​ទាន់​ផង​។ ចំណែក​ផ្ទះ​ចំនួន​២​ខ្នង ក្នុង​ចំណោម​៣​ខ្នង ក៏​បាន​ក្លាយជា​ផេះ​ទាំងស្រុង ដោយ​ម្ចាស់ផ្ទះ​ពុំ​អាច​រំដោះ​ទ្រព្យសម្បត្តិ​អ្វី​បាន​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ខាងលើ​នោះ គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​ទ្រហោយំ ដែល​មាន​អ្នក​ភូមិ​រាប់​សិប​នាក់​ចោមរោម​គាត់​។ ហើយ​គាត់​យំ​បណ្ដើរ ប្រឹង​និយាយ​ទៅ​កាន់​អ្នក​សួរនាំ​បណ្ដើរ​ថា «​ខ្ញុំ​ឈ្មោះ រី ចាន់​ធី ជា​ស្ត្រី​មេម៉ាយ​កូន​៣​នាក់​។ ផ្ទះ​ខ្ញុំ ត្រូវ​ភ្លើង​ឆេះ​អស់​ទៅ​ហើយ ខ្ញុំ​រត់​រួច​ត្រឹម​មួយ​ចង្កេះ​ជាប់​ខ្លួន​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​បានដឹង​ថា មាន​ភ្លើង​ឆេះ​ពី​ដំបូង​ទេ តែ​ពេល​នោះ​ខ្ញុំ​ធំក្លិន​ផ្សែង លុះ​ខ្ញុំ​ភ្ញាក់​ពី​ដំណេក​រក​មើល ស្រាប់តែ​ឃើញ​ភ្លើង​ឆេះ​ផ្ទះ​ខ្ញុំ​ទៅ​ហើយ​។ ខ្ញុំ​សង្ស័យ​ទុ​ស្សេ​ខ្សែភ្លើង​»​។

គួរ​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ មាន​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​ខេត្ត ចំនួន​៤​គ្រឿង បាន​ព្យាយាម​ជួយ​បា​.​ញ់​ទឹក​ពន្លត់​អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​នោះ​។ ប៉ុន្តែ​ដោយសារ​តែ​អគ្គិភ័យ​ឆាបឆេះ​លឿន​ពេក ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​ត្រឹម​បា​.​ញ់​ទឹក​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​ឆេះ​ឆ្លង​បន្ត ខណៈ​ផ្ទះ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង តែ​ពុំ​មាន​គ្រោះថ្នាក់​មនុស្ស​ណា​ម្នាក់​ទេ​។

យ៉ាងណា​ក្ដី ពេល​នេះ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បាន​និង​កំពុង​ចុះ​ត្រួតពិនិត្យ និង​សួរនាំ​ម្ចាស់ផ្ទះ​ហើយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ និង​តុល្យការ​នៃ​ការ​ខូចខាត​ទ្រព្យសម្បត្តិ ដើម្បី​ជួយ​សង្គ្រោះ​បឋម​ដល់​គ្រួសារ​រង​គ្រោះ​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ