យុត្តិធម៌ងាយស្រួលនិយាយ និងងាយស្រួលសរសេរ ប៉ុន្តែវាពិបាកក្នុងការអនុវត្តផ្ទាល់។ ហេតុដូច្នេះបានជាមនុស្សជាច្រើនតែងតែស្រែកសួរថា តើមានទេយុត្តិធម៌នៅក្នុងលោកនេះ? មនុស្សខ្លះទៀតក៏ចេញមុខមកនិយាយដោយត្រង់តែម្តងថា គ្មានទេ យុត្តិធម៌នៅលើលោក។
ទោះជាគ្មានចម្លើយពិតប្រាកដថា លោកនេះមាន ឬគ្មានយុត្តិធម៌ ប៉ុន្តែគ្រប់គ្នាបានឱ្យតម្លៃទៅលើយុត្តិធម៌ថា នាំមកនូវសេចក្តីសុខ ការរីកចម្រើន ភាពស្រុះស្រួលគ្នារបស់ប្រទេសជាតិ។ សង្គមមានយុត្តិធម៌ ប្រទេសជាតិមានសុខដុមរមនា។ ក្នុងនោះ ទោះមិនបានយុត្តិធម៌១០០% ប៉ុន្តែគ្មាននរណាម្នាក់អាចទទួលយកបាននូវភាពអយុត្តិធម៌ ដែលផ្ទុយពីយុត្តិធម៌នោះទេ។

យុត្តិធម៌ សំដៅដល់ភាពទៀងត្រង់ សច្ទភាព ការប្រព្រឹត្តិត្រឹមត្រូវប្រកបដោយគុណធម៌ និងការរួមរស់ជាមួយគ្នារបស់កោសិកាសង្គម ដោយគ្មានការរើសអើង បក្សពួក និងក្រុម។ អ្នកស្រឡាញ់យុត្តិធម៌ជាមនុស្សប្រកបកិច្ចការចិញ្ចឹមជីវីតដោយធម៌ គឺការចិញ្ចឹមជីវិតត្រឹមត្រូវ ។
តាមការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ការចិញ្ចឹមជីវិតត្រូវ គឺការមិនបៀ.តបៀនអ្នកដទៃ មិនកេងប្រវ័ញ្ចអ្នកដទៃ និងមិនភូតកុហក បោ.កបញ្ឆោ.តអ្នកដទៃ ដើម្បីតែខ្លួនទទួលលាភសក្ការៈសម្រាប់តែខ្លួន។ អ្នកស្រឡាញ់យុត្តិធម៌ គឺជាអ្នកស្រឡាញ់ផលប្រយោជន៍រួមជាធំ។

មនុស្សត្រូវការយុត្តិធម៌គ្រប់កន្លែង រាប់តាំងពីសង្គមគ្រួសាររហូតដល់សង្គមជាតិ។ នៅកន្លែងធ្វើការយុត្តិធម៌ គឺជាបំពេញការងារតាមតួនាទីភារៈកិច្ច មុខងាររបស់អង្គភាព ហើយផលទទួលបានទៅតាមអ្វីដែលបានបំពេញ។ នៅក្នុងសង្គមជាតិ ពលរដ្ឋមានសិទ្ធិ មានសេរីភាព រស់នៅស្របតាមច្បាប់។ រដ្ឋមានភារៈកិច្ចគ្រប់គ្រង ដឹកនាំប្រទេស មើលថែពលរដ្ឋពីគ្រោះអាសន្ននានា ដែលបណ្តាលមកពីមនុស្ស និងធម្មជាតិ ក្រោមដំបូលនៃច្បាប់។ ចំណែកពលរដ្ឋជាម្ចាស់ប្រទេស មានកាតព្វកិច្ចគាំទ្រ និងចូលរួមដល់ការដឹកនាំរបស់រដ្ឋ តាមរយៈការគោរពច្បាប់ទម្លាប់ និងការផ្តល់សេវាឱ្យរដ្ឋបំពេញការងារបម្រើខ្លួន ដូចជាការបង់ពន្ធអាករជាដើម។

សង្គមគ្រួសារ ឬសង្គមប្រទេសជាតិ មានយុត្តិធម៌ មានការរីកចម្រើន មានកិត្យានុភាព និងមានការរួមរស់ជាមួយគ្នាជាយូរអង្វែង ដ្បិតអីគេបានដឹងថា ទីណាមានភាពអយុត្តិធម៌ ទីនោះតែងតែមានការរើបម្រះ។
លោក ប្លាតុង បានលើកឡើងថា «យុត្តិធម៌ គឺជាតម្លៃខ្ពស់បំផុតសម្រាប់ធ្វើឲ្យបុរី ស្ថិតនៅក្នុងភាពមានលំនឹង និងសណ្តាប់ធ្នាប់។ ដើម្បីឲ្យមានយុត្តិធម៌ ត្រូវរៀបចំមនុស្សម្នាក់ៗទៅតាមទីកន្លែង និងទៅតាមអ្វីដែលមនុស្សទាំងនោះត្រូវធ្វើ ហើយមិនត្រូវរំលោ.ភបំពា.នទៅលើសកម្មភាពបំពេញការងាររបស់អ្នកទាំងនោះឡើយ»។

យុត្តិធម៌មានន័យថា មិនបង្កផលអាក្រក់ដល់អ្នកដទៃ ហើយមិនបំពា.នទៅលើកម្មសិទ្ធិរបស់អ្នកដទៃ។ អ្នកដែលបានចែករំលែកនូវច្បាប់មានន័យថា អ្នកនោះបានចែករំលែកនូវយុត្តិធម៌។ នេះបើតាមលោក ស៊ីសេរ៉ុង ទស្សនៈវិទូក្រុងរ៉ូម។
សរុបមក យុត្តិធម៌ជាការចាំបាច់នៅក្នុងជីវិតមនុស្ស។ ការបង្កើតច្បាប់ និងប្រព័ន្ធតុលាការ គឺជាការកសាងនីតិរដ្ឋ ដើម្បីធានាយុត្តិធម៌នៅក្នុងសង្គមជាតិ។ ប្រទេសណាក៏មានច្បាប់សម្រាប់គ្រប់គ្រងដែរ ជាពិសេសប្រទេសដែលគេហៅថា នីតិរដ្ឋ។

យុត្តិធម៌ ដ៏ត្រឹមត្រូវ ជាការអនុវត្តច្បាប់បានយ៉ាងតឹងរឹងបំផុត។ ច្បាប់ មានតម្លៃពិតប្រាកដ បម្រើផលប្រយោជន៍មនុស្សទូទៅ ហើយបានអនុវត្តដោយស្មើភាពគ្នា គ្មានបក្ស គ្មានពួក។ មាននីតិរដ្ឋបែបនេះ សង្គមនោះនឹងរឹងមាំ ហើយទទួលបានសុខដុមរមនាជាក់ជាមិនខានឡើយ៕

ចែករំលែកព័តមាននេះ