រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមថែរក្សាបរិស្ថានធម្មជាតិឲ្យកាន់តែមានភាពស្រស់បំព្រម និងភាពបៃតង រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់កូនឈើគ្រប់ប្រភេទចំនួន ១លាន ដើមរាល់មួយឆ្នាំម្តង ដើម្បីចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយ ឥតគិតថ្លៃ សម្រាប់ដាំ ដើម្បីឱ្យបរិស្ថាននៅតាមសាលារៀន លំនៅឋាន វត្តអារាម និងសហគមន៍ ។
ការថ្លែងឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ នៅក្នុងយុទ្ធនាការទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក នាថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង១៣ម៉ឺននាក់ មកពីសាលាចំនួន ៤៣៨សាលា នៅទូទាំងខេត្តកំពត ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ជាមួយគ្នានេះ ភាពបៃតងស្រស់ នៃដើមឈើបានស្រូបយកឧស្ម័នកាបូនិច និងបានបញ្ចេញមកវិញនូវអុកស៊ីសែន ដែលមានសារសំខាន់ចំពោះជីវិតនៅលើផែនដី ហើយអុកស៊ីសែន គឺជាតម្រូវការចាំបាច់ចំពោះសារពាង្គកាយមនុស្ស និងសភាវៈដែលមានជិវីត ដើម្បីដកដង្ហើម ហើយព្រៃឈើស្រូបយកបរិមាណដ៏ច្រើន នៃឧស្ម័នកាបូនិច ដែលបញ្ចេញដោយសកម្មភាពមនុស្ស ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងឡើងទៀតថា ការចូលរួមអនុវត្តយុទ្ធនាការនៅថ្ងៃនេះ គឺជាសក្ខីភាព នៃការគាំទ្រ និងការជំរុញអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធាន ធម្មជាតិ និងបរិស្ថាន ជាការងារ អាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ហើយបានដាក់បញ្ចូល នូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថាន ចំនួន៥ ដែល រួមមាន ៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការ ប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងការលើកកម្ពស់ការទូតបៃតង។
ដើម្បីឈានទៅសម្រេចបាន នូវក្របខណ្ឌការងារទាំង ៥នេះ ក្រសួងបរិស្ថាន បានដាក់ចេញ នូវការងារអាទិភាព ចំនួន ៣ ដែលត្រូវជំរុញ ក្នុងរយៈពេល ១០០ថ្ងៃ ដំបូង រួមមាន ៖
ទី១-ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក។
ទី២-ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើ សំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០។
និងទី៣-ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹតកាបូន ៕
ចែករំលែកព័តមាននេះ