នាំយកអត្តសញ្ញាណជាតិទៅកាន់ពិភពលោក! រី ស្រីនេត គ្រងឈុត «ស្បៃខ្មែរ» ក្នុងដំណើរចាកចេញទៅប្រកួតលើឆាកអន្តរជាតិ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តារាសម្តែងនាង រី ស្រីនេត បានសម្រេចគ្រងឈុតស្បៃខ្មែរយ៉ាងស្រស់ស្អាតសម្រាប់ពាក់នៅជាប់នឹងខ្លួនរបស់នាង ក្នុងដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញា Miss Asia Pacific International ដែលនឹងរៀបចំធ្វើឡើងនៅក្នុងប្រទេសហ្វីលីពីន ។
ការជ្រើសរើសការគ្រងឈុតស្បែខ្មែរនៅក្នុងការធ្វើដំណើរសម្រាប់ការប្រកួតសម្រស់ខាងលើនេះ ត្រូវបាន រី ស្រីនេត ចាត់ទុកថា គឺជាការនាំយកអត្តសញ្ញាណ និងមរតកខ្មែរជាមួយនឹងស្បៃខ្មែរ ដែលជាផ្នែកមួយនៃភាពស្រស់ស្អាត និងវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរបង្ហាញទៅកាន់ពិភពលោក ។
ជាមួយការបង្ហោះវីដេអូបង្ហាញសកម្មភាពជួបជុំអ្នកគាំទ្រ ក្នុងដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នេះ រី ស្រីនេត បានភ្ជាប់ជាមួយនឹងសំណេរថា នេះជាពេលវេលា ដែលរូបនាងខ្ញុំរង់ចាំជាយូរមកហើយ…ជាមួយនឹងដំណើរថ្មីមួយទៀត ក្នុងការចេញទៅប្រកួត Miss Asia Pacific International ។
នាងបន្តថា មុននឹងចាប់ផ្តើមដំណើរនេះ រូបនាងខ្ញុំសូមជ្រើសរើសពាក់ស្បៃខ្មែរ ដោយមោទនភាព ដើម្បីនាំយកអត្តសញ្ញាណ និងមរតកខ្មែរជាមួយខ្លួន ។ ជាមួយនឹងស្បៃខ្មែរ ដែលជាផ្នែកមួយនៃភាពស្រស់ស្អាត និងវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ ។
ខ្ញុំសង្ឃឹមថា នឹងអាចបង្ហាញទៅកាន់ពិភពលោកថា Khmer heritage is not only beautiful, but also carries a story, identity, and pride. ។
នាងថា គ្រប់ជំហានរបស់ខ្ញុំ នឹងមានក្តីស្រឡាញ់ និងការគាំទ្រពីពុកម៉ែបងប្អូនខ្មែរជានិច្ច។
ជាការកត់សម្គាល់ កញ្ញា រី ស្រីនេត គឺជាតារាស្រីដ៏មានឥទ្ធិពល និងប្រកបដោយទេពកោសល្យខាងផ្នែកសិល្បៈគ្រប់ទម្រង់ ហើយកាលពីចុងខែ ឧសភា ឆ្នាំ ២២០៦ កន្លងមកនេះ នាងថែមទាំងបានទទួលមកុដ Miss Asia Pacific Cambodia 2026 ផងដែរ ហើយវត្តមានរបស់ រី ស្រីនេត នៅក្នុងវិស័យបវរកញ្ញាកាន់តែផ្ទុះខ្លាំង ជាពិសេសនាងមានទម្រង់មុខនិងសម្បុរជាកូនខ្មែរសុទ្ធសាធ ។
មុនក្លាយជាបេក្ខភាព Miss Asia Pacific Cambodia 2026 នាពេលនេះ រី ស្រីនេត ក៏ធ្លាប់ជាបវរកញ្ញាដ៏លេចធ្លោមួយរូបក្នុងកម្មវិធីប្រកួត MGC 2024 ដ្បិតតែកាលនោះនាងទទួលបានត្រឹមជ័យលាភីរងទី១ មែន ប៉ុន្តែនាងក៏ទទួលបានការស្រឡាញ់គាំទ្រច្រើន និងមានទីផ្សារខ្លាំងក្នុងវិស័យនេះមិនធម្មតាដែរ ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការចេញទៅប្រកួតកម្មវិធីប្រឡងកញ្ញា Miss Asia Pacific Cambodia 2026 ដែលឡើងនៅប្រទេសហ្វីលីពីន នាពេលនេះ រី ស្រីនេត បានបញ្ជាក់ថា នាងនឹងលើកយក សិល្បៈវប្បធម៌ខ្មែរដ៏សម្បូរបែប ទៅបង្ហាញលើឆាកអន្តរជាតិ ខណៈពេលដែលអ្នកគាំទ្របង្ហាញក្តីរំពឹងពីការទទួលបានជោគជ័យសម្រាប់ការប្រកួតរបស់នាងនាពេលនេះផងដែរ ៕



ចែករំលែកព័តមាននេះ