រាជធានីភ្នំពេញ ៖ ចាត់ទុកថា នេះជារឿងដ៏គួឲ្យភ្ញាក់ផ្អើលជាថ្មីម្តងទៀត សម្រាប់វិស័យសិល្បៈខ្មែរ ក្នុងពេលដែលអតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះមួយរូប គឺលោក ប៊ឺត សំរេច បានអះអាងថា «ខ្លួនគឺជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីមុត» ក្នុងពេលលោកទើបតែទម្លាយរឿងរ៉ាវមួយនេះ នៅក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ កាលពីពេលថ្មីៗនេះ។
បើទោះបីជាការអះអាងរបស់លោក ប៊ឺត សំរេច កំពុងតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយក្តីសម្រាប់មហាជន ប៉ុន្តែយោងតាមការបកស្រាយពីអតីតកីឡាប្រដាល់រូបនេះ គឺអាចចំណុចសមហេតុផលខ្លះដែលអាចទទួលយកបានពីរឿងរ៉ាវមួយនេះ។
ដោយលោក ប៊ឺត សំរេច បានលើកឡើងថា «លោកគឺជាកូនរបស់ម្តាយ ដែលជាអ្នករាំរបាំព្រះរាជទ្រព្យនាសម័យសង្គម ហើយក៏ត្រូវជាសាច់ញាតិរបស់អ្នកមីង អង្គារ៉ា ដែលជាម្តាយចិញ្ចឹមរបស់លោកផងដែរ»។
លោកបញ្ជាក់ថា «អំឡុងពេលនោះ ឪពុករបស់លោក (លោក ស៊ីន ស៊ីសាមុត) បានរស់នៅជាមួយម្តាយលោក ដោយមានទម្ងន់លោកចំនួន៤ខែ នេះបើតាមម្តាយចិញ្ចឹមរបស់លោកបានរៀបរាប់ប្រាប់»។ លោកបន្តថា «លុះក្រោយ លោកកើតបាន៤ខែ ម្តាយរបស់លោកមានការខឹងសម្បារជាមួយនឹងឪពុកលោកដែលបានទៅរៀបការជាមួយនឹងអ្នកមីង អង្គារ៉ា ហើយក៏បានរត់ទៅស្រុកឡាវ ដែលជាទីកំណើត ព្រោះថា ម្តាយរបស់លោកគឺជាកូនកាត់ឡាវ ចិន ខ្មែរ»។
លោកបញ្ជាក់ថា «ម្តាយរបស់លោកឈ្មោះ ធីម វិជ្ជរ៉ា ហើយមានកូនតែលោកម្នាក់គត់ ដោយមុនបានគ្នាជាមួយឪពុកលោកនោះ គឺគាត់ជាស្ត្រីមេម៉ាយ មានអាជីពអ្នករាំរបាំព្រះរាជទ្រព្យ និងជាគ្រូពេទ្យម្នាក់នៅក្នុងស្រុកកំពុងលែង ខេត្តកំពង់ឆ្នាំង»។ លោកបន្តថា «លោកបានដឹងរឿងមួយនេះ ក្នុងពេលដែលលោកមានអាយុ១៤ឆ្នាំ ដោយសារម្តាយចិញ្ចឹមលោក គឺជាអ្នកប្រាប់ ខណៈពេលម្តាយបង្កើតលោកបានទៅយកស្វាមីមួយទៀតដែលជាជនជាតិថៃ និងមានកូនចំនួន៣នាក់»។
យ៉ាងណា បើតាមលោក ប៊ឺត សំរេច ថា «រឿងរ៉ាវមួយនេះ លោកមិនចង់ឲ្យអ្នកណាដឹងឡើយ ប៉ុន្តែដោយសារកន្លងមក នៅពេលដែលលោកទៅណាតែងតែមានគេថា អាកូនអត់ម៉ែ អត់ឪ ហើយលោកក៏មិនចង់ឲ្យគេថា ឲ្យលោកជាកូនឥតខាន់ស្លានោះដែរ»។ លោកបញ្ជាក់ថា «កាលពីអំឡុងលោកចាប់កំណើតពីផ្ទៃម្តាយ ហើយបានរត់មករស់នៅស្រុកកំណើតវិញនោះ ឪពុករបស់លោកក៏ធ្លាប់តាមមកយកម្តាយ និងលោកទៅវិញដែរ ប៉ុន្តែម្តាយលោកដាច់ខាតមិនត្រឡប់ទៅតាមឪពុកលោកវិញទេ ខណៈពេលលោកជាកូន ក៏ម្តាយរបស់លោកមិនអោយទៅនៅជាមួយឪពុកវិញដែរ»។
ទោះជាយ៉ាងណា លោក ប៊ឺត សំរេច បានបញ្ជាក់ថា «តាមពិត លោកក៏មិនចង់រំលឹករឿងពាក់ព័ន្ធជាមួយឪពុក (លោក ស៊ីន ស៊ីសាមុត) ដែរ ព្រោះលោកខ្លាចប៉ះពាល់ដល់ផ្លូវអារម្មណ៍ពីមហាជនដែលស្រឡាញ់ឪពុកលោក ដោយពួកគាត់អាចនឹងគិតថា យើងចេះតែនិយាយ ចេះតែប្រឌិត ដោយសារមូលហេតុផ្សេងៗសម្រាប់ផ្ទាល់ខ្លួន»។
លោកបន្ថែមថា «កន្លងមក ឪពុករបស់លោកបានហាមម្តាយលោកកុំឲ្យលោកល្បីឈ្មោះជាអ្នកសិល្បៈ ពោលគឺឪពុកលោកចង់ឲ្យលោកត្រឹមជាមនុស្សសាមញ្ញាម្នាក់ប៉ុណ្ណោះ ហេតុនេះនៅពេលដែលលោកមានអាយុ១៤ឆ្នាំ លោកក៏ចាប់ផ្តើមហាត់ប្រដាល់នៅក្នុងខេត្តបាត់ដំបងនេះតែម្តង»។
ជាអតីតអ្នកប្រដាល់គុនខ្មែរដ៏ល្បីមួយរូប លោក ប៊ឺត សំរេច ថា បច្ចុប្បន្ន លោកមានវ័យ៤៩ឆ្នាំ ហើយលោកបានរួចផុតពីការកា.ប់សម្លា.ប់ពីរបបខ្មែរក្រហម ដោយសារលោកបានចេញទៅរស់នៅប្រទេសឡាវជាមួយម្តាយ ខណៈពេលដែលម្តាយរបស់លោកបានទទួលមរណភាពអស់ជាច្រើនឆ្នាំមកហើយ»។
យ៉ាងណាជុំវិញរឿងរ៉ាវខាងលើនេះ គេនៅមិនទាន់អាចជឿជាក់នៅឡើយទេថា តើការអះអាងរបស់លោក ប៊ឺត សំរេច ជាកូនរបស់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុតនោះ ជាការពិតឬយ៉ាងណា? ខណៈពេលដែលកោះសន្តិភាពនៅមិនទាន់អាចទាក់ទងសុំការផ្តល់មតិយោបល់ពីសំណាក់ក្រុមអ្នកស្រាវជ្រាវភាពយន្ត និងចម្រៀងខ្មែរ គឺក្រុមព្រះសុរិយា និងដំណើរខ្មែរ បាននៅឡើយទេ៕
ចែករំលែកព័តមាននេះ