ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

យុវវ័យ​ទាល់តែ​ចេះ​ផឹក​បាន​ស្ទា​.​វ ! នេះ​គឺជា​ខ្លឹមសារ​ដែល​ពេញ​និយម​នៅ​ក្នុង​ចំណោម ស្រទាប់​យុវវ័យ​មួយ​ចំនួន ដែល​យក​ការ​ជួបជុំ​គ្នា ជប់លៀង​ជា​ត្រីមុខ​នៅ​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​បើក​ប្រាក់ខែ

យុវវ័យ​ទាល់តែ​ចេះ​ផឹក​បាន​ស្ទា​.​វ ! នេះ​គឺជា​ខ្លឹមសារ​ដែល​ពេញ​និយម​នៅ​ក្នុង​ចំណោម ស្រទាប់​យុវវ័យ​មួយ​ចំនួន ដែល​យក​ការ​ជួបជុំ​គ្នា ជប់លៀង​ជា​ត្រីមុខ​នៅ​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ជា​ពិសេស​នៅ​ពេល​ដែល​ពួក​គេ​បើក​ប្រាក់ខែ ។

ពាក្យ​មួយ​ឃ្លារ​នេះ តែងតែ​ឮ​សូរ​ក្រុម​យុវជន និង​យុវនារី តែងតែ​និយាយ និង​ហ៊ោកញ្ជ្រៀវ ច្រៀង​រាំ​សប្បាយ ចាក់​ឧបករណ៍​បំពង​សម្លេង ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​អ្នក​រស់នៅ​ជុំវិញ​ខ្លួន ដោយ​គិតតែ​ម្យ៉ាង គឺ​កម្មវិធី​របស់​ពួក​គេ​សប្បាយ​រីករាយ ចង់​នរណា​មាន​អារម្មណ៍​យ៉ាងម៉េច​ក៏​យ៉ាងម៉េច​ទៅ ។

ដោយសារ​តែ​ពាក្យ​នោះ​ហើយ ទើប​មក​ដល់​ពេល​នេះ មនុស្ស​មួយ​ចំនួន​ចម្រើន​វ័យ​មិន​ទាន់​ទេ គឺ​ដឹង​តែ​ចេះ​សេព​គ្រឿង​ស្រវឹង ហើយ​ស្រប​ពេល​ដែល​ការ​ផលិតផល​គ្រឿង​ស្រវឹង​ត្រូវ​បាន​ឃោសនា​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​ថែម​ទៀត វា​កាន់តែ​ធ្វើ​អោយ​គ្រឿង​ស្រវឹង​កាន់តែ​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម​កម្ពុជា​។

តាម​ពិត​ទៅ គ្រឿង​ស្រវឹង​ត្រូវ​បាន​មជ្ឈដ្ឋាន​បញ្ញវ័ន្ត​មួយ​ចំនួន មិន​លើកទឹកចិត្ត​អោយ​ប្រើប្រាស់​ច្រើន​នោះ​ទេ ហើយ​បាន​ចាត់​ទុក​ថា ជា​ប្រភព​នៃ​បញ្ហា​សង្គម​មួយ​ចំនួន ប្រសិនបើ​អ្នក​ដែល​ទទួល​ទាន​ខ្វះ​ការ​គ្រប់គ្រង​ខ្លួនឯង ។

គ្រឿង​ស្រវឹង វា​គឺជា​ភេសជ្ជៈ​ដែល​មាន​បង្កប់​នូវ​សារធាតុ​ដែល​រំញោច​អារម្មណ៍ ធ្វើ​អោយ​អ្នក​ទទួល​ទាន​​មាន​ភាព​ក្លៀវក្លា​ខុស​ពី​ធម្មតា ដូច្នេះ​ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រភព​នៃ​បញ្ហា​សង្គម​ផ្សេង​ៗ រាប់​តាំងពី​អំពើ​ហិ​.​ង្សា​នៅ​ក្នុង​គ្រួសារ និង​នៅ​ក្នុង​សង្គម គ្រោះថ្នាក់​ចរាចរណ៍ ការ​ជំរុញ និង​លើកទឹកចិត្ត​ឈាន​ទៅ​រក​ការ​ប្រើប្រាស់​គ្រឿ​.​ង​ញៀ​.​ន ហើយ​រហូត​ដល់​អាច​ប្រព្រឹត្តិ​អំពើ​អនាចារ និង​សកម្មភាព​ខុសច្បាប់​សង្គម និង​ប្រទេស​ជា​ច្រើន​ករណី​ថែម​ទៀត ។

ក្រៅពី​បញ្ហា​ខាងលើ អ្នក​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក៏​នៅ​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ប្រភេទ​ទៀត ដោយ​រាប់​តាំងពី​ជំងឺថ្លើម ពោះវៀន ក្រពះ តម្រង់​នោម ជាដើម ដែល​ពពួក​ជំងឺ​ទាំងនេះ គឺ​សុទ្ធសឹងតែ​អាច​បណ្តាល​ឲ្យ​ស្លា​.​ប់​បាន​ផង​ដែរ ។

សូមកុំ​នាំ​គ្នា​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ពេក វា​ប៉ះពាល់​ដល់​សុខភាព ហើយ​ប្រសិនបើ​យើង​កាត់​បន្ថយ​បាន សង្គម​យើង​ក៏​ទំនងជា​អាច​នឹង​កាត់​បន្ថយ​បញ្ហា​សង្គម​បាន​ច្រើន​ករណី​ដែរ ហើយ​ម្យ៉ាងទៀត​វា​ក៏​អាច​ទប់ស្កាត់​មិន​អោយ​សង្គម​យើង​វា​មាន​ស្រា​បៀ​ច្រើន​ពេក​នៅ​ក្នុង ប្រទេស​។

តាម​ពិត​ស្រារ​បៀរ និង​គ្រឿង​ស្រវឹង ដែល​មាននៅ​លើ​ទីផ្សារ​នៅ​ក្នុង​ប្រទេស រាប់​ទាំង​ផលិត​នៅ​ក្នុងស្រុក និង​នាំ​ចូល ទំនងជា​ចូល​ខ្ទង់រយ​ហើយ ដោយ​រោងចក្រ​មួយ​អាច​កែ​ច្នៃ ផលិត ស្រា​បៀរ​ជា​ច្រើន​ប្រភេទ ហើយ​កម្ពុជា​ក៏​សំបូរ​រោងចក្រ​ផលិត​ស្រា​បៀរ​ផង​ដែរ ។

តាម​ស្ថិតិ​ដែល​គេ​សន្និដ្ឋាន​តាម​ឥរិយា​បទ​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​មួយ​ឆ្នាំ​អ្នក​ទទួលទាន​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​ផ្តល់​ប្រាក់​ចំណូល ដល់​អ្នក​ផលិត អ្នកលក់ អ្នក​ចែកចាយ ប្រមាណ​ជា​មិន​ក្រោម ៧០០​លាន​ដុល្លារ​ឡើយ ។ នៅ​ក្នុង​ករណី​ដែល​យើង​នៅ​តែ​បន្ត​ផឹក ហើយ​ថែម​ទាំង​ប្រើប្រាស់​ពាក្យ​មួយ​ឃ្លា​ខាងលើ ជា​កម្លាំង​ជម្រុញ​បន្ថែម​ទៀត​នោះ កំណើន​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា អាច​ឡើង​លើស​ពី​ការ​ព្យាករណ៍​ដែល​កត់ត្រា​កំណើន​ត្រឹម​ជាង ៦​ភាគរយ ខណៈ​ដែល​ពលរដ្ឋ​កម្ពុជា នៅ​ក្នុង​មួយ​ឆ្នាំ គឺ​អះអាង​ថា អាច​ទទួលទាន​ស្រា​បៀរ ប្រហែលជា ២៤,២៩​លី​ត្រ នៅ​ក្នុង​មួយ​ឆ្នាំ ។

សូម​រិះគិត​ឡើង​វិញ ហើយ​ត្រូវ​ដឹង​ថា កាលណា​យើង​ផឹក​កាន់តែ​ច្រើន លុយ​របស់​យើង​ដឹង​តែ​ហូរ​ចេញ​ទៅ​អ្នកលក់ អ្នក​ផលិត អ្នក​ចែកចាយ អ្នក​នាំ​ចូល​កាន់តែ​ច្រើន ខណៈ​សុខភាព​យើង​កាន់តែ​ទ្រុឌទ្រោម ហើយ​ហោប៉ៅ​របស់​យើង​កាន់តែ​ស្វិត​។ ដូច្នេះ ប្រសិនបើ​អាច​កាត់​បន្ថយ​បាន សូម​ព្យាយាម​កាត់​បន្ថយ ។

សរុប​មក​វិញ ប្រសិនបើ​ឈប់​បាន​គួរតែ​ឈប់​ទៅ ការ​ប្រើប្រាស់​ពាក្យពេចន៍​ដែល​មាន​ចរិត​លើកទឹកចិត្ត និង​ជំរុញ​អោយ​មនុស្ស ជា​ពិសេស​គឺ​ស្រទាប់​យុវវ័យ​អោយមក​ធ្លាក់​នៅ​ក្នុង​អន្លង់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង ។ សង្គម​មិន​គួរ​គាំទ្រ ឬ​លើកទឹកចិត្ត​អោយ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ឡើយ ដោយសារ​តែ​វា​គ្រោះថ្នាក់​ទាំង​សុខភាព​សង្គម និង មនុស្សជាតិ​។

អត្ថបទ​ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ