រាជធានីភ្នំពេញ ៖ តារាចម្រៀងលោក សុះ ម៉ាច បានចេញមុខបញ្ជាក់យ៉ាងញ័រមាត់ពាក់ព័ន្ធទៅនឹងរឿងការចោទប្រកាន់របស់លោក បឺត សំរេច មកលើក្រុមគ្រួសាររបស់អធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ថា «បានទាមទារពីលោកនូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ សម្រាប់ជាថ្នូរនៅក្នុងការអនុញ្ញាតឲ្យពិនិត្យ DNA» ។
តាមរយៈបទសម្ភាសន៍ផ្ទាល់ពីលោក សុះ ម៉ាច ជាមួយក្រុមគ្រួសារ លោក ស៊ីន ស៊ីសាមុត កាលពីពេលថ្មីៗនេះ កូនស្រីច្បងរបស់អធិរាជសម្លេងមាស បានធ្វើការបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ខាងលើនេះ ដោយនៅក្នុងក្រួមសាររបស់លោក ស៊ីន ស៊ីសាមុត បញ្ជាក់ថា «អ្នកស្រីមិនដែលបានទូរស័ព្ទទៅលោក បឺត សំរេច ម្តងណាឡើយ ខណៈពេលដែលអ្នកស្រីក៏មិនដែលបានស្គាល់ និងលេខទូរស័ព្ទរបស់លោក បឺត សំរេច នោះឡើយ»។
ក្នុងវីដែអូដែលត្រូវបានបង្ហោះតាមបណ្តាញសង្គម លោក សុះ ម៉ាច បានអះអាងថា «លោកបានលឺនឹងត្រចៀកពីការនិយាយដោយផ្ទាល់មាត់របស់លោក បឺត សំរេច ថា មានគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បានខលមកលោកថា បើចង់ធ្វើតេស្ត DNA ត្រូវឲ្យលុយចំនួន២ម៉ឺនដុល្លារជាមុនសិន»។
លោកបញ្ជាក់ថា «ចំណុចនេះ ក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត បានធ្វើការបដិសេធចោលទាំងស្រុង ហើយលោកបានស្នើឲ្យលោក បឺត សំរេច និងមហាជនមួយចំនួនឲ្យបញ្ចប់រឿងនេះជាបន្ទាន់ ហើយកុំមានការភាន់ច្រឡំ និងវា.យប្រហា.រមកលើគ្រួសារលោក ស៊ីន ស៊ីសាមុត ដោយមិនមានមូលដ្ឋានច្បាស់លាស់»។
លោកបន្ថែមថា «អ្វីដែលលោកធ្វើនាពេលនេះ គឺមិនមានគោលបំណងចង់បានកេរ្តិ៍ឈ្មោះល្បីដោយសារតែរឿងនេះឡើយ ដោយលោកធ្លាប់ល្បីរួចហើយ ប៉ុន្តែលោកគ្រាន់តែឈឺចាប់ចំពោះក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត ហើយក៏ចង់ដឹងការពិតពីរឿងនះ ដើម្បីរកភាពយុត្តិធម៌សម្រាប់គ្រួសារមួយនេះតែប៉ុណ្ណោះ»។
លោកបន្តថា «លោក ស៊ីន ស៊ីសាមុត ជាមនុស្សដែលលោកស្រឡាញ់ និងគោរពជាទីបំផុតដោយលោកតែងតែអុជធូបគោរពបូជាជាមួយរូបថតឪពុកលោក ខណៈពេលដែលក្រុមគ្រួសាររបស់លោក ស៊ីន ស៊ីសាមុត ក៏ជាមនុស្សដែលលោករាប់អានដោយស្មោះតាំងពីលោក ស៊ីន ចាន់ឆៃយ៉ា នៅរស់រានមានជីវិតមកម្ល៉េះ។ ដូច្នេះ សូមកុំបង្កើតរឿងអយុត្តិធម៌ចំពោះក្រុមគ្រួសារគាត់តទៅទៀត ជាពិសេស បឺត សំរេច បើអាចឈប់បានឈប់ទៅ ព្រោះពេលនះ សំរេច មានជីវភាពគ្រាន់បើដែរហើយ។ បើទោះបីជាមានជាឈា.មជ័រ ឬមិនមែនជាឈា.មជ័រជាមួយលោក ស៊ីន ស៊ីសាមុត ក៏ដោយ ប៉ុន្តែ សំរេច ក៏ត្រូវបានមហាជនទទួលស្គាល់ថា ច្រៀងពីរោះ ហើយលោកសុំសរសើរសម្លេង សំរេច ផងដែរ»។
លោកនិយាយថា «ខ្ញុំធ្វើនេះ មិនចង់ធ្វើសត្រូវជាមួយ បឺត សំរេច ឡើយ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានមកជួបគ្រួសារលោក ស៊ីន ស៊ីសាមុត ផ្ទាល់ ហើយបើ សំរេច ថា មិនបាននិយាយរឿងទារលុយ២ម៉ឺនដុល្លារ ដើម្បីធ្វើតេស្ត DNA ទេ ខ្ញុំ រួមទាំងលោកឧកញ៉ា សៀង ណាំ ជាសាក្សី។ ហើយដោយសារគិតថា ការធ្វើតេស្តត្រូវចំណាយច្រើន នេះហើយបានជាខ្ញុំ និងលោកឧកញ៉ា សុខចិត្តជូន បឺត សំរេច ទៅកាន់ទឹកដីថៃ និងឡាវ ដើម្បីស្វែងរកភស្តុតាងនៅទីនោះ ដើម្បីបញ្ជាក់ ការពិត»។
យ៉ាងណា បើតាមលោក សុះ ម៉ាច ថា «កន្លងមក លោកមិនដែលចេញមុខនិយាយអ្វីពាក់ព័ន្ធជាមួយអ្នកណាម្នាក់ឡើយ ប៉ុន្តែសម្រាប់ក្រុមគ្រួសារលោក ស៊ីន ស៊ីសាមុត មួយ គឺលោកការពារក្នុងនាមលោកជាអ្នកស្រឡាញ់អ្នករាប់អានគ្នាតាំងពីឪពុករហូតដល់កូន»។
លោកបញ្ជាក់ថា «កន្លងមក មានមហាជនខ្លះបានសួរលោកពាក់ព័ន្ធទៅនឹងលោក បឺត សំរេច ដែលចេញថា ជាកូនបង្កើតរបស់លោក ស៊ីន ស៊ីសាមុត នេះដែរ ដោយពេលនោះលោកមិនអាចឆ្លើយអ្វីបានឡើយ ដោយលោកសុំឈរនៅកណ្តាល ព្រោះលោកត្រូវចាំការរកភស្តុតាងមកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន»។ លោកថា «ក្នុងករណីដែលភរិយាដើមរបស់លោក ស៊ីន ស៊ីសាមុត ដែលកំពុងនៅមានជីវិតនៅឡើយទទួលស្គាល់ បឺត សំរេច នោះ លោកនឹងទទួលស្គាល់ដូចគ្នា»។
គួររំលឹកថា ៖ លោក បឺត សំរេច ដាក់ពាក្យទៅតុលាការសុំប្តូរនាមត្រកូលតាមឪពុកលោក ស៊ីន ស៊ីសាមុត ៕
ចែករំលែកព័តមាននេះ