ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ពិធី​អុំទូក ដែល​នឹង​មក​ដល់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ចរន្ត​សាច់ប្រាក់​នៅ​ក្នុង​សង្គម​ខ្មែរ មាន​ចរន្ត​តាម​រយៈ​ការ​ចាយវាយ លក់ដូរ និង​ការ​ចំណាយ​របស់​រដ្ឋ​ក្នុង​ការ​រៀបចំ​កម្មវិធី ជា​ផ្នែក​មួយ​ជួយ​ដល់​ដង្ហើម​សេដ្ឋកិច្ច​

ពិធី​អុំទូក ដែល​នឹង​មក​ដល់​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ចរន្ត​សាច់ប្រាក់​នៅ​ក្នុង​សង្គម​ខ្មែរ មាន​ចរន្ត​តាម​រយៈ​ការ​ចាយវាយ លក់ដូរ និង​ការ​ចំណាយ​របស់​រដ្ឋ​ក្នុង​ការ​រៀបចំ​កម្មវិធី ជា​ផ្នែក​មួយ​ជួយ​ដល់​ដង្ហើម​សេដ្ឋកិច្ច​ផង​ដែរ​។

មានការ​លើក​ឡើង​ថា ដោយសារ​ជីវភាព​មានការ​លំបាក ពលរដ្ឋ​ឥឡូវ​មានការ​ត្បិតត្បៀត​រឿង​ចាយវាយ ធ្វើ​ឱ្យ​កម្លាំង​ទិញ​នៅ​កម្ពុជា​ធ្លាក់​ចុះ ពោល​គឺ​តាម​ផ្សារ​មាន​តែ​អ្នកលក់ គ្មាន​អ្នកទិញ​។ ការ​ចរន្ត​សាច់ប្រាក់​ធ្លាក់​ចុះ គ្មាន​ការ​ចាយវាយ នោះ​វា​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផង​ដែរ​។

ចរន្ត​សាច់ប្រាក់​វិល ដោយសារ​ពិធីបុណ្យ​ប្រចាំឆ្នាំ ដែល​បាន​អាកខាន​រៀបចំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ដោយសារ​មាន​ពលរដ្ឋ​ប្រមាណ​៣​លាន​នាក់ ត្រូវ​គេ​រំពឹង​ថា ដើរ​កម្សាន្ត​នៅ​ភ្នំពេញ​។ ជាមួយ​គ្នា​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​ចេញពី​ទីក្រុង​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ប្រទេស និង​មាន​អ្នកខ្លះ​ទៀត អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​ផង​ដែរ​។

ពិធីបុណ្យ​ប្រណាំងទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប បាន​ខក​ខាត​ជា​ច្រើន​ឆ្នាំ​ជាប់​គ្នា​មក​ដោយសារ​កូ​វី​ដ​១៩ និង​កម្ពុជា​ជាប់រវល់​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ ដូច​ជា កិច្ចប្រជុំ​កំពូល​អាស៊ាន ជាដើម​។ នៅ​ឆ្នាំ​ពិធីបុណ្យ​អុំទូក ចំ​ថ្ងៃ​ទី​២៦ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា គឺ​ត្រូវ​នឹង​ថ្ងៃអាទិត្យ ចន្ទ និង​ថ្ងៃ​អង្គារ បូក​ជាមួយ​ថ្ងៃ​សៅរ៍​មួយ​ថ្ងៃ​ថែម​ទៀត ឃើញ​ថា ពលរដ្ឋ​មាន​ថ្ងៃ​ឈប់​សម្រាក​យ៉ាងតិច​៤​ថ្ងៃ ដូច្នេះ​ពួក​គេ​អាច​នឹង​ធ្វើ​ដំណើរ​ទេសចរណ៍​បាន​យ៉ាង​ងាយស្រួល​។

លោក សុផល ពលរដ្ឋ​ម្នាក់​លក់ដូរ​តាម​រទេះរុញ​ក្នុង​ក្រុងភ្នំពេញ មាន​ក្តី​សប្បាយ​រីករាយ ដែល កម្ពុជា​រៀបចំ​បុណ្យអុំទូក​ឡើង​វិញ​។ បុរស​វ័យ​៤៦​ឆ្នាំ អ្នកលក់​ទឹក​សុទ្ធ ភេ​ជ្ជៈ​កំប៉ុង និយាយ​ថា លោក​រំពឹង​ថា នឹង​អាច​រក​ប្រាក់​ច្រើន​ជាង​ថ្ងៃ​ធម្មតា​នៅ​ពេល​អុំទូក ដែល​មាន​អ្នក​ដើរ​កម្សាន្ត​ច្រើន​នោះ​។ «​ខ្ញុំ​ធម្មតា ខ្ញុំ​អាច​រក​ប្រាក់​បាន​៥​ម៉ឺន​រៀល ដល់​ពេល​អុំទូក​សង្ឃឹមថា អាច​រកបាន​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​។ រាល់​ថ្ងៃនេះ លំបាក​ណាស់ រក​ប្រាក់​បាន​តិច ប៉ុន្តែ​ចំណាយ​ច្រើន​ទំនិញ​ឡើងថ្លៃ​រហូត​»​។

លោក​សុផល នៅ​ភ្នំពេញ​ជួល​បន្ទប់​ស្នាក់​នៅ​ជុំ​គ្នា​ក្នុង​តម្លៃ​៤០​ដុល្លារ នៅ​ម្តុំ​ផ្លូវ​រទេះភ្លើង​។ ចំណែក​ប្រពន្ធ​របស់​លោក​ទូលកញ្ជើ​ផ្លែ​ឈើ​លក់ ដែល​អាច​រក​ប្រាក់​ប្រហាក់ប្រហែល​លោក​ដែរ​ក្នុង​មួយ​ថ្ងៃ​។

ចំណែក​លោក ម៉ា​នី មន្ត្រីរាជការ​ម្នាក់ បាន​និយាយ​ថា ប្រសិនជា​ពលរដ្ឋ​ដើរ​កម្សាន្ត​ច្រើន ហើយ​ពួក​គាត់​មាន​ថវិកា​ចាយវាយ​នោះ ពិតជា​ប្រការ​មួយ​ល្អ ដែល​បាន​ជួយ​ដល់​សេដ្ឋកិច្ចជាតិ​។ មន្ត្រីរាជការ​រូប​នេះ និយាយ​ថា បច្ចុប្បន្ន​នេះ មិន​ថា​លោក ឬ​អ្នក​ផ្សេង​នោះ​ទេ មានការ​រឹតត្បិត​ចាយវាយ​ខ្លាំង​ណាស់ ដោយសារ​តម្រូវការ​ចំណាយ​សំខាន់​ៗ​ចំពោះ​មុខ​ច្រើន​ពេក ដូច​ជា​ត្រូវ​បង់​ធនាគារ​ជាដើម​នោះ​។ ដូច្នេះ​អ្វី​មិន​សំខាន់ គេ​មិន​ចំណាយ​នោះ​ឡើយ​។

«​មិន​ថា​ខ្ញុំ គេ​នោះ​ទេ ប្រាក់ខែ​បើក​បាន​ទុក​គ្រាន់​បង់​ធនាគារ​ប៉ុណ្ណោះ មិន​ហ៊ាន​ចាយវាយ​ផ្តេសផ្តាស​នោះ​ទេ​។ ប្រាក់​សល់​ពី​បង់​ធនាគារ មាន​តិច​តូច បើ​ចាយវាយ​មិន​គិត គ្មាន​លុយ​ហូប​បាយឡើយ​។ ខ្ញុំ​ក៏​ឮ​មិន​ភ័ក្តិ​ជា​ច្រើន​ត្អូញ​ពី​សេដ្ឋកិច្ច ហើយ​តាម​ទិដ្ឋភាព​ជាក់ស្តែង យើង​ឃើញ អាជីវកម្ម​ជា​ច្រើន​បាន​បិទទ្វារ ដូច​ជា ភោជនីយដ្ឋាន​ជាដើម ដោយសារ​គ្មាន​អ្នកទិញ​»​។ នេះ​បើ​តាម​លោក​ម៉ា​នី បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​។

អាជ្ញាធរ រាជធានី​ភ្នំពេញ បាន​កំពុង​រៀបចំ​សណ្តាប់ធ្នាប់ និង​ត្រៀម​ទីតាំង​តាម​បណ្តោយ​ទន្លេសាប សម្រាប់​ពលរដ្ឋ​ដើរ​កម្សាន្ត ស្តង់​លក់ដូរ និង​ការ​សម្តែង​សិល្បៈ​ជាដើម​។ តាម​គម្រោង​ព្រះរាជ​ពិធី​ឆ្នាំ​នេះ នឹង​មាន ទូក​.​ង ចូលរួម​ប្រណាំង​ប្រមាណ​ជាង​៣០០​ទូក និង​មាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​ប្រមាណ​ជិត​២​ម៉ឺន​នាក់ ព្រមទាំង​មាន​ប្រទីប​ចូលរួម​ប្រមាណ​ជាង​២០​ប្រទីប​ទៀត​ផង​។

ចំពោះ​ទីតាំង​សម្រាប់​ការ​ស្នាក់​នៅ​របស់​កីឡាករ​ចំណុះ​ទូក​វិញ ត្រូវ​បាន​បែងចែក​ជា​២​ទីតាំង ក្នុង​នោះ​នៅ​អតីត​ឃ្លាំង​សាំង ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ មួយ​ទីតាំង និង​នៅ​ខាងកើត​ទន្លេសាប ស្ថិត​ក្នុង​ដី​អភិ​វឌ្ឍន៍ OCIC ខាងជើង​រង្វង់​មូល​នាង​មច្ឆា ខណ្ឌ​ជ្រោយចង្វា មួយ​ទីតាំង​ទៀត ហើយ​ទីតាំង​ទាំង​២​នេះ នឹង​រៀបចំ​បណ្តាញទឹក ភ្លើង ព្រម​ទាំ​ន់​បង្គន់​អនាម័យ​ផង​ដែរ​។

តិច ឬ​ច្រើន នៅ​ពេល​ដើរ​កម្សាន្ត​ពលរដ្ឋ​នឹង​ចំណាយ​ថវិកា ហើយ​ការ​រៀបចំ​កម្មវិធី​របស់​រដ្ឋ ក៏​គេ​រាប់​ថា ជា​ការ​ចំណាយ​ផង​ដែរ​។ រដ្ឋ​ចំណាយ​លើ​ការ​រៀបចំ​កម្មវិធី​បុណ្យ មាន​ដូច​ជា ចំណាយ​សម្រាប់​មន្ត្រី បុគ្គលិក សន្តិសុខ ចំណាយ​លើ​ការ​រៀបចំ​ប្រទីប ចំណាយ​ទិញ​កាំជ្រួច ចំណាយ​អគ្គិសនី ទឹក ការ​សំអាត​ទីក្រុង ចំណាយ​លើ​ការ​ផ្សព្វផ្សាយ​ជាដើម សុទ្ធ​សឹង​ជា​ចរន្ត​សាច់ប្រាក់​។ គេ​មិនដឹង​ថា រដ្ឋ​គ្រោង​ចំណាយ​​ថវិកា​ប៉ុន្មាន​សម្រាប់​ការ​រៀបចំ​កម្មវិធី​បុណ្យ​នេះនោះ​ទេ ប៉ុន្តែ​បើ​តាម​អ្នក​សេដ្ឋកិច្ច ទាំង​ចំណាយ​របស់​រដ្ឋ និង​ចំណាយ​ពលរដ្ឋ នឹង​ចូលរួម​ដល់​ដង្ហើម​សេដ្ឋកិច្ច​អោយ​មាន​សកម្មភាព​៕

អត្ថបទដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ