រាជធានីភ្នំពេញ ៖ ផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយក្រុមគ្រួសារអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត បានចេញលិខិតចំហរជាថ្មីម្ដងទៀត ប្រកាសច្រានចោលជាផ្លូវការថា «រឿងរ៉ាវដែលលោក «បឺត សំរេច» អះអាងកន្លងមកថា ជាកូនឥតខាន់ស្លាមួយរូបរបស់អធិរាជសំឡេងមាស នោះ គឺជារឿងមិនពិត តែការពិតគឺ «បឺត សំរេច» ជាកូនរបស់អ្នកផ្សេងទៅវិញទេ»។

យោងតាមលិខិតប្រកាសជំហរគាំទ្រ និងថ្លែងអំណរគុណពីក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលម៉ិញនេះ និងបានស្នាមផ្តិតមេដៃរបស់តំណាងក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ត្រូវជាចៅ និងលោក ហ៊ី ឌីណារក្ស និងលោក អ៊ុក រ៉ូហ្សាណូ ជាសាច់ញាតិដែរនោះ បានបញ្ជាក់ថា លោក «បឺត សំរេច» ដែលមានឈ្មោះដើមថា «ធីម ភក្រលីន» គឺជាកូនរបស់អ្នកផ្សេង ដូច្នេះក្រុមគ្រួសារអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត សូមច្រានចោលចំពោះពាក្យប្រឌិត ពាក្យកុហ.ក គ្មានការពិតនេះ»។

ដូច្នេះសារព័ត៌មានកោះសន្តិភាព សូមដាក់ជូននូវលិខិតចំហរទាំងស្រុងដែលក្រុមគ្រួសារអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត បានប្រកាសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ដូចខាងក្រោមនេះថា ៖

ក្រោយមក មហាជនអ្នកប្រើប្រាស់បណ្តាញសង្គមបានធ្វើការចែកចាយ និងចូលរួមនូវមតិជាច្រើនលើចំណុចនេះ ដោយមានបងប្អូនខ្លះពោលថា «សូមសម្ដែងនូវការគោរពកោតសរសើរចំពោះសមានចិត្តប្រកបដោយស្មារតី មនសិការថ្លៃថ្លានៃបងប្អូនខ្មែរសុចរិត ទូទាំងប្រទេស ដែលនៅតែរក្សាភក្តីភាពស្មោះត្រង់ ការពារភាពយុត្តិធម៌ សច្ចធម៌ និងភាពស្អាតស្អំ នៃវីរបុរសអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មរតកសំនៀងឯកសំនៀងទិព្វរបស់ជាតិរហូតមក»។

ប្រភពដដែលបន្តថា «ជាពិសេសបានផ្តល់ពន្ទុយ៉ាងសុក្រិត យុត្តិធម៌ចំពោះ លោក ធឹម ភក្រលីន ហៅបឺត សំរេច ជាដំណក់ឈា.មនៃលោកតា ធឹម ឈៀត និងលោកយាយ ធឹម រី ហៅកង សាត យ៉ាងច្បាស់ក្រឡែត ដោយវីរ: វ៉ារ៉ានី មិនអាចបិទបាំង ឬកាឡៃបានជាដាច់ខាត។ ហើយលិខិតប្រកាសជំហរមួយនេះ គឺជាសារមួយបានទះកំផ្លៀងជនប្រឌិតរឿងនៃ បឺត សំរេច និងបរិវាររបស់បឺត សំរេច ដែលព្យាយាមគ្រប់ឧបាយកលទុច្ចរិត ដើម្បីបន្លំបោ.កប្រាស់មហាជនថា ធឹម ភក្រលីន ហៅបឺត សំរេច ជាកូនបង្កើតឥតខាន់ស្លានៃអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត»។

គួរបញ្ជាក់ថា ជាមួយនឹងលិខិតចំហរជាថ្មីរបស់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត បានច្រានចោលជាផ្លូវការរឿង «បឺត សំរេច» ថា ជាកូនអធិរាជសំឡេងមាស នោះ គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅមិនទាន់ឃើញមានប្រតិកម្មណាមួយពីលោក បឺត សំរេច នោះទេ។
គួររំលឹកផងដែរថា ៖ ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត បញ្ចេញលិខិតចំហរបដិសេធបុគ្គលមួយចំនួនអះអាងជាកូនឥតខាន់ស្លា ។ គួររំលឹកបន្តថា ៖ លោក បឺត សំរេច ដាក់ពាក្យទៅតុលាការសុំប្តូរនាមត្រកូលតាមឪពុកលោក ស៊ីន ស៊ីសាមុត ។ គួររំលឹកទៀតថា ៖ សុះ ម៉ាច ចេញមុខបញ្ជាក់រឿង បឺត សំរេច ចោទគ្រួសារលោក ស៊ីន ស៊ីសាមុត ទាមទារលុយ២ម៉ឺនដុល្លារជាថ្នូរនឹងការពិនិត្យ DNA (វីដេអូ) ៕










ចែករំលែកព័តមាននេះ