បន្ទាប់ពីទទួលបានជោគជ័យលើការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាបន្តបន្ទាប់ ក៏ដូចជា ភាពឈ្លាសវៃក្នុងការសម្របសម្រួលបញ្ហាអន្តរជាតិជាបន្តបន្ទាប់ កម្ពុជាទំនងជាកំពុងតែរៀបចំខ្លួនឆ្ពោះទៅរកព្រឹត្តិការណ៍អន្តរជាតិថ្មីមួយទៀតនៅឆ្នាំ២០២៦ខាងមុខ ដែលព្រឹត្តិការណ៍នេះ គឺកាន់តែធំជាងព្រឹត្តិការណ៍មុនៗ។

ព្រឹត្តិការណ៍អន្តរជាតិនោះ គឺទំនងជាកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំង ដែលគេស្គាល់ថា គឺកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយគេដឹងថា នៅក្នុងឆ្នាំក្រោយ នៅក្នុងរង្វង់ ថ្ងៃទី៤ ទៅ៥ ខែតុលា បារាំងគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ។
តាមការបង្ហើបដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីពេលថ្មីៗកន្លងទៅនេះ បានបញ្ជាក់ថា នៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញពីការគាំទ្របេក្ខភាពរបស់កម្ពុជា នៅក្នុងការធ្វើជា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះហើយ ។

ប្រភពដដែលបានអះអាងថា នៅក្នុងជំនួបសម្ដែងការស្វាគមន៍ និងពិភាក្សាជាមួយនឹងព្រះករុណ នៅក្នុងព្រះរាជដំណើរទស្សនៈកិច្ចទៅកាន់បារាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អេម៉ានូអែល ម៉ាក្រុង បានលើកឡើងពីការគាំទ្របេក្ខភាពកម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលនេះ ហើយសម្រាប់ព្រះករុណា ក៏បានអញ្ជើញលោកប្រធានាធិបតីបារាំង មកចូលរួមកិច្ចប្រជុំកំពូលនេះផងដែរ ។
គេនៅមិនទាន់ដឹងថា តើក្រុមប្រទេសសមាជិកផ្សេងៗទៀតនឹងសម្រេចយ៉ាងណានោះទេ? ប៉ុន្តែនៅក្នុងករណីដែលបារាំងគាំទ្រនោះ បេក្ខភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ទំនងជានឹងអាចក្លាយជាម្ចាស់ផ្ទះពិតប្រាកដ ។

កិច្ចប្រជុំកំពូលនេះធំណាស់ ពីព្រោះសមាជិកនៃក្រុមប្រទេសនិយាយភាសាបារាំង គឺមានដល់ ទៅ៨៨ប្រទេសឯណោះ ដោយនៅក្នុងនោះ សមាជិកពេញសិទ្ធិ គឺមាន៥៤ប្រទេស សមាជិកបម្រុង៧ និងបរទេសសង្កេតការណ៍នោះ គឺ២៧ ប្រទេសផ្សេងៗទៀត ។
តើកម្ពុជានឹងទទួលបានអ្វីពីការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏ធំមួយនេះ? ចម្លើយ គឺសមិទ្ធផលការទូត និងបង្ហាញពីភាពខ្លាំងនៃកិច្ចការអន្តរជាតិរបស់កម្ពុជា ។ កេរ្តិ៍ឈ្មោះ និងកិត្តិនាម គឺជារឿងមួយដែលកម្ពុជាកំពុងតែកសាង ដោយមកដល់ពេលនេះ កម្ពុជាបានធ្វើកិច្ចការនេះបានយ៉ាងល្អ ដោយបើកទ្វាររៀបចំកិច្ចប្រជុំកំពូលអាស៊ាន៣លើកបានយ៉ាងជោគជ័យ ដោយមានការចូលរួមពីប្រទេសជាច្រើន ដោយរួមទាំងមហាអំណាច ។ ក្រោពីនោះ កម្ពុជាក៏បានជោគជ័យលើកការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ប៉ុន្តែដោយសារតែកូវីដ១៩ ទើបយើងអាចរៀបចំត្រឹមតែអនឡាញ ។ ហើយចុងក្រោយនេះ គឺការជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ។

ចំណុចមួយទៀត ដែលកម្ពុជាអាចនឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយបារាំងនេះ គឺកម្ពុជាដែលកំពុងតែកាច់ចង្កូតដោយមេដឹកនាំបន្តវេន ក៏ត្រូវការយកឱកាសនេះ ដើម្បីបង្ហាញនូវឧត្តមភាព និងភាពខ្លាំងដែលកម្ពុជាអាចធ្វើបានថ្មី។
ដូចដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែងតែថ្លែងជាបន្តបន្ទាប់ថា នៅពេលនេះ លោកកំពុងតែខិតខំដើរទាក់ម៉ូយរកឱកាសពាណិជ្ជកម្ម វិនិយោគ ក៏ដូចជា កិច្ចសហប្រតិបត្តិការអោយកម្ពុជា ដូច្នេះប្រសិនបើកម្ពុជាអាចជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយបារាំងនេះថែមទៀតនោះ កម្ពុជានឹងអាចទាក់ម៉ូយបានកាន់តែច្រើន ពីព្រោះក្រុមប្រទេសដែលនៅក្នុងក្រុមប្រទេសទាំងនេះ គឺមាននៅអឺរ៉ុប អាស៊ី និងអាហ្វ្រិក ខណៈដែលពេលនេះ កម្ពុជានឹងអាហ្វ្រិក ហាក់មិនសូវមានសកម្មភាពជាដុំកំភូននៅឡើយទេ ។

អាហ្វ្រិក ថ្វីត្បិតតែជាទ្វីបមួយដែលមានប្រទេសក្រីក្រច្រើន ហើយមានការផ្ទុះសង្គ្រាមច្រើនក៏ពិតមែន ប៉ុន្តែក៏ជាទីផ្សារដ៏មានសក្តានុពេលមួយសម្រាប់កម្ពុជាផងដែរ ជាពិសេសគឺបញ្ហាស្បៀងអាហារនេះតែម្តង ។
សរុបមកវិញ ប្រសិនបើកម្ពុជាពិតជាមានឱកាសធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមប្រទេសនិយាយភាសាបារាំងនេះមែននោះ គឺជាឱកាសកាសថ្មីមួយទៀតរបស់កម្ពុជា នៅក្នុងការពង្រឹងគោលជំហរ និងទីតាំងការទូត ក៏ដូចជាកិច្ចការអន្តរជាតិមួយដ៏រឹងប៉ឹងនៅលើពិភពលោក ។ ហើយក្រៅពីសមិទ្ធផលលើកិច្ចការអន្តរជាតិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ក៏រំពឹងពីការរីកចម្រើនផងដែរ ។
អត្ថបទដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ