ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់​! ក្រុម Messi បដិសេធ​ចចាមអារ៉ាម​កិច្ចព្រមព្រៀង​ប្រកួត​ទល់​ក្រុម Ronaldo

8 ខែ មុន

សហរដ្ឋអាមេរិក ៖ ក្លិប​បាល់ទាត់ Inter Miami បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រកាស​

សហរដ្ឋអាមេរិក ៖ ក្លិប​បាល់ទាត់ Inter Miami បាន​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រកាស​ផែនការ​សម្រាប់​ជំនួប​រវាង​កំពូល​ខ្សែប្រយុទ្ធ​ទាំង​ពីរ Lionel Messi និង Cristiano Ronaldo ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ខែកុម្ភៈ ឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី ESPN ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា កន្លង​ទៅ​។

ការ​ចេញផ្សាយ​ពី​បណ្តាសារ​ព័ត៌មាន​ជា​ច្រើន​ជុំវិញ​ពិភពលោក​ដ៏​កក្រើក​ពិភព​បាល់ទាត់ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា បាន​អះអាង​ថា ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្លិប Inter Miami នៅ​លី​គ​កំពូល​សហរដ្ឋអាមេរិក (MLS) និង​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Pro League) ត្រូវ​បាន​ប្រកាស​ដោយ​អ្នក​រៀបចំ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រកួត Riyadh Season Cup ហើយ​គ្រោង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Kingdom Arena នៅ​ខែកុម្ភៈ ឆ្នាំ​ក្រោយ​។

បន្ទាប់​ពី​លេច​ចេញ​ដំណឹង​នេះ ក្លិប Inter Miami ភ្លាម​ៗ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​បញ្ជាក់​ថា ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​ត្រូវ​បាន​សម្រេច​នៅឡើយ​ទេ​។ នាយកដ្ឋាន​ទំនាក់ទំនង​ក្លិប​បាន​បញ្ជាក់​ថា «​សេចក្តី​ប្រកាស​មួយ​ត្រូវ​បាន​ចេញ​ដោយ​បញ្ជាក់​ថា Inter Miami គ្រោង​នឹង​ប្រកួត Riyadh Season Cup ដែល​នេះ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ ការ​ចេញផ្សាយ​របស់ Inter Miami រួម​បញ្ចូល​សេចក្តីថ្លែងការណ៍​ដែល​សន្មត​ដោយ​ម្ចាស់​ក្លិប លោក Jorge Mas ដោយ​បញ្ជាក់​ថា លោក​មិន​បាន​បញ្ចេញមតិ​ជា​សាធារណៈ ឬ​ឯកជន​ណាមួយ ទាក់ទង​នឹង​ដំណើរ​នៃ​ការ​ប្រកួត​ទេសចរណ៍​មុន​បើក​រដូវ​កាល​ថ្មី​នោះ​ទេ​។

ជាមួយនឹង​ការ​ចេញ​មក​បដិសេធ​របស់​ក្លិប Inter Miami បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​សម្តែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ដោយ​គ្រប់​គ្នា​សុទ្ធតែ​ទន្ទឹងរង់ចាំ​ជំនួប​រវាង Lionel Messi និង Cristiano Ronaldo សារ​ជា​ថ្មី​ម្តងទៀត​។ ការ​ជួប​គ្នា​ចុង​ក្រោយ​រវាង​កំពូល​ខ្សែប្រយុទ្ធ​ទាំង​ពីរ​កើតឡើង​កាលពី​ខែមករា ដើមឆ្នាំ​នេះ ពោល​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង PSG គ្រា​ដែល Messi ប្រកប​អាជីព​នៅ​បារាំង​ទល់​នឹង​ក្រុម​អា​រ៉ាប់ All Star ដែល​ត្រូវ​ជ្រើសរើស​ចេញពី​ក្រុម Al Nassr និង​ក្រុម Al Hilal នៅ​ទីក្រុង Riyadh ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​បាន​បញ្ចប់​ទៅ​ដោយ PSG យកឈ្នះ​ដោយ​លទ្ធផល ៥-៤ ។

គួរ​រំលឹក​ថា កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi បាន​ផ្លាស់​ពី​ក្លិប PSG មក​ចូលរួម​ជាមួយនឹង​ក្លិប Inter Miami កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ ជាមួយនឹង​កុងត្រា​រយៈពេល​២​ឆ្នាំ ខណៈ​ដែល​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo បាន​ចេញពី​ក្លិប Manchester United ទៅ​ចូលរួម​ជាមួយនឹង​ក្លិប Al Nassr កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២២ លើ​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ