ខេត្តក្រចេះ ៖ ជនសង្ស័យចំនួន២រូបត្រូវបានតុលាការខេត្តក្រចេះសម្រេចចោទប្រកាន់និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២៣ ពីបទនេសាទដោយឧបករណ៍ឆក់ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញជនសង្ស័យខាងលើ ជនសង្ស័យ១-ឈ្មោះពេជ្រ ម៉ែន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអន្លង់ព្រះគោ ឃុំវឌ្ឍនៈ ស្រុកសំបូរ។ ជននេះ គឺជាមុខសញ្ញាឆក់ត្រីដ៏សកម្មនៅតាមតំបន់គ្រប់គ្រងនានា និងតំបត់ការពារសត្វផ្សោត នៅស្រុកសំបូរកន្លងមកជាដើម ហើយក៏ត្រូវបានអាជ្ញាធរ និងមន្ត្រីជំនាញកោះអោយចូលខ្លួនដើម្បីធ្វើកិច្ចសន្យាចំនួន២លើករួចមកហើយដែរ ប៉ុន្តែជននេះនៅតែបន្តប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍ឆក់ដដែល ។ ជនសង្ស័យទី២-ឈ្មោះធុ លី ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសព្វ ។

ក្រោយការឃាត់ខ្លួនកម្លាំងជំនាញបានរឹបអូសវត្ថុតាងរួមមានទូកស្មាច់០១គ្រឿង បណ្តោយ៥,៩ម ទទឹង០,៧០ម ជម្រៅ០,៥០ម ម៉ាស៊ីនម៉ាកឡុងស៊ីន កម្លាំង២២សេស ០១គ្រឿង, អាំងវែកទ័រឆក់ត្រីចំនួន០២គ្រឿង(ឆក់ស្រូប០១គ្រឿង ឆក់ក្តៅ០១គ្រឿង, អាគុយ៧០អាំព័រ ០១គ្រឿងកន្ត្រង់ដងត្រីចំនួន០២គ្រឿង, ខ្សែកាប និងខ្សែភ្លើងប្រវែង០៩ម, ត្រីចម្រុះនៅក្នុងទូកប្រហែល២០គីឡូក្រាម។

សូមបញ្ជាក់ថា ការចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបានធ្វើឡើង ក្រោយពេលដែលកំលាំងជំនាញ រដ្ឋបាលជលផលក្រចេះ រួមជាមួយអធិការជលផលមេគង្គ ដោយសហការជាមួយ គណៈកម្មការខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចុះល្បាតឃ្លាំមើលការប្រព្រឹត្តិបទល្មើសនេសាទកាលពីយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមភូមិសាស្ត្រ ក្បាលកោះច្រែង ឃុំកោះច្រែង ស្រុកចិត្របុរី ខេត្តក្រចេះ ។

បើយោងតាមច្បាប់ស្តីពីជលផលមាត្រាទី៩៨ត្រង់ចំណុចទី០៤ គឺជនសង្ស័យត្រូវទទួលទោសជាប់ពន្ធនាគារពី០៣ឆ្នាំ ទៅ០៥ឆ្នាំ រីឯវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល ៕



ចែករំលែកព័តមាននេះ