ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ​០៨​នាក់ ទៅ​តុលាការ ក្រោយ​ឃាត់ខ្លួន​៣​ករណី​ផ្សេង​គ្នា

5 ខែ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ០៨​នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​លួច​៣​ផ្សេង​គ្នា បន្ទាប់​ពី​ត្រូវ​បាន​កម្លាំង​តាម​បណ្តា​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ នេះ​បើ​យោង​តាម​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

ករណី​ទី​១ ៖ កាលពី​វេលា​ម៉ោង​០៣​និង​២០​នាទី រំលង​អ​ធ្រា​ត ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​បណ្តឹងផ្ទាល់​មាត់​មក​កាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ លើ​ករណី​លួច​សម្ភារ មាន​ដូច​ជា ម៉ាស៊ីនត្រជាក់ ប្រអប់​ភ្លើង និង​ដែក ក្នុង​ខុន​ដូ​មួយ​កន្លែង នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ភ្លាម​ៗ​នោះ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​បើក​ការ​ស្រាវជ្រាវ តាម​ស្វែងរក​ជនសង្ស័យ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ រួម​មាន ៖
១/​ឈ្មោះ​ផៃ ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ
២/​ឈ្មោះ ជឿន វី​ឌូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ
៣/​ឈ្មោះ រតនៈ ធា​រ៉ា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៤/​ឈ្មោះ គុណ សម្បត្តិ​ពិសី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ
៥/​ឈ្មោះ អ៊ឹម ដេ​កាន់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ។ ដោយ​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ ។

ជនសង្ស័យ​ទាំង​០៥​នាក់​បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​សម្ភារ នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ដោយ​កន្លង​មក​ពួក​ខ្លួន​ធ្លាប់​ធ្វើ​សកម្មភាព​លួច​សម្ភារ​ផ្សេង​ៗ​ជា​ច្រើន​លើក​មក​ហើយ​។ ដោយ​សព្វថ្ងៃ​ពួក​ខ្លួន ក៏​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ផង​ដែរ ។

ករណី​ទី​២ ៖ កាលពី​វេលា​ម៉ោង​២២ និង​៥០​នាទី ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៣ មាន​ប្រជាពលរដ្ឋ​ប្តឹង​បណ្តឹង​ផ្ទាល់មាត់ មក​កាន់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​រយៈ​លេខ​ទូរ​សព្ទ​បន្ទាន់ ១២៩១ របស់​មណ្ឌល​បញ្ជា​ប្រតិបត្តិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ លើ​ករណី​លួច​ផ្ទាំង​សឡា​បំភ្លឺ​ផ្លូវ នៅ​ចំណុច​ទល់មុខ​សួនសត្វ​សា​ហ្វា​រី ស្ថិត​នៅ​វិ​ថី​ឈ្នះ​ឈ្នះ ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​រួច​មក កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​កំពុង​ល្បាត​នៅ​ក្បែរ​នោះ ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ភ្លាម​ៗ រួម​មាន ៖
ទី​១-​ឈ្មោះ ធែ​ល សុ​ភ័ក្ត្រ ហៅ​អ្នកតា​ទឹក ភេទ​ប្រុស អាយុ​២៩​ឆ្នាំ
និង​ទី​២-​ឈ្មោះ សា​វន វិ​សិត ហៅ​ជេ​ម ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ ដោយ​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ ។

ជនសង្ស័យ​ទាំង​០២​នាក់ បាន​សារភាព​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព លួច​ផ្ទាំង​សឡា នៅ​ចំណុច​ទីតាំង​ខាងលើ ពិតប្រាកដ​មែន ដោយ​សព្វថ្ងៃ​ពួក​ខ្លួន​ជា​មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន និង​ធ្លាប់​ជាប់​នៅ​មណ្ឌល​កែប្រែ​ផង​ដែរ ។

ករណី​ទី​៣ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ ចាន់ វណ្ណៈ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ បាន​ធ្វើ​សកម្មភាព​លួច​ទូរ​សព្ទ​ដៃ ពី​ជន​រង​គ្រោះជា​អ្នក​រត់​ម៉ូតូ​កង់​បី កាលពី​យប់​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​កោះ​ពេជ្រ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវ​បាន​កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​ភ្លាម​ៗ ចំណែក​ទូរ​សព្ទ​ដៃ ដែល​ដកហូត​បាន​ពី​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ