ប្រវត្តិជីវិតសិល្បៈលោកស្រីស៊ិន សុវណ្ណារី អតីតអ្នកចម្រៀងដ៏ល្បីមួយរូបនៅជំនាន់ដើម
- ភ្នំពេញ
រាជធានីភ្នំពេញ៖ លោកស្រីស៊ិន សុវណ្ណារី ជាអតីតអ្នកចម្រៀងដ៏ល្បីមួយរូបនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាតួសម្តែងក្នុងខ្សែភាពយន្តរឿងនាងព្រាយសក់ពស់(ឆ្នាំ១៩៧៣) ។ លោកស្រីបានបាត់មុខពីរង្វង់សិល្បៈតាំងពីពេលលោកស្រីចូលនិវត្តន៍ ដោយសម្ងំសម្រាកថែសុខភាពព្រោះមានជំងឺប្រចាំកាយ ។
ក្រុមស្រាវជ្រាវដំណើរខ្មែរ កាលពីពេល ថ្មីៗកន្លងមកពណ៌នាថា កាលពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោកស្រីស៊ិន សុវណ្ណារី តែងតែបង្ហាញវត្តមាននៅលើឆាកសិល្បៈ នៃកម្មវិធីជាតិ ដោយតែងតែបង្ហើរសំនៀងដ៏ពីរោះជូនមហាជនស្ដាប់កម្សាន្ត តួយ៉ាងដូចជា បទវិលវិញមកបង ,បទទំនួញផ្កាស្លា ,បទភ្នំពេញជាដួងព្រលឹង ,បទសម្រស់កម្ពុជាថ្មី ,បទភ្នំពេញក្រោមរស្មីបដិវត្តន៍ ,បទជនរួមជាតិអើយ… ។
នៅក្នុងយុគសម័យព្រះរាជាណាចក្រកម្ពុជាទី២ លោកស្រីស៊ិន សុវណ្ណារី បានក្លាយជាអ្នកចម្រៀងសំណព្វព្រះទ័យនៃសម្តេចព្រះនរោត្តម សីហនុ ហើយចម្រៀងព្រះរាជនិពន្ធជាច្រើនត្រូវបានផលិតឡើងវិញដោយមានលោកស្រីជាអ្នកបកស្រាយ ។
លោកស្រីស៊ិន សុវណ្ណារី ជាអតីតនិស្សិតផ្នែកចម្រៀងសាកល នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនាចុងសម័យសង្គមរាស្ត្រនិយម ។ នៅឆ្នាំ១៩៧១ លោកស្រីបានច្រៀងបញ្ចូលក្នុងភាពយន្តឥណ្ឌា ហើយក្រោយមកបានច្រៀងឆ្លងឆ្លើយជាមួយលោកស៊ីន ស៊ីសាមុត សម្រាប់ផ្សាយក្នុងវិទ្យុជាតិផងដែរ ។
ក្រុមដំណើរខ្មែរ បានស្រាវជ្រាវរកឃើញចម្រៀងជាច្រើនបទរបស់លោកស្រីស៊ិន សុវណ្ណារី នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា និងសម័យព្រះរាជាណាចក្រកម្ពុជាទី២ ៕


ចែករំលែកព័តមាននេះ