រាជធានីភ្នំពេញ ៖ ប៉ុន្មានថ្ងៃកន្លងមកនេះ ករណីអតីតកីឡាករ បឺត សំរេច ដែលធ្លាប់មានឈ្មោះល្បីល្បាញក្នុងវិស័យកីឡាប្រដាល់ បានឡើងបកស្រាយចម្រៀងនៅក្នុងកម្មវិធីមួយ ហើយបានអះអាងថា រូបគាត់គឺជាកូនប្រុសបង្កើតរបស់អធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត» ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង និងមានការជជែកវែកញែកជាហូរហែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
យ៉ាងណា ក្រុមអុ្នកស្រាវជ្រាវជំនាញផ្នែកចម្រៀង និងភាពយន្តទសវត្សរ៍៦០ និង៧០ បានស្នើឲ្យលោក បឺត សំរេច ទៅជួបកូនស្រីច្បងរបស់លោក ស៊ិន ស៊ីសាមុត ដែលនៅរស់រហូតដល់បច្ចុប្បន្ននេះ ធ្វើតេស្ដ DNA ដើម្បីបញ្ជាក់ការពិតឲ្យបានច្បាស់លាស់ ចៀសវាងការភាន់ច្រឡំ និងការមន្ទិលពីមហាជន។
លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ និងជាអ្នកស្រាវជ្រាវដ៏ជំនាញផ្នែកចម្រៀង និងភាពយន្តទសវត្សរ៍៦០ និង៧០ បានបង្ហោះវីដេអូខ្លីមួយ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ដោយនៅក្នុងនោះ លោកបានលើកអំណះអំណាងជាច្រើនទាក់ទិននឹងការលើកឡើងរបស់លោក បឺត សំរេច ដែលទម្លាយថា «លោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាសលោក ស៊ិន ស៊ីសាមុត»។
បើតាមការលើកឡើងរបស់លោក វីរៈ វ៉ារ៉ានី មាន២ចំណុចជុំវិញករណីនេះ ក្នុងនោះចំណុចទី១ តាមការសាកសួរពីមិត្តសិល្បករជាច្រើន ហើយក្នុងនោះក៏មានព្រះរាជវង្សានុវង្ស បានអោយដឹងថា «លោកស្រី ឈឺន អង្គារ៉ា មានទំនាក់ទំនងស្នេហាជាមួយលោក ស៊ិន ស៊ីសាមុត តាំងតែពីឆ្នាំ១៩៦៤ ឬ៦៥ មកម្ល៉េះ។ ហើយលោក ស៊ិន ស៊ីសាមុត និងលោកស្រី ឈឺន អង្គារ៉ា មានកូនជាមួយគ្នាដល់ទៅ៣នាក់ ហើយកូនទី៣នោះ គឺជាទារកដែលកើតនៅវត្តចំប៉ា ក្នុងថ្ងៃខ្មែរក្រហមជម្លៀសប្រជាជនចេញពីរដ្ឋធានីភ្នំពេញនោះ។
លោកបញ្ជាក់ថា ដោយឡែកចំពោះឈ្មោះ ធីម វិជ្ជារ៉ា ដែលលោក បឺត សំរេច អះអាងថា ជាម្តាយខ្លួន ហើយជាអ្នករបាំម្នាក់ក្នុងព្រះបរមរាជវាំងនោះ គឺលោកបានសាកសួរលោកគ្រូ អ្នកគ្រូ និងសិល្បករ សិល្បការិនី ធ្លាប់បម្រើការនៅក្នុងវង់របាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំងមុនឆ្នាំ១៩៧៥ ជាច្រើនរូបរួចមកហើយ តែមិនមាននរណាម្នាក់ស្គាល់ឈ្មោះនេះឡើយ។
លោក វីរៈ វ៉ារ៉ានី បានលើកឡើងបន្ថែមទៀតថា បើតាមការរៀបរាប់របស់លោក បឺត សំរេច អាចមានការភ្លេចភ្លាំង ឬខុសឆ្គងមួយចំនួន ព្រោះលោកស្តាប់រឿងទាំងនោះពីម្តាយចិញ្ចឹមរបស់លោក។ ហេតុនេះ លោកស្នើឱ្យ បឺត សំរេច និងក្រុមគ្រួសារលោក ស៊ិន ស៊ីសាមុត ដែលសព្វថ្ងៃនៅសេសសល់កូនស្រីច្បងម្នាក់ អាចធ្វើ DNA ដើម្បីបញ្ជាក់ការពិតនេះ។
គួររម្លឹកផងដែរថា បើតាមការស្រាវជ្រាវរបស់លោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរ បានឱ្យដឹងថា លោក ស៊ិន ស៊ីសាមុត មានងារជាអធិរាជសំឡេងមាស បានរៀបមង្គលការពេញច្បាប់ជាមួយលោកស្រី ខោ ថុងញ៉ុក នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៥០ និងមានកូនរួមគ្នាចំនួន៤នាក់ ហើយកូនស្រីច្បងរបស់លោកនៅមានជីវិតមកដល់សព្វថ្ងៃ។ នៅពាក់កណ្តាលទសវត្សរ៍៦០ លោក ស៊ិន ស៊ីសាមុត ក៏មានទំនាក់ទំនងស្នេហាជាមួយនឹងលោកស្រី ឈឺន អង្គារ៉ា ដែលជាអ្នករបាំព្រះរាជទ្រព្យដ៏ល្បីល្បាញ។
លោកបញ្ជាក់ថា បើយោងតាមប្រសាសន៍លោក ហិ ជិនសិ អតីតតន្ត្រីករ និងជាជំនួយការផ្ទាល់របស់លោក ស៊ិន ស៊ីសាមុត បានអះអាងថា នៅឆ្នាំ១៩៧១ ពេលលោក ស៊ិន ស៊ីសាមុត ផលិតខ្សែភាពយន្តរឿង «ចម្រៀងឥតព្រៀងទុក» លោកស្រី ឈឺន អង្គារ៉ា បានដើរតួនាទីសំខាន់ណាស់ គឺជាអ្នកគ្រប់គ្រងលើការផលិតទាំងស្រុងតែម្តង ហើយលុះដល់ពេលបញ្ចាំងភាពយន្តនេះ នាដើមឆ្នាំ១៩៧២ លោកស្រី ឈឺន អង្គារ៉ា ជាអ្នកទូទាត់ថវិកាថែមទៀត។
ជាការកត់សម្គាល់ បើយោងតាមការលើកឡើងរបស់លោក បឺត សំរេច បានរៀបរាប់ថា ម្តាយរបស់លោកមានទំនាក់ទំនងស្នេហាជាមួយលោក ស៊ិន ស៊ីសាមុត នៅក្នុងរយៈពេលខ្លី ហើយម្តាយរបស់លោកឈ្មោះ ធីម វិជ្ជរ៉ា ជាសិល្បការិនីរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង ហើយទំនាក់ទំនងស្នេហារបស់ម្តាយលោក និងលោក ស៊ិន ស៊ីសាមុត នេះគឺកើតឡើងមុន លោកស្រី ឈឺន អង្គារ៉ា។
លោក បឺត សំរេច បានបញ្ជាក់ថា លោកកើតនៅក្នុងឆ្នាំ១៩៧៤ ហើយម្តាយរបស់លោកបានផ្តាច់ទំនាក់ទំនងពីលោក ស៊ិន ស៊ីសាមុត ក្រោយពីលោក ស៊ិន ស៊ីសាមុត រៀបការជាមួយលោកស្រី ឈឺន អង្គារ៉ា។ យ៉ាងណា បើតាមលោក វីរៈ វ៉ារ៉ានី រហូតមកទល់នាពេលនេះ លោកមិនអាចធានាអះអាងថា ការលើកឡើងពីលោក បឺត សំរេច ថា ជាកូនប្រុសបង្កើតរបស់លោក ស៊ិន ស៊ីសាមុត នោះជាការពិតឬយ៉ាងណាឡើយ0x017d7 ប៉ុន្តែដើម្បីបញ្ជាក់ការពិតបាននោះ គឺមានតែការពិនិត្យ DNA តែប៉ុណ្ណោះ ដែលជាភស្តុតាងបែបវិទ្យាសាស្ត្រមិនអាចកាឡៃបានឡើយ។
គួររំលឹកថា ៖ ផ្ទុះការភ្ញាក់ផ្អើល! អតីតកីឡាករប្រដាល់ ប៊ឺត សំរេច អះអាងថា ខ្លួនជាកូនលោក ស៊ិន ស៊ីសាមុត ៕
ចែករំលែកព័តមាននេះ