រាជធានីភ្នំពេញ ៖ នៅទីបំផុត ក្រុមគ្រួសាររបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត បានសម្រេចចិត្តបញ្ចេញលិខិតចំហរមួយ ដោយធ្វើការបដិសេធចោលរាល់ការអះអាងពីបុគ្គលមួយចំនួន ដោយសំអាងថា «ខ្លួនជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត ដោយគ្មានមូលដ្ឋានច្បាស់លាស់»។

ការចេញលិខិតចំហរជាសាធារណៈពីក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត នាពេលនេះ បានធ្វើឡើង បន្ទាប់ពីមួយរយៈចុងក្រោយនេះ ក្រុមគ្រួសាររបស់អធិរាជសម្លេងមាស បានទទួលរងនូវការរិះគន់ពីមហាជនមួយចំនួន ទាក់ទងនឹងករណីលោក បឺត សំរេច ដែលអះអាងថា លោកគឺជាកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត។

ហើយមហាជនមួយចំនួនបានធ្វើការស្តីបន្ទោសទៅកាន់ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត ដែលមិនព្រមចូលរួមពិនិត្យ DNA បញ្ជាក់ការពិតជាមួយនឹងលោក បឺត សំរេច រហូតលោក បឺត សំរេច ហ៊ានពន្លយពាក្យថា «ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បានស្នើឱ្យលោកផ្តល់ប្រាក់ប្រមាណ២ម៉ឺនដុល្លារ ដើម្បីជាថ្នូរនឹងការពិនិត្យ DNA នេះ»។

យ៉ាងណា ពាក់ព័ន្ធនឹងរឿងខាងលើនេះ ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត បានធ្វើការបដិសេធចោលទាំងស្រុង ចំពោះការលើកឡើងពីលោក បឺត សំរេច និងបានស្នើឱ្យមហាជនកុំមានការយល់ច្រឡំ ហើយឈប់បន្តការរិះគន់ដោយពាក្យមិនល្អមកលើក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត។ លើសពីនេះ ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត ក៏បានសម្រេចចេញលិខិតចំហរមួយ ដោយធ្វើការបដិសេធចោលទាំងស្រុងរាល់បុគ្គលណាដែលអះអាងថា ជាកូន ឬកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត ដោយមិនមានមូលដ្ឋានច្បាស់លាស់ ខណៈក្រុមគ្រួសារបានចាត់ទុកករណីដូចលោក បឺត សំរេច នាពេលនេះ មិនមែនជាលើកដំបូងដែលកើតឡើងទៅលើក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត នោះឡើយ។

តាមរយៈលិខិតនេះ បានសរសេរថា «តាងនាមជាក្រុមគ្រួសាររបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត សូមជម្រាបជូនសាធារណជនថា តាមព័ត៌មានកន្លងមក មានបុគ្គលមួយចំនួនបានអះអាងថា ជាកូន ឬកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត។ ដោយករណីនេះ មិនមែនជាលើកទី១ឡើយ ហើយក្រុមគ្រួសារក៏បានយកចិត្តទុកដាក់ ដូចមហាជនបានដឹងតាមរយៈព័ត៌មាននៅលើបណ្តាញសង្គមនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ»។

លិខិតដដែល ក៏បានបញ្ជាក់ថា «ការអះអាងទាំងអស់ គឺពុំទាន់មានមូលដ្ឋានសំអាងប្រាកដប្រជានៅឡើយ។ មិនតែប៉ុណ្ណោះ ការអះអាង និងការវែកញែកខ្លះ បណ្តាលឲ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរដល់អធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត ព្រមទាំងភរិយា និងក្រុមគ្រួសារ និងធ្វើឲ្យមានមតិចម្រូងចម្រាស់ ព្រមទាំងខ្វែងគំនិតគ្នា រហូតដល់ប្រើពាក្យអសុរោះ និងខ្វះសីលធម៌ទៀតផង ។ យើងខ្ញុំ សូមប្រកាសមិនទទួលស្គាល់ចំពោះការអះអាងកន្លងមកនេះឡើយ»។

លិខិតដដែល ក៏បានបញ្ជាក់ទៀតថា «ស្របពេលជាមួយគ្នានេះដែរ ក៏មានបុគ្គលខ្លះបានជជែកវែកញែកអំពីសិទ្ធិលើកម្មសិទ្ធិបញ្ញា ដែលក្រុមគ្រួសាររបស់អធិរាជ ស៊ីន ស៊ីសាមុត ទទួលបានដោយស្របច្បាប់ ដោយករណីនេះ ក្រុមគ្រួសារទុកឱ្យអ្នកច្បាប់ ឬមេធាវីជាអ្នកបកស្រាយ ។ ដូច្នេះ ក្រុមគ្រួសារ សូមអំពាវនាវដល់បុគ្គលមួយចំនួនដែលកំពុងបញ្ចេញមតិតាមបណ្តាញសង្គម សូមប្រើពាក្យសម្តីសមរម្យ ថ្លៃថ្នូរ និងសមហេតុ សមផល ប្រកបដោយសុភនិច្ឆ័យ ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ សាកសមជាប្រទេសអច្ឆរិយមួយដែលមានវប្បធម៌ដ៏ល្អផូរផង់»។
គួររំលឹកថា ៖ លោក បឺត សំរេច ដាក់ពាក្យទៅតុលាការសុំប្តូរនាមត្រកូលតាមឪពុកលោក ស៊ីន ស៊ីសាមុត ។ គួររំលឹកទៀតថា ៖ សុះ ម៉ាច ចេញមុខបញ្ជាក់រឿង បឺត សំរេច ចោទគ្រួសារលោក ស៊ីន ស៊ីសាមុត ទាមទារលុយ២ម៉ឺនដុល្លារជាថ្នូរនឹងការពិនិត្យ DNA (វីដេអូ) ៕





ចែករំលែកព័តមាននេះ