ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៣​នេះ​ ចំនួន​ទូក​កើន​៤០​ បើប្រៀបធៀប​ទៅ​​​ឆ្នាំ​២០១៩

10 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្ដម ប៊ូ ជុំ​សេរី អនុប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​មេ​​ប្រយោគ បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៣​នេះ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​ទូក​ចូលរួម​ប្រកួត​ចំនួន​៣៣៧ទូក…

រាជធានី​ភ្នំពេញ​ ៖ ឯកឧត្ដម ប៊ូ ជុំ​សេរី អនុប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​មេ​​ប្រយោគ បាន​បញ្ជាក់​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០២៣​នេះ​ធំ​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​ទូក​ចូលរួម​ប្រកួត​ចំនួន​៣៣៧ទូក គឺ​កើនឡើង​ជាង​ឆ្នាំ​២០១៩​ចំនួន​៤០​ទូក និង​មាន​ប្រទីប​របស់​បណ្តា​ក្រសួង​ស្ថាប័ន​នានា ប្រមាណ​៣០​ប្រទីប ដែល​មាន​ភាពល្អ​ប្រណិត ដែល​ធ្វើ​ឱ្យ​ព្រះរាជ​ពិធីបុណ្យ​នេះ​កាន់តែ​មាន​ភាព​អធិកអធម សប្បាយ​រីករាយ​។

ឯកឧត្ដម ប៊ូ ជុំ​សេរី អនុប្រធាន​អនុ​គណៈកម្មការ​បច្ចេកទេស និង​គណៈកម្មការ​មេ​ប្រយោគ បានឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​នេះ មាន​ទូក ចូលរួម​ប្រកួត​សរុប​ចំនួន​៣៣៧​ទូក​ក្នុង​នោះ​ទូក​អុំ​បុរស​មាន​ចំនួន​១៥៨​ទូក​ទូក​ចែវ​មាន​ចំនួន​៥២​ទូក​ក្នុង​នោះ​មាន​ទូក​ចែវ​នារី​ចំនួន​១​ទូក​។ ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន​១៣៤ ទូក ក្នុង​នោះ​មាន​ទូក​នារី​ចំនួន​២​គូ ។ ចំណែក​កីឡាករ​អុំទូក​សរុប​មាន ចំនួន​ជាង​២០៤០០​នាក់​(២០៤១៧) ក្នុង​នោះ​កីឡាករ​បំរុង​ចំនួន​ជិត​៣៨០០​នាក់​(៣៧៦៥)​។

ឯកឧត្ដម បាន​បន្ថែម​ថា ឆ្នាំ​នេះ​ទូក​ចូលរួម​ប្រកួត​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៩​ចំនួន​៤០​ទូក និង​មាន​ប្រទីប​របស់​បណ្តា​ក្រសួង​ស្ថាប័ន​នានា ប្រមាណ​៣០​ប្រទីប ។ ឯកឧត្ដម មាន​ប្រសាសន៍ រំពឹង​ថា​ក្នុង​ពិធីបុណ្យ​នេះ​នឹង​មាន អ្នកចូលរួម​កម្សាន្ត​និង​ទស្សនា​កាន់តែ​មាន​កំណើន​ខ្ពស់ ។ សេដ្ឋកិច្ច​យើង​ក៏​ជឿនលឿន ប្រទេស​ក៏​មាន​សន្តិសុខ សន្តិភាព​គ្រប់កន្លែង ប្រជាពលរដ្ឋ​មាន​ឆន្ទៈ ដើម្បី​ចូលរួម​បុណ្យអុំទូក ដោយ​ក្ដី​សប្បាយ​រីករាយ ម្យ៉ាងទៀត​រាជរដ្ឋាភិបាល​បាន​ប្រកាស​ថា បុណ្យអុំទូក​ឆ្នាំ​នេះ មានការ​ប្រារព្ធ​យ៉ាង​អា​ធឹ​ក​អា​ធ​ម​ជាង​ឆ្នាំ​មុន​ៗ ហេតុ​ដូចនេះ ហើយ​ប្រជា​ពលរដ្ឋ​នឹង​មានការ​ចូលរួម​ច្រើន​។

លោក ពន្លឺ ជា​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពង់ឆ្នាំង បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដែល​ឆ្នាំ​នេះ​ប្រទេស​កម្ពុជា​យើង​បាន​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប​និង សំពះ​ព្រះ​ខែ អក​អំបុក​ឡើង​វិញ បន្ទាប់​ពី​ខកខាន​អស់​មួយ​រយៈពេល​មក ។ លោក​ថា នេះ​ជា​ឱកាស​មួយ​ក្នុង​ការ​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​អន្តរជាតិ​ដែល​បាន​មក​លេង​កម្សាន្ត​នៅ​ប្រទេស​យើង ដូច្នេះ​សូម​បងប្អូន​យើង​ដែល​អញ្ជើញ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី សូម​មានការ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឱ្យ​បាន​ល្អ​ជៀសវាង​កើត​ឧបទ្ទវហេតុ​ដោយ​ប្រការ​ណាមួយ​។

ឯកឧត្តម​បញ្ជាក់​ថា «​ជា​ទំនៀមទម្លាប់​វប្បធម៌​របស់​សង្គម​ជាតិ​យើង ដែល​យើង​ត្រូវ​ប្រារព្ធ​ឡើង​ដោយ​មិន​មានការ​បង្ក​នូវ​អំពើ​ហឹ​ង្សា​។ យើង​ប្រារព្ធ​ឡើង​ដើម្បី​ជា​ការ​ដឹងគុណ ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី ជា​ថ្ងៃ​អកអំបុក សំពះ​ព្រះ​ខែ​ជា​ថ្ងៃ​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​វប្បធម៌​របស់​ខ្មែរ​យើង ចូល​យើង​រក្សា​ទាំងអស់​គ្នា ដើម្បី​ឱ្យ​ពិភពលោក​បានដឹង​ថា ជា​ទំនៀមទម្លាប់​ជា​វប្បធម៌​របស់​ជនជាតិ​ខ្មែរ ជា​បេះដូង​មួយ​រួម​ជាតិ​ទាំងអស់​គ្នា ដើម្បី​ឱ្យ​ប្រទេស​ជាតិ​របស់​យើង និង​វប្បធម៌​របស់​យើង​រីក​ថ្កុំថ្កើង​ឡើង​នៅ​លើ​ពិភពលោក​»​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ​គឺ​ជាំ​ប្រពៃណី​ជាតិ​នេះ ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​ដែល​មាន​តាំងពី​បុរាណកាល​មក នឹង​ជា​ព្រះរាជ​ពិធីបុណ្យ​ដ៏​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។

ព្រះរាជ​ពិធីបុណ្យ​អុំទូក ណ្ដែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​នេះ ប្រព្រឹត្ត​ទៅ​រយៈពេល​៣​ថ្ងៃ ពោល​គឺ​នៅ​ថ្ងៃ​ទី ២៦-២៧-​និង​២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះ​បរមរាជវាំង ។ នា​ឱកាស​នោះ​ក៏​មានការ​អុជ​កាំជ្រួច​រៀង​រាល់ពេល​ល្ងាច​រយៈពេល​៣​ថ្ងៃ ចំនួន​៣​ដង និង​នៅ​ពាក់​កណ្តាល​អ​ធ្រា​ត្រ​ថ្ងៃ​ទី​២​ម្តងទៀត ដែល​ជា​យប់ សំពះ​ព្រះ​ខែ​និង​អកអំបុក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ