រាជធានីភ្នំពេញ ៖ ភរិយាដើមលោកស្រី ខោ ថុងញ៉ុក បានធ្វើការបដិសេធមិនឲ្យក្រុមគ្រួសាររបស់លោកស្រីពិនិត្យ DNA ជាមួយលោក បឺត សំរេច តាមការស្នើសុំពីមហាជន ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់លាស់ជុំវិញរឿងលោក បឺត សំរេច អះអាងថា ជាកូនបង្កើតរបស់ស្វាមីលោកស្រី គឺអធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត ឡើយ។
នេះបើយោងតាមការអះអាងពីសំណាក់លោក សេង ដារ៉ា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម ដែលមានឈ្មោះបោះសម្លេងមួយរូប ក្នុងពេលដែលលោកបានជួបសម្ភាសន៍ជាមួយលោកស្រី ខោ ថុងញ៉ុក ភរិយាដើមរបស់លោក ស៊ីន ស៊ីសាមុត នៅក្នុងដំណើរការស្រាវជ្រាវរបស់លោក ដើម្បីស្វែងការពិតមួយជុំវិញរឿងរ៉ាវខាងលើនេះ។
លោក សេង ដារ៉ា បានបង្ហោះសំណេរតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះថា «ដូចខ្ញុំនិយាយមិនខុស ភរិយាលោក ស៊ីន ស៊ីសាមុត បដិសេធមិនឲ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ទេ ហើយក៏ប្រកាសមិនទទួលស្គាល់ថា រឿងនេះជាការពិតដែរ…»។
លោកបញ្ជាក់ថា «សូមកុំមានការខឹងសម្បារ ជេរ ដៀមដាម ស្អប់គាត់ ព្រោះរឿងនេះមិនគួរកើតឡើងនៅក្នុងវ័យចុងក្រោយរបស់គាត់ ដែលគាត់កំពុងត្រូវការភាពស្ងប់ស្ងាត់ ធ្វើបុណ្យទាន ស្តាប់ធម៌ លែងនឹកនាអ្វីៗទាំងអស់ ឥឡូវស្រាប់តែស្រមោលចាស់មកតាមបន្លាចភាពស្ងប់ស្ងាត់របស់គាត់… ដ្បិតយើងចង់ឲ្យរឿងនេះក្លាយជាការពិត តែនេះជាសិទ្ធិឯកជនរបស់គាត់ គ្មានអ្នកណាអាចបង្ខំគាត់ឡើយ…»។
លោកបន្តថា «មួយទៀត យើងគួរយល់អារម្មណ៍របស់គាត់ កូនគាត់ និងក្រុមគ្រួសារគាត់ទាំងមូលផង… បើម្តាយយើង គាត់កំពុងនៅសុខៗ មានគេមកប្រាប់គាត់ថា អ្នកនេះជាកូនប្តីគាត់ អ្នកនោះជាកូនប្តីគាត់ដែរ… តើគាត់មានអារម្មណ៍យ៉ាងណា? ហើយប៉ះពាល់អ្វីខ្លះដល់កិត្តិយសប្តីគាត់ និងគ្រួសារគាត់?។ សូម្បីតែលោក ស៊ីន ស៊ីសាមុត ក៏ដូច្នេះ ឥឡូវរឿងនេះមិនទាន់បង្ហាញច្បាស់លាស់ស្រួលបួលផង កេរ្តិ៍ឈ្មោះរបស់គាត់បានរងការប៉ះពាល់ទៅហើយ ដោយថែមទាំងអ្នកខ្លះបានប្រមា.ថ ចោទថា គាត់ជាបុរសបែបនេះ បែបនោះដ៏គួរឲ្យសោកស្តាយ ហៅឈ្មោះលោកដាច់ៗសាច់ថា ស៊ីន ស៊ីសាមុតៗៗៗ បាត់ពាក្យ «លោក» ឬ «លោកតា» បាត់ពាក្យ «អធិរាជសម្លេងមាស» ទៅទៀត»។
លោកបន្តទៀតថា «សូមបញ្ឈប់ការប្រើសម្តីមិនសមរម្យចំពោះលោកទៅ ដ្បិតលោកចែកឋានទៅបាត់យូរហើយ ដែលធម្មតាមនុស្សដែលបាត់បង់ជីវិតទៅហើយ អ្វីៗគឺគួរកុំប្រមា.ថ កុំតាមជេរស្តី ពិសេសលោកគឺជាកំពូលសិល្បករដែលពលរដ្ឋខ្មែរទូទៅ និងបរទេសផង គោរពស្រឡាញ់ណាស់។ ជាមួយគ្នានោះ ក៏សូមកុំជេរ កុំស្អប់ កុំខឹង កុំប្រើភាសាអសុរសដាក់ភរិយាគាត់ដែលបដិសេធចំពោះរឿងធ្វើ DNA នេះ ត្បិតគាត់មានហេតុផលរបស់គាត់ ដែលយើងជាអ្នកក្រៅមិនយល់ឡើយ…។ ហើយខ្ញុំបាទ ក៏សូមបញ្ជាក់ជាថ្មីថា រឿងនេះ សូមអ្នករាល់គ្នាកុំទាន់អាលកាត់ដោយអារម្មណ៍ ដោយការអាណិត ដោយការស្អប់ ដោយការវិភាគ ការស្មាន ការមើលទម្រង់មុខមាត់ ស្តាប់សម្លេង ឬការសន្និដ្ឋានផ្សេងៗថា រឿងនេះជាការពិត ឬមិនពិត ព្រោះមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយកំណត់ច្បាស់លាស់ឡើយ រីឯសាក្សីក៏ពុំមានអ្នកដឹងពិតប្រាកដដែរ គឺមានតែអ្នកប្រើពាក្យថា «ប្រហែលៗៗៗៗអីចឹងមែន ឬប្រហែលមិនមែនអីចឹងទេ… តែប៉ុណ្ណោះ»។
បើតាមលោក សេង ដារ៉ា ថា «យើងគួរគិតរឿងមួយទៀតថា អ្នកដទៃខ្លះក៏មានមុខមាត់ ឬសម្លេងស្រដៀងយើង ជួនកាលយើងក៏មានមុខមាត់ ឬសម្លេងស្រដៀងអ្នកដទៃ បើទោះបីមិនជាប់សាច់ឈា.មគ្នាក្តី ហើយជួនកាលកូននិងឪបង្កើត មុខមិនដូចគ្នា មិនស្រដៀងគ្នាក៏មាន ឬកូននិងម៉ែសាច់ឈា.ម មុខមាត់មិនស្រដៀងគ្នាក៏មាន…។ តែយ៉ាងណា ខ្ញុំបាទនៅតែព្យាយាមជួយបង្ហាញ ឬជួយស្រាវជ្រាវរកយុត្តិធម៌ជូនអ្នកទាំងពីរជាបន្តទៀតតាមដែលអាចធ្វើទៅបាន»។
ដោយឡែកពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រធានក្រុមអ្នកស្រាវជ្រាវដំណើរខ្មែរ លោក វីរៈ វ៉ារ៉ានី ក៏បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា «ការពិនិត្យតេស្ត DNA ជាសិទ្ធិរបស់ក្រុមគ្រួសារ ពួកយើងទាំងអស់គ្នាមានសិទ្ធិត្រឹមតែជាការសំណូមពរតែប៉ុណ្ណោះ»។ លោកបញ្ជាក់ថា «យើងទាំងអស់គ្នា ត្រូវតែគោរពសិទ្ធិការសម្រេចរបស់ក្រុមគ្រួសារ ប៉ុន្តែបើសិនធ្វើតេស្ត DNA និងមានប្រយោជន៍ច្រើនទាំងក្រុមគ្រួសារ និងទាំងសង្គម»។
ជាការកត់សម្គាល់ ជុំវិញរឿងរ៉ាវខាងលើនេះ អតីតកីឡាករប្រដាល់គុនខ្មែរលោកបឺត សំរេច កាលពីពេលថ្មីៗនេះ បានចេញវីដេអូឃ្លីបមួយ ដោយលោកបានលើកឡើងថា «រហូតមកទល់នាពេលនេះ លោកមិនចង់អធិប្បាយអ្វីវែងឆ្ងាយឡើយ ព្រោះលោកបានលាក់បាំងរឿងនេះមកអស់រយៈពេលជាង៤០ឆ្នាំមកហើយ»។ លោកថា «បច្ចុប្បន្ន ខ្ញុំបានអ្វីខ្លះពីគាត់ (លោក ស៊ីន ស៊ីសាមុត) ហើយគាត់បានបន្សល់អ្វីខ្លះសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែនិយាយបរិយាយ ដើម្បីឲ្យបងប្អូនបានដឹងថា ខ្ញុំជាកូនរបស់គាត់ ហើយខ្ញុំមិនចង់តោងឈ្មោះគាត់ធ្វើជាមានបានអ្វីឡើយ កុំតែធ្វើបាបខ្ញុំទៅបានហើយ» ។
លោកបញ្ជាក់ថា «រឿងនេះ ដោយសារតែម្តាយខ្ញុំជាអ្នកអង្វរឲ្យលោកនិយាយទេ ដោយគាត់តែងប្រាប់ខ្ញុំថា ខ្ញុំចាស់ហើយ គាត់ស្តាយខ្ញុំ ឲ្យខ្ញុំនិយាយទៅ ក្រែងមានគេអ្នកស្រឡាញ់ប៉ា ហើយស្រឡាញ់ខ្ញុំ តើខ្ញុំចង់បានអ្វីពីបងប្អូន?។ បងប្អូនខ្លះមិនស្គាល់ពីភាពកំព្រាអត់ម៉ែ អត់ឪដូចខ្ញុំទេ»។
លោក បឺត សំរេច បានបន្ថែមថា «អ្វីដែលលោកធ្វើនេះ គឺដើម្បីម្តាយរបស់លោក ព្រោះគាត់កាន់តែចាស់ ហើយលោកមិនដែលចង់បានទ្រព្យអ្វី ឬពីក្រុមគ្រួសារប៉ារបស់លោកដែរ គឺមានតែជូនពរឲ្យពួកគាត់មានសេចក្តីសុខ និងអាយុវែងប៉ុណ្ណោះ និងសូមឲ្យបងប្អូនបង្កើតរបស់លោកប៉ុន្មាននាក់ដែលនៅសល់ទទួលបានសេចក្តីស្រឡាញ់ពីលោកដែលជាឈា.មជ័រដូចគ្នា ហើយនៅសល់ម្នាក់ដែរ»។
យ៉ាងណា បើតាមលោក ប៊ឺត សំរេច លោកបានស្នើឲ្យមហាជន សូមកុំវា.យប្រ.ហារមករូបលោក ហើយចាត់ទុកលោកជាអ្នកបំពុលសង្គម ព្រោះលោកនិយាយតែការពិតតែប៉ុណ្ណោះ ខណៈពេលដែលលោកសុំឲ្យអ្នកដែលរិះគន់លោកទៅជួបមុខផ្ទាល់ ហើយទៅមើលការពិនិត្យ DNA ជាមួយលោក ព្រោះលោកមិនមានអ្វីត្រូវលាក់បាំងនោះឡើយ។
គួររំលឹកថា ៖ ភស្តុតាងថ្មី! បទ«បុប្ផាកំពង់ហាវ» អាចទាក់ទងរវាងលោក ស៊ីន ស៊ីសាមុត និងម្តាយលោក បឺត សំរេច(វីដេអូ) ។ គួររំលឹកបន្តថា ៖ ក្រុមអ្នកស្រាវជ្រាវស្នើឱ្យ បឺត សំរេច ជួបកូនស្រីច្បងលោក ស៊ិន ស៊ីសាមុត ធ្វើតេស្ដ DNA ស្វែងរកការពិត(វីដេអូ)។ គួររំលឹកទៀតថា ៖ ផ្ទុះការភ្ញាក់ផ្អើល! អតីតកីឡាករប្រដាល់ ប៊ឺត សំរេច អះអាងថា ខ្លួនជាកូនលោក ស៊ិន ស៊ីសាមុត៕
ចែករំលែកព័តមាននេះ