ខេត្តព្រះសីហនុ ៖ ពាក្យចាស់ពោលថា រពឹសដៃផ្ទៃឆ្អែត ប៉ុន្តែការរពឹសដៃរបស់ជនស្ទាវអគិតម្នាក់នេះ បែរជាត្រូវសមត្ថកិច្ចប៉ូលិសចាប់ខ្លួនទៅវិញ ដែលការចាប់ខ្លួននោះប្រព្រឹត្តទៅ កាលពីវេលាម៉ោង១៦ ថ្ងៃទី១៩ ឧសភា នៅចំណុចភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយសារតែយុវជនស្ទាវនេះបានរពឹសដៃទៅលួចសម្ភារជនបរទេសដែលកំពុងងូតទឹកកំសាន្ត កាលពីថ្ងៃទី១៨ ឧសភា វេលាម៉ោង១៧ នៅចំណុចក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ជនសង្ស័យនោះឈ្មោះស ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅក្រុម២៣ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានធ្វើសកម្មភាពលួចសម្ភាររបស់ជនបរទេសម្នាក់ឈ្មោះ KWIECIEN MATTHIEU ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិបារំាង កាន់លិខិតលេខ១០ck១៦៣៨៥ ចុះថ្ងៃទី១០ សីហា ឆ្នាំ២០១០ ជាអ្នកទេសចរ ស្នាក់នៅផ្ទះជួលក្នុងក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។
ជនស្ទាវអគតិនេះបានលួចយកសម្ភាររួមមានប្រាក់២០០ដុល្លារ ម៉ាស៊ីន១គ្រឿង អាយផត១គ្រឿង mp3 មួយគ្រឿង លិខិតឆ្លងដែនចំនួន២ ប័ណ្ណបើកបរចំនួន២ ប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលមន្ទីរពេទ្យចំនួន២ ប័ណ្ណបើកប្រាក់ចំនួន១ និងឯកសារមួយចំនួនទៀត។ ឯវត្ថុតាងដែលសមត្ថកិច្ចរកឃើញមានលិខិតឆ្លងដែនចំនួន២ ប័ណ្ណបើកបរចំនួន២ ប័ណ្ណសម្គាល់ខ្លួនសម្រាប់ចូលមន្ទីរពេទ្យចំនួន២ ប័ណ្ណបើកប្រាក់ចំនួន១ និងឯកសារមួយចំនួន។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យធ្វើសកម្មភាព ដោយជិះម៉ូតូចំនួន២គ្រឿង មានគ្នា៣ ជិក្រវែលរកមើលលួចអីវ៉ាន់អ្នកដទៃ រហូតមកដល់ចំណុចកើតហេតុ យុវជនម្នាក់ក៏ចុះដើរសំដៅទៅឆក់យកកាបូបស្ពាយរបស់ជនបរទេសដែលកំពុងងូតទឹកសមុទ្រ។ បន្ទាប់ពីលួចបានហើយ យុវជនទាំងនោះបានជិះម៉ូតូគេចបាត់។ រហូតដល់ថ្ងៃទី១៩ ឧសភា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្សពួក៣នាក់។ យុវជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ូលិសកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ