រាជធានីភ្នំពេញ ៖ ជាការពិតណាស់ បន្ទាប់ពីអតីតកីឡាករ គឺលោក បឺត សំរេច ដែលបានអះអាងថា រូបលោកជាកូនប្រុសបង្កើតអធិរាជសំឡេងមាស លោកតា ស៊ីន ស៊ីសាមុត បើគិតមកទល់ពេលនេះ នៅមិនទាន់មានភាពរសាយនៅឡើយទេ។ ហើយមន្ទិល និងអ្នកសិល្បៈមួយចំនួន ក៏បង្ហាញការជឿជាក់ថា លោកជាដំណក់ឈា.មអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត និងមានបងប្អូនខ្លះទៀត ក៏មិនទាន់ជឿជាក់ថា ជារឿងពិតឡើយ ខណៈភរិយាលោក ស៊ីន ស៊ីសាមុត បដិសេធមិនធ្វើការពិនិត្យ DNA។
យ៉ាងណាមិញ បើតាមប្រភពព័ត៌មានដែលទទួលបាននោះ គឺថាថ្មីៗនេះ លោក បឺត សំរេច ដែលបន្តអះអាងថា រូបលោកជាកូនប្រុសអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត បានដាក់ពាក្យទៅកាន់តុលាការរាជធានីភ្នំពេញហើយ ដើម្បីធ្វើការកែតម្រូវនាមត្រកូលរបស់ខ្លួន។
បើតាមប្រភពព័ត៌មានទទួលបាននោះ គឺអតីតកីឡាករ លោក បឺត សំរេច សុំតុលាការ ដើម្បីដាក់នាមត្រកូលថ្មី ដែលគេជឿជាក់ថា ជានាមត្រកូលអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត។
ប្រភពព័ត៌មានពីតុលាការ បញ្ជាក់ថា លោក បឺត សំរេច ពិតជាបានដាក់ពាក្យស្នើសុំកែតម្រូវនាមត្រកូលពិតមែន តែបដិសេធបង្ហាញនូវព័ត៌មានលម្អិតអំពីការស្នើសុំនេះ។
សូមរម្លឹកថា អតីតកីឡាករលោក បឺត សំរេច បានសម្រក់ទឹកភ្នែកកាលពីអំឡុងខែមិថុនា នៅក្នុងកម្មវិធីសិល្បៈមួយថា លោក គឺជាកូនប្រុសបង្កើតរបស់លោក ស៊ីន ស៊ីសាមុត។ ដំណឹងដ៏រសើបមួយនេះដែរ លោក បឺត សំរេច បានទម្លាយរឿងកប់ទុកក្នុងចិត្តជាយូរឆ្នាំមកហើយ ដោយអះអាងថា កឺជាកូនប្រុសរបស់លោកតា ស៊ីន ស៊ីសាមុត។ ហើយកន្លងមក ក៏បានក្លាយជាប្រធានបទដ៏ពេញនិយមសម្រាប់មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាជជែកវែកញែករកការពិតផងដែរ។ ក្នុងនោះក៏មានមតិមួយចំនួនយល់ថា លោក បឺត សំរេច ស្រដៀងនឹងលោកតា ស៊ីន ស៊ី សាមុត ចំណែកខ្លះទៀត ជំរុញឲ្យមានការពិនិត្យ DNA។
បើតាមលោក បឺត សំរេច បានបញ្ជាក់ថា លោកបានដឹងរឿងរ៉ាវខាងលើនេះ តាមរយ:ការរៀបរាប់ប្រាប់ពីសំណាក់ម្តាយចិញ្ចឹមរបស់លោកដែលនិយាយអំពីរឿងនេះថា លោកជាកូនបង្កើតលោកតា ស៊ីន ស៊ី សាមុត។
ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព លោក បឺត សំរេច បានបញ្ជាក់ថា «លោកពិតជាបានស្នើសុំទៅតុលាការកែតម្រូវនាមត្រកូលរបស់លោកពិតមែន»។ តែយ៉ាងណាមិញ លោកបញ្ជាក់ថា «នាមត្រកូលថ្មី គឺលោកបញ្ចូលឈ្មោះ ឪពុក អ្នកម្តាយ របស់លោក បញ្ចូលគ្នាធ្វើជានាមត្រកូលថ្មីរបស់លោក»។
គួរបញ្ជាក់ផងដែរថា កន្លងមក ការធ្វើសំបុត្រកំណើត ឬលិខិតអត្រានុកូលដ្ឋានផ្សេងៗ គឺតែងមានករណីខុសឈ្មោះ ឬអក្ខរាវិរុទ្ធនៅពេលចេញជាផ្លូវការ។ ដើម្បីដោះស្រាយបញ្ហានេះ តើពលរដ្ឋអាចទាមទារធ្វើថ្មីបានឬទេ? ហើយបងប្អូនចង់ប្តូរនាមត្រកូល ឬខែឆ្នាំកំណើត ត្រូវធ្វើយ៉ាងណា? មុនឈានដល់សំណួរខាងលើនេះ សូមស្វែងយល់ពាក្យថា «សំបុត្រអត្រានុកូលដ្ឋាន» បន្តិចសិន។
សំបុត្រអត្រានុកូលដ្ឋាន គឺជាសំបុត្រសម្រាប់កត់ត្រាភាពជាស៊ីវិលនៃប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែលរស់នៅស្របច្បាប់ក្នុងដែនសមត្ថកិច្ចកំណត់នៃច្បាប់ព្រះរាជាណាចក្រកម្ពុជា។ សំបុត្រអត្រានុកូលដ្ឋាន រួមមាន៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព។ តាមច្បាប់ ប្រជាពលរដ្ឋមានសិទ្ធិស្នើសុំធ្វើការកែតម្រូវ ឈ្មោះ ឬអក្ខរាវិរុទ្ធលើសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតក្នុងឆ្នាំ មិនទាន់ដាច់នៅសាលាសង្កាត់/ឃុំបាន ទោះជាកំហុសបច្ចេកទេសនោះ កើតចេញពីមន្ត្រីអត្រានុកូលដ្ឋាន ឬប្រជាពលរដ្ឋក៏ដោយ។
មានន័យថា ការស្នើសុំកែតម្រូវសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតបានតែអំឡុង១២ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃចុះសំបុត្រអត្រានុកូលដ្ឋាននោះ គឺចន្លោះថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំនីមួយៗ ដោយមន្ត្រីអត្រានុកូលដ្ឋានសាលាសង្កាត់/ឃុំ។ ក្នុងករណីមានកំហុសមិនអាចកែបានរួមមាន ៖ សរសេរខុសច្រើនពេក ឬសរសេរ ឬបំពេញខុសខ្ទង់ ក្នុងករណីនេះ មន្ត្រីអត្រានុកូលដ្ឋានត្រូវបំពេញបែបបទមោឃភាពសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតនោះហើយត្រូវចេញសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតថ្មីមួយទៀត ជំនួសជូនប្រជាពលរដ្ឋតាមនីតិវិធី។
ដោយឡែកសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតត្រូវបានឆ្លងឆ្នាំ និងបញ្ជូនទិន្នន័យផុតពីសាលាសង្កាត់/ឃុំ ការស្នើសុំកែតម្រូវឈ្មោះ ឬអក្ខរាវិរុទ្ធតម្រូវឱ្យដាក់ពាក្យស្នើសុំទៅតុលាការនៃទីតាំងបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួន ដើម្បីឱ្យតុលាការចេញសាលក្រមកែតម្រូវឈ្មោះ ឬអក្ខរាវិទ្ធនោះ។ ក្រោយពីទទួលបានសាលក្រមរួច យើងអាចស្នើសុំកែតម្រូវទិន្នន័យអត្តសញ្ញាណនៅនាយកដ្ឋានអត្រានុកូលដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ ឬសាលាក្រុងស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនកំពុងរក្សាទុក។
ងាកមករឿងលោក បឺត សំរេច វិញ កាលពីពេលថ្មីៗកន្លងទៅ លោក បឺត សំរេច អាយុ៤៩ឆ្នាំ បានអះអាងថា លោកគឺជាកូនរបស់លោក ស៊ីន ស៊ីសាមុត ជាមួយនឹងម្ដាយ ដែលជានាដការបាំព្រះរាជទ្រព្យ ឈ្មោះ ធីម វិជ្ជរ៉ា។ ការប្រកាសបែបនេះ ធ្វើឱ្យសាធារណជនមួយចំនួនជឿ ហើយមួយចំនួនទៀតក៏មិនជឿដែរ។ ដោយមានសាធារណជនមួយរូប បានស្នើឱ្យលោក បឺត សំរេច ធ្វើតេស្ត DNA ដើម្បីឱ្យដឹងការពិត។ លោក បឺត សំរេច ក៏បានឆ្លើយតបថា លោកយល់ព្រម។
ក្នុងករណីនេះ លោក សេង តារា អ្នកស្រាវជ្រាវបទចម្រៀង និងប្រវត្តិតារាចម្រៀង និងសម្ដែង ទសវត្សរ៍ឆ្នាំ៦០ ក៏អះអាងថា លោកកំពុងតែស្វែងរកភស្តុតាង ដើម្បីបញ្ជាក់ពីអត្តសញ្ញាណ លោក បឺត សំរេច ដែរ។ សម្រាប់អ្នកស្រី តាត គឹមលន អ្នកស្រីទទួលស្គាល់ថា លោក បឺត សំរេច គឺជាកូនរបស់លោក ស៊ីន ស៊ីសាមុត ពិតមែន។ អ្នកស្រីថា ចាស់ៗជំនាន់មុន ដែលធ្លាប់ធ្វើការជាមួយអ្នកស្រី និងលោក ស៊ីន ស៊ីសាមុត ទើបដឹងរឿងនោះ។
នៅថ្ងៃទី២២ ខែមិថុនា លោក សេង តារា បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា ភរិយាលោក ស៊ីន ស៊ីសាមុត គឺអ្នកស្រី ខាវ ថងញ៉ុត បដិសេធមិនឲ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ឡើយ។ ហើយក៏ប្រកាសមិនទទួលស្គាល់ថា រឿងរបស់លោក បឺត សំរេច ជាកូនរបស់លោក ស៊ីន ស៊ីសាមុត គឺជាការពិតដែរ។
គួររំលឹកថា ៖ លោក សុះ ម៉ាច បង្ហាញពន្លឺថ្មីមួយទៀតពាក់ព័ន្ធរឿង បឺត សំរេច និងអធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ។ គួររំលឹកទៀតថា ៖ ភរិយាដើមលោក ស៊ីន ស៊ីសាមុត ចេញមុខបដិសេធការពិនិត្យ DNA ជាមួយបឺត សំរេច(វីដេអូ) ៕ ដោយ ៖ លីហួរ គីមឆាយ
ចែករំលែកព័តមាននេះ