រាជធានីភ្នំពេញ ៖ តារាចម្រៀង អ្នកនាង ពេជ្រ សូលីកា បានចាត់ទុកព្រឹត្តការណ៍សិល្បៈដែលមានឈ្មោះថា «ខ្លឹមព្រះនគរ» ដែលផ្តួចផ្តើមរៀបចំដោយទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ គឺជាការធ្វើឡើងកើតចេញពីបេះដូងដែលស្នេហាវប្បធម៌ជាតិពិតមិនក្លែងបន្លំ ។

ក្នុងនាមជាមិត្តភក្តិជិតស្និទ្ធិម្នាក់ ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍រីករាយចំពោះ ទេព បូព្រឹក្ស ផងដែរ នៅពេលដែលឃើញ ទេព បូព្រឹក្ស មានក្តីសុខជាមួយអ្វីដែលនាងបានធ្វើចេញពីបេះដូងនាពេលនេះ ខណៈពេលដែលព្រឹត្តការណ៍មួយនេះបានទទួលការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ទស្សនិកជន ។

ពេជ្រ សូលីកា បានបង្ហោះសំណេររបស់ខ្លួននៅលើបណ្តាញសង្គមថា ឯងធ្វើវាបានល្អបំផុតហើយ គ្នាសប្បាយចិត្តពេលឃើញឯងមានក្ដីសុខជាមួយអ្វីដែលឯងចង់ធ្វើចេញពីបេះដូងឯងមិនថា ក្នុងកាលៈទេសៈណាមិត្តម្នាក់នេះ តែងតែគាំទ្រត្រេកអរ ហើយគោរពតាមការសម្រេចចិត្តរបស់ឯងជានិច្ច ព្រោះគ្នាពិតជាបានទទួលនូវអារម្មណ៍ចេញពីបេះដូងដែលស្នេហាវប្បធម៌ជាតិពិតមិនក្លែងបន្លំមួយវិនាទីណារបស់ឯងពិតៗ ។ នាងបញ្ជាក់ថា ឯងធ្វើចេញពីចិត្តនឹងបេះដូង ទើបឯងទទួលបានក្ដីស្រលាញ់ដ៏កក់ក្ដៅមួយនេះ I’m so proud of you Tep Boprek ។

ដោយឡែក សម្រាប់តារាចម្រៀងអ្នកនាង ទេព បូព្រឹក្ស បន្ទាប់ពីរៀបចំព្រឹត្តការណ៍«ខ្លឹមព្រះនគរ»បញ្ចប់ដោយជោគជ័យនោះ នាងក៏បានបង្ហោះសំណេររបស់ខ្លួនដែរថា នាងខ្ញុំ ព្រមទាំងស្វាមី សូមគោរពអរគុណដល់គណៈអធិបតី ព្រមទាំងសិល្បករ សិល្បការិនី អ្នកផលិតមាតិការ ស្ថាប័នសារព័ត៌មាន ព្រមទាំងបងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានចូលរួមជាកម្លាំងចលករដ៏អង់អាចមួយដើម្បីពង្រឹងរក្សារំលឹកនិងលើកស្ទួយដួងព្រលឹងជាតិ យើងខ្ញុំមានមោទនភាពដែលបានធ្វើអោយកម្មវិធីមានវត្តមានឡើងនៅក្នុងកាលៈទេសៈមួយដែលប្រជាជាតិយើងមានសាមគ្គីភាពរួបរួមគ្នា ដើម្បីបូរណភាពដែនដីកម្ពុជានៃយើង ។

ខ្ញុំសូមផ្ញើទស្សនីយភាពខ្លឹមនៃព្រះនគរ ទុកជាតឹកតាងប្រវត្តិសាស្ត្រនៃយុគសម័យថ្មីនៃការបូកបញ្ចូលគ្នារវាងសិល្បៈវប្បធម៌បុរាណ និងសម័យរួមដំណើរលើកស្ទួយគ្នានៅលើវិថីតែមួយ នាងខ្ញុំ ទេព បូព្រឹក្ស ដែលជាអ្នកចងក្រងផ្តួចផ្តើមនៃកម្មវិធីនេះ ក៏អាចធ្វើដំណើររលូនទៅបានក៏ដោយសារមានសេចក្តីទុកចិត្ត ពីមហាជនខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូអ្នកគ្រូព្រឹទ្ធាចារ្យដែលមានទំនុកចិត្តនឹងជួយជ្រោមជ្រែងដល់ខ្ញុំ ។

នាងបញ្ជាក់ថា នាងខ្ញុំ ទេព បូព្រឹក្ស នឹងសន្យាប្រឹងប្រែងពង្រឹងបន្ថែមនូវការចូលរួម ដើម្បីថែរក្សានូវសម្បត្តិ បេតិកភណ្ឌរូបី និងអរូបី ដោយកិត្តិនាម ដោយលទ្ធភាព ដោយសម្ថភាព និងដោយឧបនិស្ស័យនៃឈាមជ័របុព្វបុរសនគរខ្មែរ 🇰🇭សូមទទួលយកដោយខ្ពង់ខ្ពស់បំផុតអំពីនាងខ្ញុំព្រះករុណាខ្ញុំ ទេព បូព្រឹក្ស ។

ចំណែកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកព្រឹត្តការណ៍ «ខ្លឹមព្រះនគរ» នាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីសិល្បៈវប្បធម៌ដ៏អស្ចារ្យរបស់ជាតិ ដែលជាកេរ្តិ៍មរតករបស់ដូនតាខ្មែរ ដល់យុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សា ការពារមរតកវប្បធម៌ជាតិដ៏ផូរផង់នេះ ៕


ចែករំលែកព័តមាននេះ