ខេត្តកំពង់ឆ្នាំង ៖ ថ្លែងចេញពីទឹកដីខេត្តកំពង់ឆ្នាំង សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ត្រូវគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ជៀសវាងដឹកលើសទម្ងន់ ហើយកុំប្រើយ័ន្ដ បិទតាមកញ្ចក់រថយន្ដ ព្រោះយ័ន្ដនោះ ជួយមិនបានឡើយ ។
នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ដល់បាត់ដំបង និងបើកការដ្ឋានសាងសង់ពីសិរីសោភ័ណ ទៅប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកថា កាលពីប្រជុំរវាងរ ដ្ឋាភិបាល-វិស័យឯកជន សម្ដេចបានសម្រេចឲ្យលើកការអនុញ្ញាតទម្ងន់ នៃការដឹកជញ្ជូនពី ៤០តោន ទៅ៤៥តោន ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចមានលទ្ធភាពដឹកបានលើសបន្តិច ដើម្បីកាត់បន្ថយចំណាយ ព្រោះគាត់អាចមួយជើងគាត់ អាចសន្សំថែម ៥តោន ។
សម្ដេចធិបតី បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់ អំពីការកំណត់ទម្ងន់ នៃការដឹកជញ្ជូននេះ ដើម្បីថែរក្សាផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង ដែលជាសមិទ្ធផលរួមទាំងអស់គ្នា ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា ៖ «ប៉ុន្តែអ្វីដែលសំខាន់ គឺបងប្អូនប្រជាពលរដ្ឋរបស់យើង អ្នកដែលមានឡានដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន កុំប្រើយ័ន្តខ្លាំងពេក យ័ន្ដបិទតាមកញ្ចក់នោះ ព្រោះយ័ន្ដហ្នឹង តែអនុវត្តតឹង ក៏អត់ជួយបានដែរ យ័ន្ដហ្នឹងឥឡូវត្រូវពិនិត្យរួមទាំងអស់គ្នា ព្រោះពេលដែលយើងហៅឡានដឹកជញ្ជូនមកគាត់ថា គាត់ក៏ចង់ដឹកត្រឹមត្រូវដែរ ប៉ុន្តែឲ្យគេដឹកត្រូវគ្នាដែរ ដូចគ្នាទាំងអស់ គោរពទាំងអស់គ្នា» ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីថែទាំផ្លូវថ្នូលឲ្យប្រើប្រាស់បានយូរ ហើយក្រសួងសាធារណការ ត្រូវធ្វើការជាមួយវិស័យឯកជន ដើម្បីដំណោះស្រាយបញ្ហាដឹកលើសទម្ងន់នេះ ។
សូមជម្រាបថា ការលើករបស់សម្តេចធិបតី បន្ទាប់ពីមានក្រុមហ៊ុនមួយចំនួន បានបិទស្លាកសញ្ញាជាអក្ស នៅមុខកញ្ចក់រថយន្ត ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចជំនាញ មិនហ៊ានហៅសួរនាំ ក៏មាន ៕
ចែករំលែកព័តមាននេះ