រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ រឿងរ៉ាវរបស់លោក បឺត សំរេច ដែលអះអាងថា លោកគឺជាកូនប្រុសបង្កើតរបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត នៅតែមានការជជែកវែកញែកគ្នាពីស្រទាប់មហាជន និងនៅតែមានមតិមិនស្របគ្នានៅឡើយ បើទោះបីជាក្រុមអ្នកស្រាវជ្រាវមួយចំនួន ធ្លាប់បានបង្ហាញភស្តុភាងខ្លះៗបញ្ជាក់ថា តើរឿងនេះពិត ឬមិនពិតក៏ដោយ?។

យ៉ាងណាក៏ដោយ នៅពេលនេះតារាចម្រៀងលោក សុះ ម៉ាច បានបង្ហាញពន្លឺថ្មីមួយទៀតសម្រាប់ការសិក្សាស្រាវជ្រាវស្វែងរកភស្តុតាងបន្ថែមទៀត ជុំវិញរឿងរ៉ាវមួយនេះ។ ហើយការស្រាវជ្រាវថ្មីនោះ ត្រូវបានលោក សុះ ម៉ាច លើកឡើងថា «គឺការនាំ បឺត សំរេច ចុះទៅដល់ទល់ដែនឡាវ និងថៃ ដែលជាទីម្តាយ និងលោក បឺត សំរេច ធ្លាប់រស់នៅ ខណៈពេលដែលការងារនេះ ត្រូវបានជួយជ្រោមជ្រែងពីលោកឧកញ៉ា សៀង ណាំ»។
តាមរយៈសំណេរដែលបង្ហោះនៅលើបណ្តាញសង្គម លោក សុះ ម៉ាច បានលើកឡើងថា «ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀងណាំ ជាមន្ត្រីដ៏ឆ្នើមមួយរូប ដែលបានរួមចំណែកកសាងប្រទេសជាតិ ជាពិសេសទឹកដីខេត្តសៀមរាប។ កំឡុងពេលយុទ្ធនាការបោះឆ្នោតចុងបញ្ចប់ថ្ងៃទី២១ ខែកក្កដា នៅស្រុកក្រឡាញ់ ខេត្តសៀមរាប លោកបានផ្តល់ឱកាសឲ្យខ្ញុំបាទ និងប្អូន បឺត សំរេច ជួបជាមួយគ្នា»។

លោកបញ្ជាក់ថា «វេលា២ថ្ងៃដែលខ្ញុំនិងបឺត សំរេច ជួបគ្នាតាំងពីធ្វើដំណើររួមគ្នាពីភ្នំពេញ ក៏ដូចជាការស្នាក់នៅ និងការជួបជជែកជាមួយលោកឧកញ៉ា ខ្ញុំបានដឹងរឿងរ៉ាវច្រើនពី បឺត សំរេច ដែលបានរៀបរាប់»។
លោកថា «លោកឧកញ៉ា សៀង ណាំ មានបំណងស្រាយចម្ងល់មហាជនពាក់ព័ន្ធនឹង បឺត សំរេច ក្រៅពីការធ្វើតេស្តតាមរយៈវិទ្យាសាស្ត្រ DNA ដែលត្រូវចំណាយថវិកាច្រើន ខ្ទង់ម៉ឺនដុល្លារ ដោយមានការយល់ព្រមពីក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ក៏ដោយ (តាមការបញ្ជាក់ពី បឺត សំរេច) លោកបានជជែកជាមួយខ្ញុំ និងបឺត សំរេច ថា លោក សុខចិត្តចំណាយពេលជូន បឺត សំរេច ចុះស្រាវជ្រាវដល់ទឹកដីឡាវ និងថៃ ជាទីកន្លែងដែលម្តាយ ក៏ដូចជា បឺត សំរេច ធ្លាប់រស់នៅ ដើម្បីបានឯកសារ ក៏ដូចជាភស្តុតាងខ្លះបញ្ជាក់ឱ្យច្បាស់ជូនដល់ប្រិយមិត្តមហាជន ឱ្យលោកបានជ្រាបច្បាស់ពី បឺត សំរេច និងអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត ចៀសវាងការចំណាយថវិកាច្រើនទៅលើរឿងនេះ ដោយសារប្អូន បឺត សំរេច ពុំមានលទ្ធភាព។ ហើយសង្ឃឹមថា វាំងនននឹងបើកឱ្យឃើញការពិតច្បាស់ៗក្នុងពេលខ្លីខាងមុខមិនខាន»។

យ៉ាងណា បើតាមលោក សុះ ម៉ាច ថា សូមមហាជន មេត្តាអធ្យាស្រ័យដល់ការស្រាវជ្រាវរបស់ប្អូន សេង តារា ក៏ដូចជាវីរះវ៉ារ៉ាឌីផងដែរ ។ ពួកគាត់គ្មានចេតនាអ្វីក្រៅពីស្វែងរកការពិត និងការស្រាយចម្ងល់ជូនមហាជនពាក់ព័ន្ធនឹងជីវិត បឺត សំរេច បើគ្មានពួកគាត់ខំចំណាយពេល ជួបសាក្សីកន្លងមក នោះការពិត ក៏ដូចជាពន្លឺខ្លះ ក៏នឹងពិបាកកើតមានដែរ។ អ្នកស្រាវជ្រាវដែលមានវិជ្ជាជីវៈជួបបញ្ហា២ គឺគុណសម្បត្តិ និងគុណវិបត្តិ បើស្រាវជ្រាវជួបមនុស្សពិតព័ត៌មានក៏ពិត បើជួបមនុស្សស្រពិចស្រពិលព័ត៌មានក៏មិនច្បាស់ រងការវា.យប្រ.ហា.រមិនខាន។ សង្ឃឹមថា ប្រិយមិត្តមហាជនលោកនឹងយល់ រីឯសំណេររបស់ខ្ញុំក៏គ្មានចេតនាការពារនរណាម្នាក់នោះទេ ខ្ញុំជាមនុស្សឈរតែជំហរកណ្តាលទេ»។
គួររំលឹកថា ៖ ភរិយាដើមលោក ស៊ីន ស៊ីសាមុត ចេញមុខបដិសេធការពិនិត្យ DNA ជាមួយបឺត សំរេច(វីដេអូ) ៕










ចែករំលែកព័តមាននេះ