សម្រេចឃុំខ្លួនចិន៣១នាក់ តៃវ៉ាន់ម្នាក់ វៀតណាមម្នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ករណីចាប់បង្ខាំងមនុស្សខុសច្បាប់
រាជធានីភ្នំពេញ ៖ ព័ត៌មានចុងក្រោយ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង…
រាជធានីភ្នំពេញ ៖ ព័ត៌មានចុងក្រោយ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង…
រាជធានីភ្នំពេញ ៖ ព័ត៌មានចុងក្រោយ កាលពីល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងជនជាតិចិនដីគោក ចំនួន៣១នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ តំណាងអយ្យការ បានបើកការស៊ើបសួររួចហើយ ពីបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ មានស្ថានទម្ងន់ទោស និងបទ ប៉ុនប៉ងឆបោក មានស្ថានទម្ងន់ទោស និងបទ ឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា ២៥៣ មាត្រា២៥៤ មាត្រា២៧ មាត្រា៣៧៧ និងមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីតំណាងអយ្យការ ធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ទើបកាលពីល្ងាចថ្ងៃខែនេះ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យទាំង ៣៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការ ផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន ។
សូមជម្រាបថា ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរៈសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក អេង សោភា ជានាយការិយាល័យ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់បញ្ជូនជនសង្ស័យពាក់ពន្ធករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ក្នុងទិសដៅដើម្បីជម្រិតទារប្រាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ចំនួន៣៣នាក់ ក្នុងនោះមានជនជាតិចិនដីគោក ៣១នាក់ ចិនតៃវ៉ាន់ម្នាក់ និងវៀតណាមម្នាក់ ហើយសំណុំរឿងក៏បានដល់ដៃតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី ។
សូមបញ្ជាក់ថា កាលពីថ្ងៃរំលងអាធ្រាត្រយប់ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនសមត្ថកិច្ចគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សចំនួន ៤១នាក់ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស ជំរិតទារប្រាក់ និង បើកល្បែងស៊ីសងអនឡាញ ដោយខុសច្បាប់។ ការចុះបង្ក្រាបនោះ គឺសមត្ថកិច្ច ធ្វើឡើងតាមពាក្យបណ្តឹងរបស់នារីម្នាក់ជាជនជាតិវៀតណាម ដែលចេះនិយាយភាសាខ្មែរ ដោយអះអាងថា ប្អូនប្រុសរបស់នាង ត្រូវបានជនមួយក្រុមចាប់បង្ខាំង និងជំរិតទារប្រាក់ចំនួន២,៥០០ដុល្លារអាមេរិក ក្រោយពីពួកគេល្បួងលួងលោមឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនទាំងអស់នោះ បែរជាចាប់ប្អូនប្រុសគាត់(ដើមបណ្តឹង) បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីបង្ខាំងជំរិតទារប្រាក់ទៅវិញ។
បងស្រីជនរងគ្រោះ ប្រាប់សមត្តកិច្ចថា ប្អូនប្រុសរបស់គាត់បានផ្ញើសារតាមរយៈទូរសព្ទបញ្ជាក់ពីទីតាំង ដែលក្រុមជនសង្ស័យចាប់យកទៅបង្ខាំងជំរិតទារប្រាក់នោះ ទើបគាត់បានទៅរាយការណ៍ និងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ និងរំដោះប្អូនប្រុសគាត់ពីកណ្តាប់ដៃជនឧក្រិដ្ឋដល់ទីតាំងនោះ ។
ក្នុងរង្វង់ប្រតិបត្តិការ កម្លាំងសមត្តកិច្ចនគរបាល បានឡោមព័ទ្ធទីតាំងមួយកន្លែង ដែលមានអគារកម្ពស់ ៣ជាន់ ឃាត់ខ្លួនមនុស្សចំនួន៤១ នាក់ ក្នុងនោះមានជនជាតិបរទេស ចំនួន៣៣នាក់ ស្រីម្នាក់ ។
ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានធ្វើការដកហូតរថយន្តចំនួន ០៤គ្រឿង រួមមាន ៖
-រថយន្ត ម៉ាករ៉ូសរ៉ូយមួយគ្រឿង
-រថយន្ត ម៉ាកធន់ត្រា មួយគ្រឿង
-រថយន្ត ម៉ាកអាល់ហ្វាត មួយគ្រឿង
-រថយន្ត ម៉ាកឡង់គ្រីស័រ មួយគ្រឿង
-ទូរសព្ទដៃ ចំនួន ១៧គ្រឿង និងម៉ូតូ០២គ្រឿង ។
បន្ទាប់មកជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ចែករំលែកព័តមាននេះ